(10-03-2017) ប៉ៃលិន៖ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មន្ទីរសុខាភិបាលបានធ្វើសន្និបាតបូលសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារអនុវត្តបន្តសំរាប់ឆ្នាំ២០១៧ ក្រោម អធិបតីភាពលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត។
លោក គ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៦ មានស្រ្តី ១៨៦៦នាក់ បានសំរាលកូនដោយបុគ្គលិកសុខាភិបាល ស្មើនឹង ៩៩.៥%នៃស្រ្តីដែលរំពឹងថាមានផ្ទៃពោះ។ ការសំរាលដោយការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តមានចំនួន៣.៦% បើប្រៀបនឹងចំនួនសំរាលសរុប។ ស្រ្តីមានគភ៌បានទទួលការពិនិត្យផ្ទៃពោះមុនសំរាល២ដង ដោយបុគ្គលិកសុខាភិបាលស្មើនឹង១០០% នៃស្រ្តីរំពឹងថាផ្ទៃពោះ ហើយស្រ្តីទាំងនោះក៏ទទួលបានថ្នាំគ្រាប់ជីវជាតិដែក ឬអាស៊ីតហ្វូលិកបាន១០០%។ ផ្តល់វ៉ាក់សាំងការពារជំងឺរបេងដល់កុមារក្រោមអាយុ១ឆ្នាំ បាន១០០%។ ផ្តល់ប្រឹក្សា ធ្វើតេសឈាមដោយសម្ងាត់ជូនអតិថិជនបានចំនួន១៣៥១នាក់ ក្នុងនោះមាន១៩នាក់ទទួលផលវិជ្ជមាន ។ អ្នកជំងឺអេដស៍សរុប ៣៨២នាក់ ទទួលបានឱសថប្រឆាំងនឹងមេរោគអេដស៍ និងថ្នាំព្យាបាលជំងឺឱកាសនិយម។ ករណីជំងឺគ្រុនឈាមដែលចូលសំរាកព្យាបាលនៅសេវាសាធារណៈមានចំនួន៩៦ករណី ក្នុងចំណោមប្រជាជន១០០.០០០នាក់ និងមិនមានករណីស្លាប់ដោយជំងឺគ្រុនឈាមទេក្នុងឆ្នាំ២០១៦នេះ។ លោកបានបន្តថា ក្នុងឆ្នាំ២០១៦ ការចុះបញ្ជីសេវាឯកជនអនុញ្ញាតិអោយបើកសេវាគ្រប់ប្រភេទទូទាំងខេត្តមានចំនួន៦៩កន្លែង ដោយឡែក១៣កន្លែងទៀងមិនមានច្បាប់អនុញ្ញាតិ។
មានប្រសាសន៍បើកអង្គសន្និបាត លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិននិង បានសំដែងការកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរមន្រ្តីសុខាភិបាលទាំងអស់ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់គំនិត និងគាំទ្រ ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋខេត្តប៉ៃលិនអោយបានល្អប្រសើ។ លោកជំទាវបានមានប្រសាសន៍ថា កន្លងមកមន្ទីរសុខាភិបាលបាន និងកំពុងអនុវត្តនូវសកម្មភាពគន្លិះមួយចំនួន ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តសុខាភិបាលប្រកបដោយជោគជ័យជាបន្តបន្ទាប់ ក្នុងការលើកកំពស់សុខមាលភាពជូនប្រជាពលរដ្ឋខេត្តប៉ៃលិន ដូចជា៖ សុខភាពមាតា និងទារក , សុខភាពរបស់កុមារ , ការលើកកំពស់អាហារូបត្ថម្ភដល់ស្រ្តីអំឡុងមានផ្ទៃពោះ និងក្រោយសំរាល, កម្មវិធីប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍, ជំងឺរបេង និង ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមសន្និបាតនាពេលនេះ មន្ទីរសុខាភិបាលនឹងដកពិសោធរកឃើញនូវចំនុចខ្លាំង ចំណុចខ្សោយនៃការអនុវត្តការងារនាពេលកន្លងមក សំរាប់ដាក់បញ្ចូលក្នុងផែនការការងារអនុវត្តនៅឆ្នាំបន្ទាប់អោយទទួលបានជោគជ័យបន្ថែមទៀត។
ឯកឧត្តមវេជ្ជបណ្ឌិត តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានពាំនាំការ សាកសួរសុខទុក្ខ និងកោតសរសើពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំក្រសួងទាំងអស់ចំពោះថ្នាក់ដឹកនាំមន្ទីរ មន្រ្តីសុខាភិបាលខេត្តប៉ៃលិនទាំងអស់ ដែលបានអនុវត្តការងារសុខាភិបាលបានល្អប្រសើ បំរើសេវាសុខភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ ថ្លែងអំណគុណ និងគាំទ្រពេញទំហឹងចំពោះមន្ទីរសុខាភិបាលខេត្តដែល បានប្តេជ្ញាចិត្តលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់អោយអស់ពីក្នុងខេត្តប៉ៃលិននៅក្នុងឆ្នាំ២០១៧ ព្រោះបញ្ហានេះក៏ជាកង្វល់ដ៏ធំរបស់ក្រសួងសុខាភិបាលផងដែរ។ ឯកឧត្តមបានណែនាំសូមអោយក្រុមគ្រូពេទ្យទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយពន្យល់ណែនាំពីផលលំបាក នៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកជំងឺ ខណៈពួកគាត់មានគ្រោះថ្នាក់ចរាចរណ៍ ហើយមកសំរាកព្យាបាលនៅមន្ទីរពេទ្យរបស់យើង។ ម៉្យាងទៀត គ្រូពេទ្យយើងត្រូវប្រើអាកប្បកិរិយា និងពាក្យសំដីគួរសមចំពោះប្រជាពលរដ្ឋអ្នកជំងឺដែលមកទទួលសេវាសុខភាពនៅស្ថាប័នរដ្ឋរបស់យើង ព្រោះពាក្យសំដី និងអាកប្បកិរិយារបស់គ្រូពេទ្យមានផលប៉ះពាល់ដល់សតិអារម្មរណ៍របស់ប្រជាពលរដ្ឋ ធ្វើអោយប្រជាពលរដ្ឋជេស្តី ឬកោតសរសើដល់ក្រុមគ្រូពេទ្យរបស់យើង។ឯកឧត្តមក៏បានណែនាំផងដែរសូមអោយនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យត្រូវមានទេព្យប្រចាំការអោយបានទៀងទាត់ ២៤ម៉ោង លើ២៤ម៉ោង ហើយត្រូវពាក់ឯកសណ្ឋានពេទ្យអោយបានច្បាស់ទៀតផង ព្រោះជាអាយុជីវិតរបស់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់ពីគ្រូពេទ្យជំនាញ។
[youtube id= “8LKzrXgOrMo”]