(16-03-2017) ប៉ៃលិន៖ រសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិនមានរៀបចំប្រជុំពិនិត្យលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១ និងផែនការរៀបចំបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្តផងដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការអនុវត្តន៍ផែនការលុបបំបាត់គ្រឿងញៀនអោយបាននៅទូទាំងប្រទេស ហើយសម្រាប់លទ្ធផលអនុវត្តន៍ផែនការកន្លងមកនេះគឺគណៈបញ្ជាការត្រួតពិត្យគ្រឿងញៀនរាជធានី-ខេត្ត និងគណៈកម្មការចម្រុះទាំងអស់ មានឆន្ទះមោះមុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំអនុវត្តន៍ផែនការបង្រ្កាប គ្រឿងញៀនធ្វើអោយសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានថយចុះ។ជាក់ស្តែងនៅខេត្តប៉ៃលិនសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើសកម្មភាពស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់ ហើយនៅតែដំណើរការសកម្មភាពនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំនៅតាមមន្ទីរ ស្ថាប័ន អង្គភាព ជុំវិញខេត្ត ត្រូវអនុវត្តន៍ផែនការត្រួតពិនិត្យដល់មន្រ្តីនិង បុគ្គលិករបស់ខ្លួនអោយបានគ្រប់ៗគ្នា ដើម្បីលុបបំបាត់ សារធាតុញៀកុំអោយមាននៅក្នុងអង្គភាពជាដាច់ខាត។ទន្ទឹមនេះមន្ត្រីត្រួតពិនិត្យគ្រឿងញៀន ត្រូវរៀបចំចុះវិធានការរដ្ឋបាលផ្សព្វផ្សាយ និង បិទប្រកាសខ្លឹមសារផ្សព្វផ្សាយស្តីពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនៅតាមសាលារៀន និងកន្លែងសេវា សំខាន់ៗមួយចំនួនដូចជា ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត ភោជនីយដ្ឋាន ផងដែរ។
ចំពោះផែនការរៀបចំពិធីបុណ្យចូលថ្មីប្រពៃណីជាតិខាងមុខនេះ ឯកឧត្តម កើត សុធា បានលើកឡើងថាៈដើម្បីត្រៀមរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងឲ្យមានភាពរលូន ប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានសន្តិសុខសុវតិ្តភាពល្អជូនប្រជាពលរដ្ឋកំសាន្តផងនោះ គ្រប់អង្គភាព មន្ទីរ ស្ថាប័នជំវិញខេត្តត្រូវមានកិច្ចសហការគ្នាឲ្យល្អ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវរៀបចំផែនការការពារសន្តិសុខឲ្យបានម៉តចត់ដោយដាក់កម្លាំងការពារគោលដៅសំខាន់ៗទាំងក្នុងទីប្រជុំជន និងនៅតាមរម្មណីយដ្នាននិងនៅតាមដងផ្លូវសាធារណះ ដើម្បី ធានាដល់សុវតិ្តភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិដែលបានមកលេង កំសាន្តខេត្តប៉ៃលិនក្នុងពិធីបុណ្យឲ្យមានភាពសប្បាយរីករាយ ជាពិសេសសមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តប៉ៃលិនទទួលបន្ទុកផែ្នកសណ្តាប់ចរាចរណ៍ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវក៏ដូចជានៅតាមរម្មណីយ៍ដ្ឋាននានាក្នុងខេត្តឲ្យបានល្អ ទប់ស្កាត់ការលេងស៊ីសង លេងគប់ទឹកប៉ាតម្សៅដែលនាំបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ឯកឧត្តមបានបន្តថា គ្រប់បណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ស្រុក ក្រុង ឃុំ/សង្កាត់ ត្រូវបំផុសដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀបចំចងទង់ជាតិ ទង់ជ្វាលា បោសសំអាតអនាម័យតាមលំនៅដ្ឋានឲ្យបានស្អាតរៀបរយល្អ និងមានសោភណ្ឌភាពល្អ។ ព្រមជាមួយនេះម្ចាស់ភោជនីយ៍ដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ត្រូវរៀបចំក្នុងកន្លែងលក់ដូរឲ្យមានអនាម័យល្អនិងតម្លៃសមរម្យដើម្បីស្វាគមន៍ទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលមកកំសាន្តនៅខេត្តប៉ៃលិនយើង ដោយអនុវត្តតាមពាក្យស្លោកថា ទីក្រុងស្អាត រម្មណីយ៍ដ្ឋានស្អាត សេវាល្អ ។ នៅតាមដងផ្លូវសាធារណៈបំពាក់ភ្លើងបំភ្លឺ បដាពាក្យស្លោកអបអរសារទទួលទេវតាឆ្នាំថ្មី និងតាមវត្តអារាមនានាត្រូវរៀបចំលេងល្បែងប្រជាប្រីយ៍ខ្មែរ កំសាន្តតាមប្រពៃណីជាតិ និងដាក់ភ្លើងបំភ្លឺឲ្យមានភាពស្រស់អាត ។
[youtube id= “MkZPIU6RA-g”]