(23-01-2017) ប៉ៃលិន៖ នៅស្រុកសាលាក្រៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៧មានរៀបចំពិធីប្រគល់ ទទួលអាគាររដ្ឋបាល និងអាគារសាលប្រជុំសាលាស្រុកថ្មី ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកគំរោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ និងប្រធាន អនុប្រធានភូមិផងដែរ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបានអោយដឹងថាៈស្រុកសាលាក្រៅទទួលបានកញ្ចប់ថវិកាចំនួន២៦៩៦៨៣.៦២ដុល្លា(ពីររយហុកសិបប្រាំបួនពាន់ប្រាំមួយរយប៉ែតសិបបីដុល្លា និងហុកសិបពីរសេន)ក្នុងនោះបានអនុវត្តលទ្ធកម្មតាមវិតីវិធីកិច្ចលទ្ធកម្មរបស់គំរោង ហើយរដ្ឋបាលស្រុកបានប្រគល់កិច្ចសន្យាសាងសង់អាគាររដ្ឋបាល និងអាគារសាលប្រជុំទៅអោយក្រុមហ៊ុន CADE Group Cambodia Co,LTD ជាអ្នកអនុវត្តតាមរយះលិខិតលេខ ៦៥៩ចុះថ្ងៃទី១០សីហាឆ្នាំ២០១៥របស់សាលាស្រុកសាលាក្រៅ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈស្រុកសាលាក្រៅកាលពីមុនជាតំបន់ដាច់ស្រយាលខ្វះខាតធនធាននិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន តែដោយសារមានការខិតខំពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការឧបត្ថមគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងនោះ បានធ្វើអោយស្រុកសាលាក្រៅមានការអភិវឌ្ឍន៍រីកចំរើនគួរអោយកត់សំគាល់។ជាក់ស្តែង ការប្រគល់ ទទួលអាគាររដ្ឋបាល អាគារសាលប្រជុំសាលាស្រុកថ្មី អណ្តូងទឹក និងក្លោងទ្វារពេលនេះ គឺបានបង្ហាញសមិទ្ធផលថ្មីដែលជាការយកចិត្តពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ទីកន្លែងធ្វើការសមរម្យដល់មន្ត្រីរាជការសំរាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយប្រសើឡើង។
ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកគំរោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការបានកោតសរសើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនបានល្អ និងបានពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើ។ ឯកឧត្តមបន្តថាៈការរៀបចំពិធីប្រគល់ ទទួលអាគាររដ្ឋបាល អាគារសាលប្រជុំសាលាស្រុកថ្មីគឺជាគំរោងគាំទ្រហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែទំរង់វិមជ្ឈការនិងសហវិមជ្ឈការ។គំរោងគាំទ្រហិរញ្ញវត្ថុដល់ថ្នាក់ក្រោមជាតិមាន ការកសាងអាគាររដ្ឋបាលដំណាក់កាលទី១ចំនួន៣៤ អាគារទូទាំងប្រទេស គាំទ្រហិរញ្ញវត្ថុរៀបចំផែនទីបង្ហាញផ្លូវតាមបែបវិមជ្ឈការ សហវិមជ្ឈការ គឺការប្រមូលពន្ធ រៀបចំយន្តការឧបករវិន្និឆ្ឆ័យ សំភារៈនិងថវិកា និងការកសាងសមត្ថភាពមន្ត្រីគ្រប់គ្រងថវិកា។ ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធផលថ្មីនេះអោយបានល្អដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។
[youtube id= “Bz8GVtxgwSI”]