ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បានប្រកាសចូលកាន់តំណែងជាផ្លូវការ បន្ទាប់ពីប្រធានមន្ទីរចាស់ចូលនិវត្តន៍


(18-01-2017) ប៉ៃលិន៖ ថ្ងៃទី១៨ ​ខែមករា ​ឆ្នាំ២០១៧ ​លោក​វេជ្ជ​បណ្ឌិត​ អាង​ នាង ​អតីត​អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ បន្ទាប់​ពី​លោក​ វេជ្ជ​បណ្ឌិត ​សេង​ រ៉ន​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ចាស់​បាន​ចូល​និវត្តន៍​។​ ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្មីនេះ ​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ប៉ៃលិន​ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​បណ្ឌិត​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯក​ឧត្តម​ ឡី​ ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​កើត​សុធា​ អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ លោក​ជំទាវ​អភិបាល​រង​ខេត្ត​ ឯក​ឧត្តម​ លោក​ជំទាវ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ​លោក​អភិបាល​ក្រុង ​អភិបាល​ស្រុក​ ព្រះ​រាជ​អាជ្ជា​អម​សាលា​ដំបូង​ខេត្ត ​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​រាជការ ​កង​កំលាំង​ប្រដាប់​អាវុធ ​ជា​ច្រើន​នាក់​។​

​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​លេខ ​៧៥៤ ​ស​.​ន​.ប​ ចុះថ្ងៃ​ទី១២​ ខែ​ធ្នូ ​ឆ្នាំ​២០១៦​ បាន​សំរេច​តែង​តាំង​លោក​វេជ្ជ​បណ្ឌិត​ អាង​ នាង ​ជា​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន​ ជំនួស​លោក​វេជ្ជ​បណ្ឌិត​ សេង​ រ៉ន​ ដែល​បាន​ស្នើ​សុំ​ចូល​និវត្តន៍​មុន​អាយុ​កំណត់​។​

​លោក​វេជ្ជ​បណ្ឌិត ​សេង​ រ៉ន​ អតីត​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​របាយការណ៍​ស្តីពី​សមិទ្ធ​ផល​ដែល​សំរេច​បាន​ ក្នុង​ឱកាស​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​  អោយ​ដឹង​ថា​ ក្រោយ​ពី​ក្រុង​ប៉ៃលិន​ត្រូវ​បាន​ធ្វើ​សមាហ​រណ​កម្ម​ក្នុង​ឆ្នាំ​១៩៩៦​  ក្រោម​នយោ​បាយ​ឈ្នះ ​ឈ្នះ ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ក្រុង​ប៉ៃលិន​បាន​រៀប​ចំ​ចង​ក្រង​ ជា​ក្រុម​គ្រូ​ពេទ្យ,​ ជា​រចនា​សម្ព័ន្ធ​ដឹកនាំ​មន្ទីរ​សុខា​ភិបាល ​ដែល​មាន​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​មួយ ​និង​ថ្នាក់​ខ័ណ្ឌ​ មាន​មណ្ឌល​សុខ​ភាព​ចំនួន២​។ ​ក្រោយ​ពី​មាន​ការ​ធ្វើ​កំណែ​ទំរង់​ជា​បន្ត​បន្ទាប់​ ផ្អែក​តាម​តម្រូវ​ការ ​និង​កំណើន​របស់​ប្រជា​ពល​រដ្ឋ​ វិស័យ​សុខា​ភិបាល​ត្រូវ​បាន​ពង្រីក​ជា​លំដាប់​ដែល ​រហូត​ដល់​បច្ចុប្បន្ន​នេះ ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន​គ្រប​ដណ្តប់​ប្រជា​ជន​ទូទាំង​ខេត្ត ​ចំនួន​៦៧៦០១​នាក់ ​ មាន​ស្រុក​ប្រតិប័ត្ត​ចំនួន​១ ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​CBA2​ មួយ​កន្លែង ​មណ្ឌល​សុខ​ភាព​MPA ​ពេញ​លេញ​៦​កន្លែង ​និង​ VCCT​ ៣​កន្លែង ​ និង​មាន​គ្លីនិច​កាម​រោគ​មួយ​កន្លែង​។​ មាន​គ្រែ​សរុប​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មាន​ចំនួន​៦៥គ្រែ ​ក្នុង​នេះ​គ្រែ​សំរាប់​អ្នក​ជំងឺ​របេង​ចំនួន​១០គ្រែ​ ដោយ​គិត​ជា​មធ្យម​គ្រែ​មួយ​សំរាប់​ប្រជា​ជន​១០៤០​នាក់​។ ​បុគ្គ​លិក​សុខា​ភិបាល​ដែល​កំពុង​បំរើ​ការ​ក្នុង​វស័យ​សុខា​ភិបាល​សាធារណៈ​ទូទាំង​ខេត្ត​មាន​ចំនួន​១៩១​នាក់ ​ស្រី​៨៨​នាក់​ ។​

