គណៈកម្មកាទី១នៃព្រឹទ្ធសភាប្រជុំសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថ្នាក់ក្រោមជាតិនៅខេត្តប៉ៃលិន


(03-02-2017) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី​០៣​ខែកុម្ភៈ ​ឆ្នាំ​២០១៧ ​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​គណៈ​កម្ម​កា​ទី១​នៃ​ព្រឹទ្ធ​សភា​បាន​ប្រជុំ​ជា​មួយ​រដ្ឋ​បាល​ខេត្ត​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ​និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​ប្រជា​ពល​រដ្ឋ​ថ្នាក់​ក្រោម​ជាតិ​នៅ​ខេត្ត​ប៉ៃលិន​ ក្រោម​អធិបតីយ​ភាព​ ឯក​ឧត្តម​ ទាវ ​វណ្ណុល​ ប្រធាន​គណៈ​កម្មការ​ទី១​នៃ​ព្រឹទ្ធ​សភា ​ ឯក​ឧត្តម ​អៀង ​វុធ​ អភិ​បាល​ខេត្ត​ស្តីទី​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីសំណាក់​ឯក​ឧត្តម ​លោក​ជំទាវ​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត  ​ លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​អភិបាល​ស្រុក​/​ក្រុង​ កង​កំលាំង​គ្រប់​លំដាប់​ថ្នាក់​ផង​ដែរ​។​

​ឯក​ឧត្តម ​អៀង ​វុធ ​អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន​បាន​រាយ​ការណ៏​សង្ខេប​ស្តីពី​លទ្ធ​ផល​ការងារ​ពាក់​ព័ន្ធ​និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ​និង​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​៖​ដោយ​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​រាជ​ធានី​ខេត្ត ​ក្រុង ​ ស្រុក​ ខណ្ឌ ​និង​ឯក​សារ​គតិ​យុត្ត​នានា​ ជា​ធរ​មាន ​រដ្ឋ​បាល​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​បំផុត​ចំពោះ​ការ​លើក​តម្កើង​សិទ្ធិ​មនុស្ស​ និង​លើក​កម្ពស់​ជីវិត​ប្រជា​ពល​រដ្ឋ​អោយ​បាន​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​។​រាល់​ការ​ដោះស្រាយ​វិវាទ​នានា​រដ្ឋ​បាល​ខេត្ត​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​វិធាន​គតិ​យុត្ត​ជា​ធរមាន​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ធំ​ គោរព​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត ​សិទ្ធិ​លំនៅ​ដ្ឋាន​ ជា​ពិសេស​ផ្តល់​សេវា​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ​លើក​កម្ពស់​សមធម៌​ទាំង​សេវា​អប់រំ​ និង​សេវា​សុខា​ភិបាល​ ព្រម​ទាំង​បង្កើន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន​រូបវ័ន្ត​ ផង​ដែរ។​ឯក​ឧត្តម​បន្តថា​៖​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​រដ្ឋ​បាល​ខេត្ត​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​៤៤​ករណី ​ក្នុង​នោះ​មាន​បណ្តឹង​ទំនាស់​ដីធ្លី​មាន​ចំនួន​២២​ករណី ​បណ្តឹង​ទំនាស់​ផ្សេងៗ​មាន​ចំនួន​២២​ករណី ​ហើយ​បាន​ដោះ​ស្រាយ​រួច​បាន​ចំនួន​២៩ ​ករណី ​និង​ករណី​បណ្តឹង​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ចំនួន​០៧ ​។​បណ្តឹង​នៅ​សល់​កំពុង​ដោះ​ស្រាយ​បន្ត​មាន​ចំនួន​០៧​ករណី​។​

​កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា​និង​លើក​ឡើង​បញ្ហា​ប្រឈម​របស់​ប្រជា​ពល​រដ្ឋ​មាន​ដូច​ជា​៖​១/​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ភូមិ​ផ្សា​ព្រំ​មាន​ចំនួន​១៣០​គ្រួសារ​។​ទី២/​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ឃុំ​ស្ទឹង​ត្រង់​មាន​ចំនួន​៧០​ហិតា ​ជា​ដី​ស្រែ។​ទី៣​/​បញ្ហា​ប្រជា​ពល​រដ្ឋ​នៅ​សង្កាត់​អូរតា​វ៉ៅ​អាស្រ័យ​ផល​បះ​ពាល់​ដី​បរិស្ថាន​។​ទី៤/​បញ្ហា​គ្រឿងញៀន​។​ទី៥/​បញ្ហា​ប្រជា​ពល​រដ្ឋ​ត្អួញ​ត្អែ​អំពី​សេវា ​ធ្វើ​ប្លង់​ដី​មាន​តំលៃ​ខ្ពស់​។​

​ឯក​ឧត្តម ​ធូ ​ភា ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ក៏​បាន​បក​ស្រាយ​បំភ្លឺ​ពី​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​តាម​និតិ​វិធី​ និង​ជំហាន​នីមួយៗ​ដើម្បី​អោយ​ប្រធាន​គណៈ​កម្មការ​ទី១​នៃ​ព្រឹទ្ធ​សភា ​និង​គណៈ​ប្រតិភូ​បាន​យល់​កាន់​តែ​ច្បាស់ ​ស្រប​តាម​ច្បាប់​យុទ្ធ​សាស្រ្ត​ និង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​អោយ​បាន​ល្អ ​សំដៅ​លើក​កំពស់​ជីវភាព​ និង​គុណ​ភាព​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​គឺ​ថែរក្សា​សុវត្តិ​ភាព​សណ្តាប់​ធ្នាប់​ និង​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព​បាន​ល្អ​ប្រសើ​ឡើង​។​

​ឯក​ឧត្តម ​ទាវ​ វណ្ណុល​ ប្រធាន​គណៈ​កម្មការ​ទី១​នៃ​ព្រឹទ្ធ​សភា​ បាន​មាន​ប្រសាសន៏​ថា​៖​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​ក្នុង​គោល​បំណង​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​របស់​ប្រជា​ពល​រដ្ឋ​ថ្នាក់​ក្រោម​ជាតិ​នៅ​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​សួនាំ​ពី​បញ្ហា​ដែល​ប្រជា​ពល​រដ្ឋ​លើក​ឡើង​ដើម្បី​អោយ​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​ធ្វើ​ការ​បក​ស្រាយ​ និង​អោយ​សមាជិក​របស់​គណ​កម្មការ​ទី១​នៃ​ព្រឹទ្ធ​សភា​ធ្វើ​ការ​កត់​ត្រា​ទុក​សំរាប់​រាយ​ការណ៍​ជូន​ថ្នាក់​ដឹកនាំ​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ជា​ជំហានៗ​ ​។​ឯក​ឧត្តម​បន្ត​ថា៖​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទំនាស់​របស់​ប្រជា​ពល​រដ្ឋ​ទៅ​តាម​និតិវិធី​និង​ច្បាប់​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​។​ ដូច្នេះ​រដ្ឋ​បាល​ខេត្ត​គ្រប់​ថ្នាក់​ត្រូវ​តែ​បន្ត​ជំរុញ​ដល់​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​អោយ​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​អោយ​បាន​ឆាប់​រហ័ស​ ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​និង​ គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ។​

cpp-03-02-2017-005 cpp-03-02-2017-006 cpp-03-02-2017-007 cpp-03-02-2017-008 cpp-03-02-2017-009 cpp-03-02-2017-010vv

[youtube id= “XfMh8_kC58c”]