ថ្នាក់ដឹកនាំខេត្តបៃលិនអញ្ជើញប្រារព្ធពិធីបុណ្យមាឃបូជានៅវត្ដរតនសោភ័ណ្ឌ


​(11-02-2017) ប៉ៃលិន៖ ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ២០១៧ ​ត្រូវ​និង​ថ្ងៃ​ពេញ​បូរមីណ៍ ​ខែមាឃ ​ឆ្នាំវក ​ព.ស​ ២៥៦០ ​ឯក​ឧត្ដម​ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង​លោក​ជំទាវ​, ឯក​ឧត្តម​ កើត​សុធា​អភិបាល​នៃ​គណៈ​ខេត្ត​ប៉ៃលិន ​និង​លោក​ជំទាវ​ ឯក​ឧត្ដម ​លោក​ជំទាវ​អភិបាល​រង​ខេត្ត ​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ ​ មន្ត្រី​រាជ​ការ​និង​ពុទ្ធ​បរិស័ទ​ជា ​ច្រើន​នាក់​ទៀត  ​បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​នៅ​វត្ដ​រតន​សោ​ភ័ណ្ឌ ​ស្ថិត​នៅ​ក្នុង​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន។​

​ព្រះ​គ្រូ ​ក្ដៀង ​សារ៉ាត់​ ព្រះ​សមុ​គណ​ខេត្ត​​ និង​ជា​ព្រះចៅ​អធីការ​វត្ត​រតន​សោភ័ណ​បាន​មាន​សង្ឃ​ដីកា​បាន​ឲ្យ​ដឹងថា ​ថ្ងៃ​ពេញ​បូរមី​ខែមាឃ ​ជា​ថ្ងៃ​មាន​សារៈ​សំខាន់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ប្រហាក់​ប្រហែល​នឹង​បុណ្យ​ពុទ្ធ​សាសនា​ដទៃ​ទៀត​ដែរ​ រួម​មាន​បុណ្យ​ពិសាខ​បូជា  ​អាសាឍ​បូជា ​និង​បុណ្យ​ចេញ​វស្សា​ជាដើម​។​ បុណ្យ​មាឃ​បូជា​ប្រារព្ធ​ឡើង​ដើម្បី​រឹលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ ​ទ្រង់​ប្រកាស​បង្កើត​ព្រះ​ពុទ្ធ​សាសនា​ឡើង​ក្នុង​លោក ​ នា​ប្រទេស​ឥណ្ឌា​កាល​ពី​ ៥៨៨ ​ឆ្នាំមុន ​គ.​ស ​គឺ​នៅ​ថ្ងៃ១៥​កើត ​ខែមាឃ ​ ក្រោយ​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​៩ខែ​គត់​។​ព្រះអង្គ​បាន​បន្តរថា ​ថ្ងៃ​មាឃ​បូជា​នេះ  ​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​ប្រទាន​នូវ​ឪវាទ​បាដិមោក្ខ​ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន​ដែល​ជា​វត្ត​ដំបូង​បង្អស់​ក្នុង​ព្រះពុទ្ធ​សាសនា ​ ក្នុង​នោះ​មាន​ហេតុ​ការណ៏​សំខាន់​៤យ៉ាង​កើត​ឡើង​៖​១.​ព្រះសង្ឃ​សមណៈ​ទូត ​១២៥០​អង្គ ​ដែល​ព្រះ​​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​បញ្ជូន​ទៅ​កាន់​តំបន់​​ផ្សេងៗ​ ដើម្បី​ផ្សព្វ​ផ្សាយ​គោល​កាណ៍​ធម៌ ​ បាន​វិល​ត្រឡប់​ចូល​មក​គាល់​ព្រះ​អង្គ​វិញ​យ៉ាង​ព្រម​ព្រៀង​គ្នា ​ដោយ​គ្មាន​ការ​និមន្ត​ឡើយ​។​ទី២​.ព្រះសង្ឃ​ទាំង​អស់​សុទ្ធ​តែ​ឯហិភិក្ខុ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស​ឪ្យ​ដោយ​ផ្ទាល់​។​ទី៣.​ព្រះ​សង្ឃ​ទាំង​អស់​សុទ្ធ​តែ​ព្រះ​អរហន្ដ​បាន​អភិញ្ញាណ​ ៦ ​ គឺៈ​ អាច​សម្ដែង​ឬទ្ធិ​បាន​ ,មាន​ត្រ​ចៀក​ទិព្វ ​, ភ្នែក​ទិព្វ​ នឹង​កំណត់​ដឹង​ចិត្ត​អ្នក​ដទៃ​បាន ​និង​ រំលឹក​ជាតិ​បាន​ ។​ ទី៤ ​ថ្ងៃ​ដែល​ព្រះ​សង្ឃ​ទាំង​អស់​ជួប​ជុំគ្នា​នោះ​ត្រូវ​នឹង​ថ្ងៃ​ពេញ​បរណ៏មី​ខែ​មាឃ  ​ដែល​ហៅ​ម្យ៉ាង​ទៀត​ថា​ ចតុរង្គ​សន្និ​បាត​ ឬ​កិច្ច​ប្រជុំ​ប្រ​កប​ដោយ​អង់៤​។​

