(06-03-2017) ប៉ៃលិន៖ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡីចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ផងដែរ។
បន្ទាប់ពីលោកស្រីឡុង សុឃាវី អតីតៈប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានអានរបាយការណ៏លទ្ធផលការងារដែលមន្ត្រីនៃមន្ទីរកិច្ចការនារីបានខិតខំអនុវត្តការងារ លើកកំពស់ស្ត្រី ទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារ រួចមកលោក យិន កន្និការ ប្រធាននាយកដ្ឋានបុគ្គលឹកនៃក្រសួងកិច្ចការនារីបាន អានសេចក្តីប្រកាសរបស់ក្រសួងកិច្ចការនារី លេខ ២៦០ ត្រូវបានតែងតាំង លោកស្រី សៀង សុលីដា បច្ចុប្បន្នជាអនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរកិច្ចការនារីខេត្តជំនួស លោកស្រី ឡុង សុឃាវី ចូលនិវត្តន៍។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយរលូនល្អ និងរីកចំរើនជាលំដាប់ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងច្បាប់គោលមួយចំនួនទៀត។ ដូច្នេះប្រធានមន្ទីរដែលបានតែងតាំងថ្មីនេះត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ត្រូវមានការទទួលខុសត្រូវ មានតម្លាភាពមានសាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ លិខិតបទដ្ឋាននានា យកមកធ្វើការបណ្តុះ បណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅអោយអង្គភាពរបស់ខ្លួនដំណើរការដោយរលូន និងមានប្រសិទ្ធភាព។
លោកស្រី សៀង សុលីដា ប្រធានមន្ទីរកិច្ចការនារីថ្មីប្តេជ្ញាចិត្ត ខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង យកចិត្តទុកដាក់បំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ និងខិតខំពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ហើយ ចាត់ទុកខ្លួនជាអ្នកបំរើសេវាប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍សំដែងការកោតសរសើ
ចំពោះ លោកស្រី ឡុង សុឃាវី អតីតៈប្រធានមន្ទីរកិច្ចការនារី ខេត្តប៉ៃលិនដែលបានយកអស់កំលាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន លើកកំពស់សិទ្ធស្រ្តីនៅខេត្តប៉ៃលិនបានល្អប្រសើ។ លោកជំទាវបានផ្តាំផ្ញើដល់ប្រធានមន្ទីរកិច្ចការនារីថ្មីត្រូវយកចិត្តទុកដាក់នៅគ្រប់ពេលវេលាបំពេញភារកិច្ចត្រូវអនុវត្តស្មារតីសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។ត្រូវខិតខំស្វែងយល់និងអនុវត្តអោយបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់តម្លៃស្ត្រី ទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារ ពង្រឹងសមភាពយេឌ័រ ដើម្បីអោយស្ត្រីបានចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិយើង។ ទន្ទឹមនេះត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំមន្ទីរស្ថាប័ន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់អោយបានជិតស្និទ្ធដើម្បីបុព្វហេតុក្នុង ការអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយរីកចំរើនលើគ្រប់វិស័យ។
[youtube id= “kJJQj35PW5w”]