(09-02-2017) ប៉ៃលិន៖ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំស្តីពីការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះទៅដល់មន្ទីរ អង្គភាពមន្ទីរស្ថាប័នទាំង២៤ និង ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ និងលោកមេឃុំ/ចៅសង្កាត់ ផងដែរ។
បន្ទាប់ពីលោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអានចរាចរណ៏ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះរួចមក លោក ប៉ូច សាអែម បានធ្វើការណែនាំពីបច្ចេកទេសនិងនិតិវិធីនៃការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋដើម្បីអោយលោកប្រធាន អនុប្រធានមន្ទីរនិងក្រុមប្រឹក្សាឃុំ/សង្កាត់ បានយល់ដឹងកាន់តែច្បាស់ពីនិតិវិធីនៃការចុះបញ្ជីសារពើភ័ណ្ឌ ដើម្បីយកទៅអនុវត្តតាមមន្ទីរស្ថាប័នរបស់ខ្លួនអោយមានប្រសិទ្ធិភាព។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ ណែនាំដល់ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ ព្រមទាំងក្រុមប្រឹក្សាឃុំ /សង្កាត់ត្រូវយកចិត្តទុកដាក់រៀនសូត្រពីនិតិវិធីនិងរៀបចំចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋនៅតាមអង្គភាពមន្ទីរស្ថាប័នរបស់ខ្លូនអោយបានត្រឹមត្រូវ ជៀសវៀងកុំអោយកើតមានបញ្ហាទៅថ្ងៃក្រោយ ជាពិសេសត្រូវជំរុញអោយមន្រ្តីជំនាញទាំងអស់ត្រូវចេះថែរក្សាការពារទ្រព្យសម្បត្តិរបស់រដ្ឋអោយបានគង់វង់ ។ ឯកឧត្តមបន្តថា៖រាជរដ្ឋាភិបាលកម្ពុជាបានកែទម្រង់ស៊ីជំរៅលើគ្រប់វិស័យក្នុងនោះមានវិស័យហិរញ្ញវត្ថុផងដែរ ដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងធ្វើការងារ និងអនុវត្តតាមបទដ្ឋាន និងនិតិវិធី យុទ្ធសាស្រ្តនានា អោយបានល្អប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធិភាព ។ ឯកឧត្តមបន្តទៀតថា ៖ការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋគឺមានសារៈសំខាន់ណាស់ សំរាប់គ្រប់អង្គភាព មន្ទីរស្ថាប័នទាំងអស់យកទៅអនុវត្តដោយផ្ទាល់ ។ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំសិក្សាស្វែងយល់ពីនិតិវធីធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋ អោយបានច្បាស់លាស់។បើសិនមានបញ្ហាអ្វីមិនយល់ពីការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ មន្ត្រីជំនាញនៅតាមមន្ទីរអង្គភាពទំាង២៤ និងក្រុមប្រឹក្សាឃុំ/សង្កាត់ទាក់ទងមកមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដើម្បីជួយធ្វើការណែនាំបន្ថែមទៀត។
ឯកឧត្តមក៏បានផ្តាំផ្ញើរដល់មន្រ្តីជំនាញទាំងអស់ត្រូវពង្រឹងសមត្ថភាពបច្ចេកទេស និងត្រូវមានឆន្ទៈក្នុងការអនុវត្តការងារដើម្បីសំរេចការងារប្រៀបធៀបសម្បត្តិរដ្ឋកើនឡើងនិងថយចុះអោយបាននៅថ្ងៃទី៣១ខែមិនា ឆ្នាំ២០១៧ យកមកប្រគល់ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅពេលខាងមុខនេះ។
[youtube id= “”]