ឯកឧត្តម អ៊ី ឈានបន្ដចុះពន្យល់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ប្រជាពលរដ្ឋនៅភូមិផ្សារព្រំជើង
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារចុះជួយឃុំស្ទឹងកាច់ បានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត បានអំពាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០ នៅលើសន្លឹកឆ្នោត។ ឯកឧត្តមអ៊ីឈាន បានមានប្រសាសន៍ថា៖ បើសិនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ក្នុងអាណត្ដិទី៦នេះ រាជរដ្ឋាភិបាល នឹងបន្ដខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ឱ្យកាន់តែប្រសើរថែមទៀត, មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក សាលា មន្ទីរពេទ្យ ប្រព័ន្ធទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឲ្យផលប្រយោជន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ជំរុញដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវគ្រប់គ្រងឱ្យបានចំពោះការធ្វើចំណាកស្រុកទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងខិតផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងត្រូវខិតខំដោះស្រាយនូវរាល់សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព ជាពិសេសការធ្វើលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ដើម្បីទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕ វួច ពឿន