(31-01-2017) ប៉ៃលិន៖ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បានធ្វើសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅសំរាប់ ឆ្នាំសិក្សា២០១៦-២០១៧ ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់និង អង្គការដៃគូរផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖សន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជននិងកីឡាខេត្តប៉ៃលិនឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧នៅពេលនេះគឺមានគោលបំណងអោយនាយកនាយរង លោកគ្រូអ្នកគ្រូ នៅតាមសាលាទូទាំងខេត្តប៉ៃលិនពិភាក្សាពីវិធានបទដែលក្រសួងដាក់ជូន និងលើកឡើងពីបញ្ហាប្រឈមនានាដែលឆ្នាំកន្លងទៅយកមកដោះស្រាយ។ដូច្នេះមន្ត្រីអប់រំនិងលោកគ្រូអ្នកគ្រូត្រូវលើកជាសំនួរអោយបានផុលផុស និងត្រូវស្តាប់ការណែនាំពីមន្ទីរអប់រំយុវជននិងកីឡាដើម្បីអោយការងារនៅឆ្នាំ២០១៧នេះទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពវិស័យអប់រំអោយកាន់តែប្រសើឡើង។
អង្គសន្និបាតក៏បានពិភាក្សាផ្លាស់ប្តូយោបល់អំពីប្រធានបទនីមួយៗនិងលើកឡើងពីបញ្ហាប្រឈមនានាដែលអនុវត្ត១ឆ្នាំកន្លងមក ដើម្បីដោះស្រាយនិងលើកទិសដៅការងារសំរាប់អនុវត្តឆ្នាំ២០១៧ អោយបានប្រសិទ្ធិភាព។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានឲ្យដឹងថាៈសាលារៀនសរុបទូទាំងខេត្តប៉ៃលិនមាន១០០សាលាក្នុងនោះសាលាឯកជន១៦សាលា សាលាមត្តេយ្យសិក្សា២៧សាលា សាលាបឋមសិក្សា៤៩សាលា សាលាអនុវិទ្យាល័យ៦សាលា សាលាវិទ្យាល័យ២សាលា សាលាមតេ្តយ្យសិក្សាឯកជន៨សាលា។ សិស្សសរុបទូទាំងខេត្តប៉ៃលិនចំនួន១៥.៣១០នាក់ស្រី៧.៤៨១នាក់ក្នុងនោះមានសិស្សមេត្តេយ្យសិក្សាចំនួន៩១៤នាក់ ស្រី៤៥៣នាក់សិស្សបឋមសិក្សាចំនួន១០.៤០៨នាក់ ស្រី៥.០៣៤នាក់ សិស្សអនុវិទ្យាល័យចំនួន១.៥៣០នាក់ ស្រី៧.៤៨១នាក់ និងសិស្សវិទ្យាល័យចំនួន២.៤៥៨នាក់ស្រី១.២៥២នាក់។លទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៥-២០១៦ កន្លងមក សិស្សទទួលបាន និទ្ទេសA ចំនួន១នាក់ និទ្ទេសB ៧នាក់ និទ្ទេសC ២៣នាក់ និទ្ទេសD៤៨នាក់ និទ្ទេសE ១៨៣នាក់ ។លោកគ្រូអ្នកគ្រូនិងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់បានសហការជាមួយសហគមន៍ចុះបំពេញការងារតាមតួនាទីនិងភារកិច្ចយ៉ាងសកម្មនិងពុះពារគ្រប់ឧបសគ្គទទួលបានលទ្ធផលល្អ។ជាក់ស្តែងមន្ត្រីអប់រំទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តនិងរិះរកវិធានការណ៍ល្អៗដើម្បីឲ្យស្របតាមគោលនយោបាយដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៣-២០១៨ជាមួយ និងផែនការសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ។លោកបន្តថាៈក្នុងរយះពេល១ថ្ងៃនេះ អង្គសន្និបាតបានធ្វើការពិភាក្សាលើប្រធានបទជាច្រើនចំណុចក្នុងគោលបំណង ការពិនិត្យឡើងវិញពីវឌ្ឍនភាពនៃការអនុវត្តផែនការទិសដៅដែលអង្គសន្និបាតឆ្នាំកន្លងមកបានអនុម័ត។ការពិនិត្យលើការប្រែប្រួលរីកចម្រើនថ្មីៗ លើការកែលម្អគុណភាព និងប្រសិទ្ធភាពអប់រំពិសេសការរៀន និងបង្រៀននៅលើគ្រប់ផ្នែក និងគ្រប់ភូមិសិក្សា។ពិនិត្យឡើងវិញពីប្រសិទ្ធិភាពនៃការគ្រប់គ្រងបុគ្គលិកថវិកា និងការប្រើប្រាស់។ការដាក់ចេញអនុសាសន៍និងវិធានការជាយុទ្ធសាស្ត្រសំរាប់អនុវត្តបន្តនៅឆ្នាំខាងមុខជាបន្តទៀត។
ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងមន្រ្តីនៃមន្ទីរអប់រំយុវជននិងកីឡា សហគមន៍ ដែលកន្លងមកបានបំពេញតួនាទីនិងភារកិច្ចយ៉ាងសកម្មពុះពារគ្រប់ឧបសគ្គខិតខំយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សដល់កូនចៅប្រជាពលរដ្ឋបានល្អប្រសើរ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអទិភាពដោយបានកសាងសាលារៀននៅគ្រប់ច្រកល្ហករហូតដល់ភូមិដាច់ស្រយ៉ាលក្នុងគោលដៅបង្ខិតសាលារៀនឲ្យជិតលំនៅដ្ឋានប្រជាពលរដ្ឋដើម្បីបង្កឱកាសកាន់តែងាយស្រួលថែមទៀតដល់ការសិក្សា ពិសេសសិស្សនារី ។ ឯកឧត្តមបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ត្រូវយកអនុសាសន៍ល្អៗដែលអង្គសន្និបាតលើកឡើងសំរាប់អនុវត្តទិសដៅការងារអប់រំឆ្នាំ២០១៦-២០១៧នេះឲ្យមានប្រសិទ្ធិភាពផង និងឆ្នាំបន្តបន្ទាប់ឲ្យកាន់តែប្រសើរ ព្រោះថាការអប់រំត្រូវធ្វើជាប្រចាំនិងបន្តទៅជំនាន់មួយទៅជំនាន់មួយទៀត។ ពិសេសត្រូវអប់រំដល់សិស្សានុសិស្សទាំងអស់ពីបញ្ហាចរាចរណ៏ បញ្ហាគ្រឿងញៀន បញ្ហាជំងឺអេដស៏ បញ្ហាការប្រយុទ្ធបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងត្រូវអោយចូលរួមសកម្មភាពការងារសង្គម នយោបាយ ការងារមនុស្សធម៏ដើម្បីសិស្សានុសិស្សយល់ពីបញ្ហាទាំងនោះ។ទន្ទឹមនឹងនេះលោកគ្រូអ្នកគ្រូទាំងអស់ត្រូវ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អដើម្បីបំពេញ ការងារបន្តលើវិស័យអប់រំឲ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរគណៈធិបតីក៏បានបំពាក់មេដាយការងារជូនដល់មន្ត្រីអប់រំយុវជននិងកីឡា ដែលមានស្នាដៃក្នុងបំពេញភារកិច្ចបានល្អ ក្នុងនោះមេដាយមាសចំនួន២៩មេដាយប្រាក់ចំនួន៣៣ និងមេដាយសំរិទ្ធិចំនួន៣៤ផងដែរ។
[youtube id= “5BWOmDPjT40”]