មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារអនុវត្តបន្តសំរាប់ឆ្នាំ២០១៧


​(09-02-2017) ប៉ៃលិន៖    ថ្ងៃទី៩ ​ខែកុម្ភៈ​ឆ្នាំ២០១៧ ​មន្ទីរ​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម ​សំណង់​ និង​សុរិយោដី​ខេត្ត​ប៉ៃលិន ​បាន​ធ្វើ​ សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១៦ ​និង​លើក​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​សំរាប់​ឆ្នាំ​២០១៧​។​ សន្និបាត​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ប៉ៃលិន ​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​លាង ​មុន្នី​រិទ្ធ ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​រៀប​ចំ​ដែន​ដី ​នគ​រូប​នីយ​កម្ម ​សំណង់ ​និង​សុរិយោ​ដី ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម​ សៅ ​សារ៉ាត់ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ​លោក​ប្រធាន​សាលា​ដំបូង​ខេត្ត​ លោក​អភិ​បាល​ក្រុង ​ស្រុក ​ លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​មន្រ្តី​រាជការ​ កង​កំលាំង​ប្រដាប់​អាវុធ ​លោក​មេឃុំ​ ចៅ ​សង្កាត់ ​និង​តំណាង​អង្គ​ការ​នានា​មួយ​ចំនួន​ទៀត​។​

​លោក ​ហុក ​សុផល​ ប្រធាន​មន្ទីរ​រៀប​ចំ​ដែនដី ​នគ​រូប​នីយ​កម្ម ​សំណង់​ និង​សុរិយោដី​ បាន​បញ្ជាក់​ថា​ ផែន​ការ​ធ្វើ​ប្លង់​គោល​ខេត្ត​ប៉ៃលិន​នា​ពេល​ខាង​មុខ​គឺ​ជា​យុទ្ធ​សាស្រ្ត​តំរង់​ទិស ​សំរាប់​ការអភិវឌ្ឍន៍​នគរូបនីយ​កម្ម​ និង​សេដ្ឋ​កិច្ច​ខេត្ត​ប៉ៃលិន​ប្រកប​ដោយ​និរន្ត​ភាព​។ ​ប្លង់​គោល​ខេត្ត​ប៉ៃលិន​ធានា​ដល់​ការ​ប្រើប្រាស់​ដីធ្លី​ និង​សក្តា​នុពល​ដែល​មាន​ស្រាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​សមធម៌ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​សង្គម​កិច្ច​ សន្តិ​សុខ​ស្បៀង ​សោភ័ណ​ភាព ​និង​គុណ​ភាព​បរិស្ថាន​។​ លោក​បាន​បន្តថា ​ក្នុង​ឆ្នាំ២០១៦​កន្លង​មក​នេះ​មន្ទីរ​បាន​ចេញ​លិខិត​អនុញ្ញាតិ​សាង​សង់​លើស​ពី​៥០០​ម៉ែត្រ​ការ៉េ​បាន​ចំនួន​១៣គំរោង ​ មាន​ផ្ទៃ​ក្រលា​១១.​១៩៧​ម៉ែត្រ​ការ៉េ ​និង​ទទួល​បាន​សេវា​សំណង់​ប្រចាំ​ឆ្នាំ​ចំនួន​៤៧.​០៣០​.០០០​រៀល ​។​ លោក​បាន​បន្តថា​ ការងារ​ចុះ​បញ្ជី​ដី​លើក​ដំបូង​តាម​លក្ខណៈ​ដាច់​ដោយ​ដុំ ​បាន​ចំនួន​៧៤ក្បាល​ដី ​មាន​ទំហំ​៤.៨៩២.៣៧៦ ​ម៉ែត្រ​ការ៉េ ​ក្នុង​នោះ​មាន​ដី​កសិ​កម្ម​ចំនួន​៤៧ក្បាល​ដី ​, ដី​សាង​សង់​ក្នុង​ក្រុង​ចំនួន​១៤ក្បាល​ដី ​ , ​ដី​សាង​សង់​ក្រៅ​ក្រុង​១៤ក្បាល​ដី ​ និង​ការ​ចុះ​បញ្ជី​ដី​រដ្ឋ​មាន​ចំនួន​២ក្បាល​ដី​។ ​ការ​ចុះ​បញ្ជី​ដំលើក​ដំបូង​ជា​លក្ខណៈ​ប្រព័ន្ធ​ គឺ​មន្ទីរ​បាន​កំណត់​ព្រំ ​និង​វាស់​វែង ​បាន​ចំនួន​២.៥២៧​ក្បាល​ដី ​ វិន្និច្ឆ័យ​បាន​ចំនួន​២.៥២៧​ក្បាល​ដី  ​,គូស​ក្បាល​ដី​បាន​ចំនួន​២.២៩៦​ក្បាល​ដី  ​,បញ្ចូល​ទិន្ន័យ​បាន​ចំនួន​២.២៦១​ក្បាល​ដី,​ ចែក​ប័ណ្ណ​បាន​ចំនួន​៦៧៧​ក្បាល​ដី​។​ លោក​បាន​បន្ត​ទៀត​ថា ​ទិស​ដៅ​ការងារ​ក្នុង​ឆ្នាំ​២០១៧​នេះ ​មន្ទីរ​នឹង​បន្ត​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រប័ន្ធ ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​រួច​រាល់​ក្នុង​សង្កាត់​ទួល​ល្វា ​និង​សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​និង​ត្រៀម​លក្ខណៈ​បើក​តំបន់​វិន្និច្ឆ័យ​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​សង្កាត់​ថ្មី​បន្តទៀត​។​ បន្ត​ចែក​បណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ឆាប់​រហ័ស។​ បន្ត​ជំរុញ​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដែល​នៅ​សេស​សល់​តាម​យន្តការ​គណ​កម្មាការ​សុរិយោដី ​ គណ​កម្មា​ការ​រដ្ឋ​បាល ​និង​ក្រុម​ដោះ​ស្រាយ​ទំនាស់​ដី​ចល័ត​។​ បន្ត​ពង្រឹង​ ត្រួត​ពិនិត្យ​ រាល់​ការ​ដ្ឋាន​សំណង់​ដែល​សាង​សង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​។​