​លោក​សំ ​សាវឿន​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​បាន​មាន​ប្រសាសន៏ថា​  ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ទាំង​អស់​គ្នា​បាន​ប្រារព្ធ​ខួប​នៃ​បុណ្យ​មាឃបូជា ​សំរាប់​រំលឹក​គុណ​ដល់​ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង។​  ពិត​មែន​ដែល​ព្រះ​អង្គ​បាន​យាង​ចូល​បរិនិព្វាន​ដ៏យូរ ​ តែ​ព្រះ​អង្គ​បាន​ប្រតិស្ថាន​នូវ​ក្បួន​គម្ពី​ព្រះ​ត្រៃ​បិតក​  មាន​ក្បួន​ព្រះ​សូត្រ​ ព្រះ​វិន័យ​ ព្រះ​អភិ​ធម្ម ​ ទុក​សម្រាប់​ សាវ័ក​ ភិក្ខុ ​និង​ពុទ្ធ​បរិស័ទ ​សំរាប់​ប្រតិបត្តិ​  ដូច​ពេល​ដែល​ព្រះ​អង្គ​នៅ​មាន​ជន្មាយុ​នៅ​ឡើយ​អញ្ចឹង​ដែរ ​។ ​លោក​បាន​បន្តថា ​ដើម្បី​ឆ្លើយ​តប​នូវ​ការ​ដឹងគុណ​ដ៍​ជ្រាល​ជ្រៅ ​ចំពោះ​ព្រះ​បរម​គ្រូ​នៃ​យើង ​យើង​បាន​ប្រារព្វ​ទិវា​បុណ្យ​មាឃ​បូជា​នេះ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដែល​ការរៀប​ចំ​នៃ​ពិធីបុ​ណ្យ​នេះ​ធ្វើ​ឡើង​ដូច​ទៅ​នឹង​សម័យ​កាល​ដែល​ព្រះ​អង្គ​ជួប​ប្រជុំ​សាវក​ទាំង២៥៥០​អង្គ​នោះ​ អញ្ចឹង​ដែរ​។​

​ឯក​ឧត្តម ​កើត​សុធា​អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា ​ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​។​ ប្រជា​ពល​រដ្ឋ​៨០% ​គឺ​ជា​ប្រជា​ពុទ្ធ​បរិស័ទ ,​មាន​ជំនឿ​ជឿ​ជាក់​លើ​ពុទ្ធ​សាសនា​,​ដើរ​តាម​មាគ៌ា​អប់រំ ​របស់​ព្រះ​ពុទ្ធ​បរម​គ្រូ​នៃ​យើង​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៏​បន្តថា  ​ទ្រឹស្ដី​អប់រំ​របស់​ព្រះ​ពុទ្ធ​សាសនា​ បាន​នាំ​មក​នូវ​សេចក្ដី​ សុខ​សន្តិ​ភាព ​និង ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​សង្គម​ជាតិ​របស់​យើង​។​ ​ព្រះ​ពុទ្ធ​សាសនា​តែង​តែ​ប្រដៅ​ពុទ្ធ​បរិស័ទ ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​  អំពើ​អហិស្សា  ​ប្រព្រឹត្ត​តែ​អំពើ​កុសល​។​ឯក​ឧត្តម​ក៏​បាន​សំណូម​ពរ​សូម​ឲ្យ​ព្រះ​សង្ឃ​គ្រប់​វត្ត​អារាម ​ បន្ត​ជួយ​អប់រំ​ផ្សព្វ​ផ្សាយ​  ពន្យល់​ ណែនាំ​ដល់​ពុទ្ធ​បរិស័ទ​ពិសេស​យុវវ័យ​ សូម​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន ​និង​ត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ជៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​៕​

cpp-11-02-2017-001 cpp-11-02-2017-002 cpp-11-02-2017-003 cpp-11-02-2017-004vv

[youtube id= “XC9e7h0hBqE”]