(03-02-2017) ប៉ៃលិន៖ ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង/ ស្រុក ក្រុមប្រឹក្សាក្រុង/ ស្រុក លោកមេឃុំ /ចៅសង្កាត់ ,ស្មៀនឃុំ /សង្កាត់ លោកមេភូមិ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
តាមសេចក្តីប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច៖ ប្រការ១ អនុញ្ញាតិអោយរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាលរបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ ដល់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រការ២ សេវារដ្ឋបាលដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាលដែលមានរាយលម្អិតពីតម្លៃសេវា , រយៈពេលអតិបរមានៃការផ្តល់សេវា, និងសុពលភាព ទៅតាមប្រភេទសេវារដ្ឋបាលនីមួយៗ។ តម្លៃសេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានចែងនៅក្នុងតារាងឧបសម្ព័ន្ធ មានពីប្រភេទគឺៈ ទី១ត្រូវបានកំណត់តម្លៃអតិបរមា និង ទី២ ត្រូវបានកំណត់តម្លៃសេវាជាក់លាក់។ ប្រការ៣ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវដាក់ចេញនូវដីការដើម្បីកំនត់នូវតម្លៃសេវារដ្ឋបាលជាក់ស្តែង សម្រាប់ប្រតិបត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែមិនត្រូវលើសពីតម្លៃអតិបរមាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះឡើយ។ ចំពោះតម្លៃជាក់លាក់ដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនោះ គឺពុំមានសិទ្ធកែសម្រួលតម្លៃសេវារដ្ឋបាលទាំងនោះឡើយ។ ប្រការ៤ ក្នុងការកំណត់តម្លៃសេវារដ្ឋបាលនេះ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវពិចារណាលើការកំនត់តម្លៃអនុគ្រោះចំពោះប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ដែលបញ្ជាក់ទទួលស្គាល់ដោយមេឃុំ /ចៅសង្កាត់។ ក្នុងសេចក្តីប្រកាសអន្តរក្រសួងនេះ ក៏មានសេវារដ្ឋបាលមួយចំនួន មិនទាមទាកម្រៃសេវាពីប្រជាពលរដ្ឋដូចជាៈ សំបុត្រកំណើត(ក្នុងរយៈពេល៣០ថ្ងៃក្រោយកើត) ,សំបុត្របញ្ជាក់កំណើត, សេចក្តីចម្លងសំបុត្រកំណើត, ឬបញ្ជាក់កំណើត , បណ្ណប្រកាសអាពាហ៍ពិពាហ៍, សំបុត្រអាពាហ៍ពិពាហ៍ , សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព និង សេចក្តីចម្លងសំបុត្រមរណភាពជាដើម។
អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន បានមានប្រសាសន៍ថា គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានបន្តអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ សំដៅធានានូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយចីរភាព។ ស្របគ្នានឹងការអនុវត្តកំណែទម្រង់ដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការផ្ដល់សេវាសាធារណៈក្នុងនោះ បានយកចិត្តទុកដាក់ជាពិសេសលើបណ្តាសេវារដ្ឋបាលនានា ដែលនឹងត្រូវផ្ដល់ជូនសាធារណជន ដោយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ រាប់ចាប់តាំងពីរដ្ឋបាលដែនដីថ្នាល់រាជធានី/ខេត្ត និងក្រុង/ស្រុក/ខណ្ឌ រហូតដល់រដ្ឋបាលមូលដ្ឋានថ្នាក់ឃុំ/សង្កាត់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ប្រកាសអន្តរក្រសួងថ្មីនេះក៏ មានគោលបំណងកែសម្រួលបណ្តាសេវាមួយចំនួន ពីថ្នាក់ខេត្ត ទៅអនុវត្តនៅថ្នាក់ក្រុង/ ស្រុក ដើម្បីបង្ខិតសេវាចាំបាច់មួយចំនួនអោយកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ បានកែសម្រួលកម្រៃសេវាមួយចំនួនទៀតអោយកាន់តែសមស្របទៅតាមជីវភាព និងតម្រូវការរបស់សាធារណៈជនផងដែរ។ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/ សង្កាត់ ត្រូវអនុវត្តនូវការងារមួយចំនួនគឺ៖ ទី១ បោះពុម្ព និងបិតផ្សាយនូវតារាងប្រភេទសេវា និងកម្រៃសេវាថ្មី ដែលរដ្ឋបាលនីមួយៗត្រូវទទួលបន្ទុកអនុវត្ត។ ទី២ ត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់នូវរាល់ខ្លឹមសារណែនាំដូចមានចែងក្នុងប្រកាសអន្តរក្រសួងនេះ។ ទី៣ ត្រូវរក្សាអោយបាននូវចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ រក្សាទំនាក់ទំនងល្អ រវាងបណ្តាមន្ទីរ អង្គភាពជំនាញ ដើម្បីទទួលបាននូវកិច្ចសហការល្អ និងប្រសិទ្ធភាពការងារ។ ទី៤ ចំពោះរដ្ឋបាលខេត្តប៉ៃលិន រដ្ឋបាលស្រុកសាលាក្រៅ ដែលពុំទាន់មានការិយាល័យច្រកចេញចូលតែមួយ ត្រូវបង្កើតអោយបាននូវយន្តការច្រកចេញចូលតែមួយដោយកំណត់យកនូវយន្តការរដ្ឋបាលបច្ចុប្បន្ន ហើយធ្វើការប្រគល់ភារកិច្ច និងការទទួលខុសត្រូវជូនដល់មន្រ្តីជាក់លាក់ ក្នុងការបម្រើសេវារដ្ឋបាលជូនសាធារណៈជន។ ទី៥ ត្រូវធានាអោយបាននូវភាពស្អាតស្អំ ជៀសវាងការយកកំរ៉ៃលើសការកំណត់ ឬកិបកែងយកផលប្រយោជន៍ផ្ទាល់ខ្លួនដោយពុំបានចេញវិក័យប័ត្រ ដែលផ្តល់ដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឡើយ៕
[youtube id= “i6xqLd0qe40”]