​ឯក​ឧត្តម​ កើត​សុធា ​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ដែល​ឡើង​កាន់​តំណែង​ថ្មី​នេះ ​ត្រូវ​រក្សា​អោយ​បាន​ល្អ​នូវ​សមិទ្ធិផល​ចាស់ៗ​ដែល​មាន​កន្លង​មក​ និង​ខិតខំ​កសាង​អភិវឌ្ឍន៍​អោយ​សំរេច​បាន​នូវ​សមិទ្ធិ​ផល​ថ្មី, ​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត ​ជំរុញ​វិស័យ​សុខា​ភិបាល ​អោយ​មាន​ការ​រីក​​ចំរើន​ បំរើ​សេវា​សុខ​ភាព​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​យើង​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​សែន ​ជា​នាយក​រដ្ឋ​មន្រ្តី​ មាន​ការ​គិតគូ​ខ្ពស់​ពី​សុខ​ទុក្ខ ​ជីវ​ភាព​របស់​មន្រ្តី​រាជ​ការ​យើង​។​ ជាក់ស្តែង​តាម​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ គឺ​មន្រ្តីរាជ​ការ​យើង​ត្រូវ​បាន​តម្លើង​ប្រាក់​បៀវត្សន៍ ​ជា​រៀងរាល់​ឆ្នាំ ​ដើម្បី​លើក​កំពស់​ជីវភាព​របស់​មន្រ្តី​រាជការ​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ណែនាំ​សូម​អោយ​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​តែង​តាំង​ថ្មី​ ត្រូវ​បែង​ចែក​ការងារ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​រាជការ​ ក្រុម​គ្រូ​ពេទ្យ​នៅ​ក្នុង​មន្ទីរ​សុខា​ភិបាល​អោយ​បាន​ច្បាស់​លាស់​  តាម​មុខ​ជំនាញ​រៀងៗ​ខ្លួន​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​លិខិត​ប្រទាក់​ដ្ឋាន​នានា ​ដើម្បី​ធានា​នូវការ​អនុវត្ត​ការ​ផ្តល់​សេវា​សុខ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​។ ​ឯក​ឧត្តម​ ក៏​បាន​ណែនាំ​សូម​អោយ​ក្រុម​គ្រូពេទ្យ​ទាំង​អស់​ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌​គ្រូ​ពេទ្យ ​ប្រើ​ឥរិយា​បទ ​ពាក្យ​សំដី​អោយ​បាន​សមរម្យ​ ជា​មួយ​ប្រជា​ពល​រដ្ឋ​ អ្នក​ជំងឺ​ ទើប​មាន​ការ​គាំទ្រ ​និង​កោត​សរសើ​ពី​ប្រជា​ពល​រដ្ឋ​មក​វិញ​ ។​

​ឯក​ឧត្តម​បណ្ឌិត ​ម៉ម ​ប៊ុន​ហេង ​រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​បាន​មាន​ប្រសាសន៍ថា​ ខេត្ត​ប៉ៃលិន​មាន​មន្ទីរ​ពេទ្យ​បង្អែក ​និង​មាន​មណ្ឌល​សុខ​ភាព​សុទ្ធ​តែ​ល្អៗ ​ហើយ​របៀប​របប​ធ្វើ​ការងារ​, ការ​ស្លៀក​ពាក់​ របស់​ក្រុម​គ្រូ​ពេទ្យ ​ក៏​មាន​ការ​ល្អ​ប្រសើ​ផង​ដែរ ​ពិសេស​មាន​ទឹកចិត្ត​ជួយ​ដល់​ប្រជា​ពល​រដ្ឋ ​អ្នក​ជំងឺ​ដោយ​អស់​ពី​សមត្ថ​ភាព​ អស់​ពី​ចិត្ត​ពី​ថ្លើម ​ដែល​ជា​គុណ​សម្បត្ត​ដ៏ធំ​របស់​ក្រុម​គ្រូ​ពេទ្យ​យើង​។​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា​ តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ គឺ​មន្ទីរ​ពេទ្យ​បង្អែក​របស់​យើង​ក៏​នៅ​មាន​ទំហំ​តូច​ចង្អៀត ​មិន​ទាន់​សម​ស្រប​ទៅ​នឹង​ចំនួន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​នៅ​ឡើយ ​ ដូច្នេះ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ​យើង​នឹង​ពង្រីក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​អោយ​បាន​កាន់​តែ​ធំ​ជាង​នេះ​បន្ថែម​ទៀត​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា​ ក្រុម​គ្រូ​ពេទ្យ​ និង​មន្រ្តី​រាជការ​ទាំង​អស់​ គឺ​ជា​មន្រ្តី​របស់​រដ្ឋ​ ត្រូវ​ធ្វើ​ការងារ​ជំនាញ​អោយ​បាន​ល្អ ​ត្រឹម​ត្រូវ​ទៅ​តាម​គោល​នយោ​បាយ​ ការណែនាំ​របស់​រដ្ឋា​ភិបាល​។ ​អំពើ​ខុស​ឆ្គង​របស់​មន្រ្តី ​គឺ​បាន​ធ្វើ​អោយ​ខូច​ខាត​  ប៉ះពាល់​ដល់​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​ ដែល​យើង​ត្រូវ​តែ​ធ្វើ​កា​រកែលំ​អរ​អោយ​បាន​ឆាប់​រហ័ស​។​ឯក​ឧត្តម​បាន​ណែនាំ​សូម​អោយ​មន្រ្តី​រាជ​ការ​ ក្រុម​គ្រូពេទ្យ​ទាំង​អស់ ​ត្រូវ​មាន​ការ​សាមគ្គី​សហ​ការ​គ្នា​អោយ​បាន​ល្អ ​និង​ត្រូវ​ចូល​រួមការ​អប់រំ​ បណ្តុះ​បណ្តាល​ បំប៉ន​ ធន​ធាន​មនុស្ស​របស់​យើង​អោយ​បាន​កាន់​តែ​ខ្លាំង​ខ្លា ​និង​សម​ស្រប​តាម​ជំនាញ​របស់​ខ្លួន​៕​

cpp-18-01-2017-001 cpp-18-01-2017-002 cpp-18-01-2017-003 cpp-18-01-2017-004vv

[youtube id= “-_qw2tKm7L8”]