លោកជំទាវ បាន ស្រីមុំ អញ្ជើញឃោសនារកសម្លេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ ចំនួនជាង ៣០០នាក់ មកពីភូមិចំនួន៣ ក្នុងសង្កាត់អូរតាវ៉ៅ


ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា និងឯកឧត្តម ហុក សុផល ប្រធានក្រុមការងារចុះជួយសង្កាត់អូរតាវ៉ៅ ព្រមទាំងក្រុមការងារ បានអញ្ជើញឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ ចំនួនជាង ៣០០នាក់ មកពីភូមិចំនួន៣ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺ ភូមិខ្លុង ភូមិកូនភ្នំ និងភូមិដីក្រហម។
នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រៅពីបានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ គឺបានកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋក៍មានជីវភាពធូរធាផងដែរ។ ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ, ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យផលប្រយោជន៍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកជំទាវ បានមានប្រសាសន៍បន្តថា៖ នៅក្នុងអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ គឺមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដូច្នេះសូមបងប្អូនបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ សែន ធ្វើជានាយករដ្ឋមន្ត្រីអណត្តិទី៦នេះ និងអណត្តិបន្តៗទៀត ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត៕ វួច ពឿន