​ឯក​ឧត្តម ​លាង​ មុន្នីរិទ្ធ ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​នីយ​កម្ម ​សំណង់​ និង​សុរិយោដី​បាន​មាន​ប្រសាសន៍ថា​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ប្រទេស​ជាតិ​កំពុង​មាន​កិត្យា​នុភាព ​ ដែល​កាន់​តែ​រីក​ស្រស់​ត្រកាល​ជា​លំដាប់​។ ​ជាក់​ស្តែង​ក្នុង​ឆ្នាំ២០១៦​ជា​ឆ្នាំ​វិសេស ​ដែល​រាជ​រដ្ឋា​ភិបាល​បាន​សំរេច​ធ្វើ​ការ​កែ​ទម្រង់​ស៊ី​ជំរៅ ​សំដៅ​ការពារ​ផល​ប្រយោជន៍​ដ៏​ពិសិដ្ឋ​របស់​ប្រជា​ជន​។​ ឯក​ឧត្តម​បាន​បន្តថា ​តាម​រយៈ​អង្គ​សន្និបាទ​នេះ​នឹង​មាន​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ចែក​រំលែក ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ នូវ​បទ​ពិសោធន៍​នៃ​ការ​អនុ​វត្ត​ការងារ​កន្លង​មក ​ និង​ធ្វើ​ការ​កំណត់​អំពី​ចំណុច​សកម្ម ​អសកម្ម ​បញ្ហា​ប្រឈម ​ និង​ដាក់​វិធាន​ការដោះ​ស្រាយ​បញ្ហា​នានា ​ពិសេស​លើ​ការងារ​ដីធ្លី ​និង​សំណង់ ​អោយ​សម​ស្រប​ទៅ​និង​ការ​វិវត្តន៍​រីក​ចំរើន​របស់​ខេត្ត ​និង​សង្គម​។ ​ឯក​ឧត្តម​ក៏​បាន​សំណូម​ពរ​សូម​អោយ​ប្រធាន​មន្ទីរ ​និង​មន្រ្តី​នៃ​មន្ទីរ​រៀបចំ​ដែនដី ​នគរូប​នីយ​កម្ម ​សំណង់​ និង​សុរិយោ​ដី​ខេត្ត ​ត្រូវ​បន្ត​ពង្រឹង ​គុណ​ភាព​ ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​សុរិយោដី ​និង​សំណង់​ ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​កាន់​តែ​ប្រសើ​ឡើង​។​ ពង្រឹង​កិច្ច​សហការ​ជា​មួយ​អង្គ​ភាព ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ប្រមូល​ចំណូល​ ចូល​ថវិកា​ជាតិ​។ ​បន្ត​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ ​ទាំង​ដីរដ្ឋ ​ដី​ឯក​ជន ​និង​ដី​សហ​គមន៍​ ដោយ​ក្នុង​នោះ​ត្រូវ​ធ្វើ​ការ​សំរួល​ទំហំ​តំបន់​វិន្និច្ឆ័យ​ពី​មួយ​ឃុំ ​មក​មួយ​ភូមិ​វិញ ​សំដៅ​ពង្រឹង​សុវត្ថ​ភាព​ នៃ​ការ​កាន់​កាប់​ដីធ្លី​របស់​ប្រជា​ពល​រដ្ឋ​។​

cpp-09-02-2017-001 cpp-09-02-2017-002 cpp-09-02-2017-003 cpp-09-02-2017-004 cpp-09-02-2017-005 cpp-09-02-2017-006vv

[youtube id= “dzDJiXvHkig”]