(06-02-2017) ប៉ៃលិន៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្តីពីការរឹតបណ្តឹងការអនុវត្តវិធានការណ៍ច្បាប់ ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត ប៉ៃលិន) ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមានសមាសភាពចូលរួមពីកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម កើត សុធា ប្រធានគណៈបញ្ជាការឯកភាពខេត្តលើកឡើងថា៖ គ្រប់បណ្តាកងឯកភាព ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងតាមគោលដៅ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា+ថៃ ត្រូវអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន សំដៅពន្រឹងសមត្ថកិច្ច និងការទទួលខុសត្រូវ ការងាររបស់គណៈបញ្ជាការឯកភាពខេត្ត ចំពោះការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិគ្រប់ប្រភេទ រួមទាំងការរុករានដីនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ។ឯកឧត្តម កើត សុធា ក៍បានមានប្រសាសន៍ជំរុញដល់ គ្រប់បណ្តាកងឯកភាព ត្រូវចូលរួមបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ចូលរួមទប់ស្កាត់ និងលប់បំបាត់បទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទនៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ។ឯកឧត្តម ក៍បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ មិនត្រូវពាក់ព័ន្ធជាមួយបទល្មើសផ្សេងៗជាដាច់ខាត ជាពិសេសគឺបទធនធានធម្មជាតិនេះតែម្តង ហើយ គណៈបញ្ជាការឯកភាពខេត្តរកឃើញថា មានមន្ត្រីយើងណាម្នាក់ចូលរួម ឬពាក់ព័ន្ធជាមួយហ្នឹងបទល្មើសទាំងអស់នោះដែរ គឺត្រូវតែឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កើត សុធា ក៍បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ មិនដាក់កុងត្រូលជជុះនៅតាមដងផ្លូវ ដើម្បីជំរិតទារលុយពីអ្នកធ្វើដំណើរនោះទេ ដែលបញ្ហានេះគឺបង្កឱ្យមានភាពអនាធិបតេយ្យនៅតាមដងផ្លូវ និងមានការរិះគន់ពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនោះ តំណាងកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ បានលើកយកចំនុចខ្លាំងនិងចំនុចខ្សោយ ដែលពាក់ព័ន្ធនឹងការងារការពារធនធានធម្មជាតិ មកពិភាគ្សាគ្នានៅក្នុងអង្គប្រជុំ ក្នុងគោលបំណងធ្វើឱ្យការអនុវត្តការងារនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។
[youtube id= “2mKtGQdC68M”]