អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តប៉ៃលិនប្រកាសដាក់អោយដំណើរការ ជាផ្លូវការ


ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង វិស័យឯកជន សំដៅឆ្លើយតបនឹងវត្ថុបំណងនៃអភិបាលកិច្ចល្អ ដែលជាស្នូល​នៃយុទ្ធ​សាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តប៉ៃលិនបានប្រកាសដាក់ឲ្យដំណើរជាផ្លូវការ នូវ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាល​រង​ខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី ប្រធាន​អនុ​ប្រធានមន្ទីរ អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធ ជាច្រើន​ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់  ចាន់ធុល​ អភិបាលខេត្តប៉ៃលិន បានថ្លែង​អំណរ​គុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ព្រមទាំង មន្ទីរអង្គភាពពាក់ព័ន្ធ និង គណៈកម្មាធិការបច្ចេកទេស ដែលបានចូលរួមសហការរៀបចំប្រកាស​ដាក់អោយ​ដំណើរការអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត។ ឯកឧត្តមបានមាន​ប្រសាសន៍​ថា៖​ ​ដើម្បីរួមចំណែកអនុវត្ត​​នូវកម្មវិធីកំណែ​​​​ទម្រង់​​វិមជ្ឈការ ​​​​​​និង វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​មហាផ្ទៃ ​បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និងការិ​យាល័យប្រជាពលរដ្ឋ នៅតាម​រដ្ឋបាលខេត្ត ​​ក្រុង ស្រុក ក្នុងគោលបំណង​បង្កើនការលើកកម្ពស់គុណភាពការ​ផ្តល់សេវារដ្ឋបាលជូន​ប្រជា​ពលរដ្ឋ អោយមាន​ប្រសិទ្ធិភាព ។ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាល​ដែល​ប្រជាពលរដ្ឋត្រូវការចាំបាច់ឲ្យ​ទាន់​ពេល​វេលា និងតាមនីតិវិធីសាមញ្ញ និងជាកន្លែង​​ប្រមូល​ផ្តុំ​សេវា​កម្ម និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ដើម្បីអោយប្រជាពលរដ្ឋ ​មក​ទទួល​ទម្រង់​បែបបបទ និងទទួលបាននៅ​ព័ត៌មាន​​គ្រប់គ្រាន់ ច្បាស់​លាស់​​ពីការផ្តល់​​សេវា​រដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវារដ្ឋបាល សំរាប់ផ្តល់លទ្ធផល​សំរេចជាផ្លូវការ​លើ​សេចក្តី​ស្នើសុំពីប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏ជំរុញ​និងណែ​នាំដល់មន្ទីរជំ​នាញទាំង១២មន្ទីរអ្គភាព ដែលមានភារៈកិច្ចនៅក្នុងការិយាល័យច្រកចេញចូលតែមួយ នៃ រដ្ឋបាលខេត្តប៉ៃលិន​ត្រូវ​ពង្រឹងសមត្ថភាពចំណេះដឹង និង ជំនាញ  ប្រកប​ដោយ​ក្រម​សីលធម៌​ និង​មនសិការ​វិជ្ជាជីវៈ ដើម្បីរួមចំណែក​ឆ្លើយតបទៅ​នឹងការអនុវត្ត និងផ្តល់​សេវា​អោយបានទាន់​ពេលវេលាតាម​តំរូវការរបស់បងប្អូន​ប្រជាពលរដ្ឋ ​ និង ​រួម​ចំណែក​ជា​មួយ​រាជរដ្ឋា​ភិបាល​ក្នុង​ការ​កែទម្រង់​ការ​ផ្ដល់​សេវា​រដ្ឋបាល​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ​ទៀត​ គ្រប់មន្ទីរ​ស្ថាប័ន​ជាប់ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀប​ចំ​ផែនការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់​លាស់​ អំពី​តម្លៃ​សេវា ​និង ​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត​ស្តី​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ខ្លួន​ ព្រម​ទាំង​ប្រមូល​ព័ត៌មាន​ត្រឡប់​ពី​ប្រជាពលរដ្ឋ​អំពី​ការ​បំពេញ​កិច្ចការ​របស់ខ្លួន​ និង ​ធ្វើ​ការ​កែលម្អ​នូវ​ចំនុច​ខ្វះខាត​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង៕ វួច ពឿន