(22-02-2017) ប៉ៃលិន៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ គណកម្មាធិការទី៧ នៃរដ្ឋសភា មាន ឯកឧត្តម យ៉ែម បុញឫទ្ធិ ជាប្រធាន បានដឹកនាំគណប្រតិភូ ចុះសិក្សាស្វែងយល់អំពីវិស័យទាំង៤ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មាការទី៧ រួមមានៈ វិស័យអប់រំ យុវជន និងកីឡា, វិស័យធម្មការ និង សាសនា , វិស័យវប្បធម៌ និង វិស័យទេសចរណ៍ នៅខេត្តប៉ៃលិន។ កិច្ចប្រជុំសំណេះសំណាលសិក្សាស្វែងយល់នេះ បានធ្វើឡើងនៅ សាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមាន ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន តំណាងឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីរវិស័យទាំង៤ និងមន្រ្តីរាជការសាលាខេត្តប៉ៃលិនមួយចំនួនទៀត។
ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៍ថា វត្តមានរបស់ គណៈប្រតិភូ គណកម្មាការទី៧នៃរដ្ឋសភានាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក្នុងខេត្តប៉ៃលិនទាំងមូល។ ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលខេត្តនឹងទទួលបាននូវអនុសាសន៍ល្អៗ ពី ឯកឧត្តម និង គណៈប្រតិភូ ដើម្បីជួយឲ្យរដ្ឋបាលខេត្ត ធ្វើការកែលំអរសកម្មភាពការងាររបស់ខ្លួន សំដៅធ្វើឲ្យមានវឌ្ឍនភាព នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ បានយកចិត្តទុកដាក់ជាទីបំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តឆ្ងាយៗ ដូចជាខេត្តប៉ៃលិនជាដើម។ ឯកឧត្តម បានមានប្រសាសន៍បន្តថា សំរាប់វិស័យអប់រំ នៅក្នុងខេត្តប៉ៃលិន នាឆ្នាំសិក្សា២០១៦-២០១៧ មានសាលារៀនសរុបចំនួន ៨៥ សាលា ក្នុងនោះមានសាលាមត្តេយ្យសិក្សាមាន ២៧ កន្លែង មានសិស្សសរុប ចំនួន ១ ០០១ នាក់ ស្រី ៤៨៧ នាក់ បឋមសិក្សាមាន ៥០ កន្លែង មានសិស្សសរុប ១០ ៣៦៤ នាក់ ស្រី ៤ ៩៩៧ នាក់ មធ្យមសិក្សាបឋមភូមិមាន ០៦ កន្លែង មានសិស្សសរុបចំនួន ១ ៤៩៧នាក់ ស្រីចំនួន ៧០៨ នាក់ មធ្យមសិក្សាទុតិយភូមិមាន ២ កន្លែង មានសិស្សសរុប ចំនួន ២ ២៧៨ នាក់ ស្រី ១ ១៣៣ នាក់ និងបុគ្គលិកអប់រំទូទាំងខេត្តសរុបចំនួន ៧៥៩ នាក់ ស្រី ៣២៨ នាក់។ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៦ មន្ទីរបាន បើកវគ្គបំប៉នរបាំក្ងោក និងល្ខោននិយាយរឿងខ្លីជាប្រចាំ។ ដឹកនាំបេក្ខជនជ័យលាភីលេខ១ ចំនួន ០៣ រូប ទៅចូលរួមប្រឡងក្នុងពិធីមហោស្រពកំណាព្យ និងចម្រៀងខ្មែរជាសកល លើកទី៤ ,ឆ្នាំ២០១៦ ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកចំរៀងសម័យ និងលេខ២ ផ្នែកស្មូត។ វិស័យធម្មការ និងសាសនា ខេត្តប៉ៃលិន មានវត្តអារាមចំនួន ៣២ វត្ត និងមណ្ឌលវិបស្សនាធុរៈ ០១ កន្លែង មានព្រះសង្ឃស្នាក់នៅមានចំនួន ៣៦២ អង្គ ក្នុងនោះមានវត្តគណមហានិកាយមាន ២៥ វត្ត មានព្រះសង្ឃសរុបចំនួន ៣១០ អង្គ វត្តគណធម្មយុត្តិកនិកាយមាន ០៦ វត្ត មានព្រះសង្ឃសរុបចំនួន ៥២ អង្គ។ សាលាពុទ្ធិកអនុវិទ្យាល័យមាន ០១ កន្លែង មាន ០៣ ថ្នាក់ មានសមណសិស្សសរុប ៨២ អង្គ និងគ្រូចំនួន ១០ អង្គ នាក់ ។ សាលាពុទ្ធិកបឋមសិក្សាមាន ០៩ សាលា មានសមណសិស្សសរុប ២១២ អង្គ រូប។ សាលាធម្មវិន័យមាន ០៨ សាលា មានសមណសិស្សសរុប ២២៤ អង្គ រូប។ ផ្សព្វផ្សាយនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងសម្តែងព្រះធម៌ទេសនាតាមប៉ុស្តិ៍វិទ្យុ និងប៉ុស្តិ៍ទូរទស្សន៍ខេត្តប៉ៃលិន ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ ០២ ម៉ោង។ វិស័យទេសចរណ៍ៈ ក្នុងឆ្នាំ២០១៦កន្លងមកនេះ ភ្ញៀវជាតិ អន្តរជាតិ មកលែង និងទស្សនារមណីយ៍ដ្ឋាននានា ក្នុងខេត្តប៉ៃលិន មានចំនួន ១៤៨ ០៤៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៣៥ ២៩៦ នាក់ និងភ្ញៀវអន្តរជាតិ១២ ៧៤៩ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥ មានការថយចុះ។ រមណីយដ្ឋានក្នុងខេត្តប៉ៃលិន សរុបចំនួន ១២ កន្លែង ក្នុងនោះមាន រមណីយដ្ឋានធម្មជាតិ ០៨ កន្លែងរមណីយដ្ឋានកែឆ្នៃ ០៣ កន្លែង រមណីយដ្ឋានប្រវត្តិសាស្ត្រ ០១ កន្លែង ។
ឯកឧត្តម យ៉ែម បុញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើដល់ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាកសាងអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានការរីកចំរើន ប្រែមុខ ប្រែមាត់គួជាទីមោទនៈ។ ឯកឧត្តមបានមានប្រសាសន៍ថា វិស័យអប់រំ វិស័យសាសនា និងវិស័យវប្បធម៌មានសារសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បញ្រ្ជាបការយល់ដឹងផ្នែកវប្បធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិយើង អោយបានដល់ប្រជាពលរដ្ឋនៅតាមព្រំដែន ដើម្បីពួកគាត់បានយល់ដឹង និងចូលរួមថែរក្សាអភិរក្សនូវប្រពៃណីវប្បធម៌របស់ជាតិយើង អោយបានគង់វង្ស។ ឯកឧត្តមបានបន្តថា វិស័យអប់រំនៅក្នុងខេត្តប៉ៃលិនមានការរីកចំរើនច្រើន ដែលខេត្តមួយចំនួន នៅក្នុងប្រទេស គួតែរៀនសូត្រនូវបទពិសោធល្អៗពីខេត្តប៉ៃលិន ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា គោលបំណងសំខាន់នៃបេសកកម្មរបស់គណកម្មាទី៧នេះ គឺស្វែងយល់ពីគុណភាពអប់រំក្នុងខេត្តប៉ៃលិនដែលមាន៖ទី១ គុណភាពគ្រូបង្រៀន ដែលសំដៅដល់ ក្រមសីលធម៌គ្រូបង្រៀន ប្រាក់បៀវត្សន៍គ្រូបង្រៀន ការគោរពវិន័យរបស់គ្រូបង្រៀនជាដើម។ ទី២ គុណភាពនៃកម្មវិធីសិក្សា ថាតើបានសមស្រប និងមានភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងហើយឬនៅ។ ទី៣គុណភាពបរិស្ថានសាលារៀន ថាតើមានសួនច្បារ មានអនាម័យ មានការតុបតែងរៀបចំអោយមានបរិស្ថានល្អ ឬនៅ។ ទី៤ គុណភាពសិស្សៈ ថាតើសិស្សានុសិស្ស មានការគោរពវិន័យ ខិតខំរៀនសូត្រ ផ្តល់តម្លៃអោយលោកគ្រូ អ្នកគ្រូដែរឬទេ និងទី៥គឺ គុណភាពសង្កមៈ តើមានការចូលរួមពីអាណាព្យាបាលសិស្ស ប្រជាពលរដ្ឋ មេភូមិ ឬព្រះសង្ឃដែរឬទេ ក្នុងការជួយជំរុញការសិក្សារបស់កុមារ សិស្សានុសិស្សទាំងអស់។
ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តម យ៉ែម បុញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានដឹកនាំគណប្រតិភូមួយក្រុមចុះដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីសំណេះសំណាលសាកសួរនូវព័ត៌មានបន្ថែម ជាមួយលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន។
[youtube id= “sO6tOeiDkkw”]