( 07-03-2017) ប៉ៃលិន៖ នៅពហុកីឡាដ្ឋានភ្នំចេករសៀលនៅថ្ងៃទី៧ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៦ -២០១៧ ។
លោក សួន សុភ័ក្រ ប្រធានការិយាល័យយុវជននិងកីឡាបានអានរបាយការណ៏លទ្ធផលអោយដឹងថា៖ការប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០១៦-២០១៧ មានចំនួន៤ ប្រភេទកីឡា ២៦វិញ្ញាសារក្នុងនោះអត្តពលកម្ម២២ប្រកួត បាល់បោះ១០ប្រកួត បាល់ទះ១៣ប្រកួត បាល់ទាត់៥២ប្រកួត សរុប១០៥ប្រកួត ប្រើរយៈពេល១០ថ្ងៃហើយកីឡាករនិងការិនីដែលទទួលបានជ័យលាភីបឋមសិក្សា២៥២នាក់ កុមារី១៦៣នាក់ មធ្យមសិក្សា២៣៨នាក់នារី១២៣នាក់ សរុបជ័យលាភីបឋមនិងមធ្យមសិក្សាទូទាំងខេត្តប្រចាំឆ្នាំ២០១៦-២០១៧ស្មើ៤៩០នាក់ស្រី២៨៦នាក់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានមានប្រសាសន៏កោតសសើរដល់អ្នកគ្រូលោកគ្រូ អាជ្ញាកណ្តាល គ្រូពេទ្យ និង សមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងសហការ សាមគ្គីគ្នាបានល្អធ្វើអោយដំណើការប្រកួតកីឡាទទួលបានលទ្ធផលល្អ រួមចំណែក ការអភិវឌ្ឍន៏វិស័យកីឡានៅខេត្តប៉ៃលិនមានការរីកចំរើន ត្រៀមខ្លួនទៅចូលរួមស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។លោកបន្តថា៖មន្ទីរអប់រំយុវជននិងកីឡាខេត្តតែងតែខិតខំបញ្ចូនក្រុមកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាទៅចូលរួមការប្រកួតថ្នាក់ជាតិទូទាំងប្រទេសមិនដែលខកខានមួយឆ្នាំណាឡើយដែលឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡាយករាជធានីភ្នំពេញសម្រាប់ប្រកួតថ្នាក់ជាតិ សិស្សបឋមសិក្សាចាប់ពីថ្ងៃទី២៨ខែមិនា ឆ្នាំ២០១៧រហូតដល់ថ្ងៃទី៦ខែមេសា ឆ្នាំ២០១៧ និងប្រកួតថ្នាក់មធ្យមសិក្សាចាប់ពីថ្ងៃទី០៥ដល់១៥ខែឧសភាឆ្នាំ២០១៧នៅខេត្តកំពង់ចាម ធ្វើជាកន្លែងប្រកួតថ្នាក់ជាតិ។ មិនត្រឹមតែប៉ុណ្តោះពេលទៅចូលរួមការប្រកួតម្តងៗក្រុមកីឡាករ និងកីឡាការិនី របស់យើងបានគោរពបទបញ្ជាផ្ទៃក្នុងរបស់កីឡា សហការអធ្យាស្រ័យ សាមគ្គីភាពផ្ទៃក្នុងមានសុជីវធម៌ត្រឹមត្រូវ ទទឹមនឹងនេះការរស់នៅជាក្រុមប្រកបដោយសេចក្តីថ្លៃថ្នូដ៏ឧត្តុង្គឧត្តម។
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖វិស័យកីឡាគឺជាវិស័យដ៏អាទិភាពមួយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ពិសេសក្រសួងអប់រំយុវជននិងកីឡា ទទួលខុសត្រូវផ្ទាល់ និងយកចិត្តទុកដាក់ ក្នុងគោលបំណងអភិវឌ្ឍដើម្បីបង្កើនសមត្ថភាព និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ។ជាក់ស្តែងមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានរៀបចំពិធីប្រកួតនេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធនិង បង្កឱកាសអោយបានជួបគ្នា ស្គាល់គ្នា អោយក្លាយជាមិត្តិភាព។ម្យ៉ាងវិញទៀតការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា នៅគ្រប់សាលាទូទាំងខេត្ត យើងឃើញថាមានការប្រែប្រួលពី មួយឆ្នាំមួយឆ្នាំ គួអោយកត់សំគាល់ជាការរួមចំណែកលើកស្ទួយវិស័យអប់រំដែលមានការ ប្រែប្រួលថ្មី ក្នុងការការពារថែរក្សាសុខភាពជាសំខាន់ដើម្បីស្តារ និងកសាងធនធានមនុស្សប្រកបដោយកាយសម្បទាមាំមួនសុខភាពល្អប្រាជ្ញាវាងវៃ មានស្មារតីរហ័សរហួនមានទំនាក់ទំនងល្អមានសាមគ្គីភាពភាតរភាព ចេះយោគយល់គ្នា និងមានអធ្យាស្រ័យល្អ ចេះស្គាល់ចិត្តថ្លើមគ្នាវាងកីឡាករកីឡាការិនីទូទាំងខេត្តពីសាលាមួយទៅសាលាមួយទៀត។ឯកឧត្តមបន្តថា៖ការទទួលបានរង្វាន់ដែលបានមកពីការខិតខំប្រឹងប្រែងដែលជាជ័យលាភី ពិតជាល្អនិងមានអារម្មណ៏ថាសប្បាយរីករាយណាស់ ដូច្នេះហើយត្រូវខិតខំហ្វឹងហាត់បន្ថែមទៀតដើម្បីទៅចូលរួមប្រកួតទូទាំងប្រទេស ផ្នែកបឋមសិក្សានៅរាជធានីភ្នំពេញ និងកីឡាផ្នែកមធ្យមសិក្សានៅខេត្តកំពង់ចាមនាពេលខាងមុខ។
ក្នុងឱកាសនោះដែរឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន និង លោកតង់ ធារ៉ា ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានប្រគល់ពាន់ជើងឯក និងចំណាត់ ថ្នាក់ជ័យលាភីចាប់ពីលេខ១ដល់លេខ៣សំរាប់ក្រុមកីឡាករ-ការនីផងដែរ។
[youtube id= “mb5csDvd-BE”]