គណៈកម្មាធិការគណបក្សប្រជាជនឃុំស្ទឹងត្រង់ ធ្វើសន្និបាតបូកសរុបសមិទ្ធិផលការងារ៥ឆ្នាំ និង លើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២


(15-01-2017) ប៉ៃលិន៖ ​គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ស្ទឹង​ត្រង់​ស្រុក​សាលា​ក្រៅ ​នៅ​ព្រឹក​ថ្ងៃទី១៥ ​មករា ​ឆ្នាំ២០១៧​ បាន​រៀប​ចំ​ធ្វើ​សន្និបាត​បូក​សរុប​សមិទ្ធិ​ផល​ការងារ ​៥ឆ្នាំ ​និង​លើក​ទិស​ដៅ​ការងារ ​៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​ ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ អ៊ី​ ឈាន​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម ​កើត​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​សមា​ជិក​សមា​ជិកា ​គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្នាក់​ខេត្ត​ ស្រុក ​ ប្រធាន​ អនុ​ប្រធាន​បក្ស​ភូមិ​ បក្ស​ឃុំ ​និង​សមា​ជិក​សមា​ជិការ​បក្ស​ចំនួន​៤៧៥​នាក់​ផង​ដែរ​ ។​

​លោក ​កែវ​ រំដេត​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់​ និង​ជា​ប្រធាន​គណ​បក្ស​ឃុំ​ បាន​អាន​របាយការ​ពី​សមិទ្ធិ​ផល​ការងារ ​៥ឆ្នាំ ​គណៈ​កម្មា​ធិការ​គណ​បក្ស​ឃុំ​ស្ទឹង​ត្រង់ ​និង​លើក​ទិស​ដៅ​ការងារ​ ៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​។​ ក្នុង​រយៈ​ពេល​៥ឆ្នាំ ​នៃ​អាណត្តិ​របស់​ខ្លួន​កន្លង​មក​នេះ ​ក្រុម​ប្រឹក្សា​ឃុំស្ទឹង​ត្រង់​ បាន​បំពេញ​តួនា​ទី​សហការ​ដឹកនាំ​ប្រជា​ជន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ដោយ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​អស់​កម្លាំង​កាយ​ចិត្ត​អនុវត្ត​នូវ​គោល​នយោបាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ ​ដំណាក់​កាល​ទី៣ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​ជា​ប្រមុខ​ ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ជន​ឲ្យ​បាន​អតិបរមា​។​ ធ្វើ​កម្ម​វិធី​នយោ​បាយ​អភិវិឌ្ឍន៍​ឃុំ ​ជា​ពិសេស​ការ​អនុវត្តន៍​គោល​នយោ​បាយ​វិមជ្ឍ​ការ​នៅ​ថ្នាក់​ឃុំ​សង្កាត់​ ការ​អនុវត្តន៍​គោល​នយោ​បាយ​អភិបាល​កិច្ច​ល្អ ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​មូល​ដ្ឋាន​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​។​ជាក់​ស្តែង​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់​ បាន​ធ្វើ​ការ​អភិវឌ្ឍន៍​រីក​ចំរើន​ទៅ​លើ​គ្រប់​វិស័យ ​ដូច​ជា​កសាង​ផ្លូវ​ ស្ពាន​ សាលា​រៀន ​មណ្ឌល់​សុខ​ភាព​ ប្រព័ន្ធ​ធារា​សាស្ត្រ​ បណ្តាញ​អគ្គីស​នី​ និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ទៀត​ដែល​បំរើ​អោយ​ផល​ប្រជា​ជន​នៅ​មូល​ដ្ឋាន​។​ ទន្ទឹម​នេះ​គណ​បក្ស​ឃុំ​បាន​លើក​ទិស​ដៅ​៥ឆ្នាំ​បន្ត​២០១៧​-​២០២២​ ឆ្ពោះ​ទៅ​ការ​អភិឌ្ឍន៍​មូល​ដ្ឋាន​លើ​គ្រប់​វិស័យ​ ដើម្បី​បង្កើត​ជីវ​ភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ដែល​មាន​ចំណុច​សំខាន់​ដូច​ជា​ ៖​   លើក​កម្ពស់​ស្ថាន​ភាព​សង្គម ​ សេដ្ឋ​កិច្ច​នៅ​ជន​បទ ​ ពង្រឹង​ និង​លើក​កម្ពស់​សិទ្ធ​អំណាច​សហគ​មន៍​នៅ​មូល​ដ្ឋាន​ភូមិ​ ឃុំ​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​ការ​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង​បាន​។ ​បន្ត​ថែរក្សា​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​រក្សា​បាន​ការ​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​សុខ​ដុម​រម្មនា​។ ​ បន្ត​អនុវត្ត​គោល​នយោ​បាយ ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិ​ភាព ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា ​និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​ ប្រឆាំង ​ទប់​ស្កាត់​អំពើ​រំលោភ​ច្បាប់​ អំពើ​ពុក​រលួយ​ ការ​ជួញ​ដូរ​ និង​ចែក​ចាយ​គ្រឿង​ញៀន​ខុស​ច្បាប់​។ ​បន្ត​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ និង​បែង​ចែក​ដីសម្ប​ទាន​សង្គម​កិច្ច​ជូន​ប្រជា​ពល​រដ្ឋ​ទីទ័ល​ក្រីក្រ​នៅ​មូល​ដ្ឋាន​ផ្ទាល់​ និង​គ្រប់​គ្រង​ថែរក្សា​ បរិស្ថាន​ធនធាន​ធម្មជាតិ​ និង​មរតក​វប្បធម៌​ឲ្យ​បាន​ល្អ​គង់​វង្ស ​ដើម្បី​ពង្រឹង ​ពង្រីក​វិស័យ​ទេសចរណ៍​មូល​ដ្ឋាន​។​

​អង្គ​សន្និបាត​ក៏​បាន​ធ្វើ​ការ​បោះឆោត​ស្ទាប​ស្ទង់​មតិ​ដើម្បី​ជ្រើស​រើស​សមាស​ភាព​ក្រុម​ប្រឹក្សា​ឃុំស្ទឹង​ត្រង់​ អាណត្តិ​ថ្មី ​។​ ឯក​ឧត្តម​ អ៊ី​ ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមា​ជិក​ សមា​ជិកា ​និង​ថ្នាក់​ដឹកនាំ​គណ​បក្ស​ឃុំស្ទឹង​ត្រង់​ ព្រម​ទាំង​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​ចុះ​ជួយ​ឃុំ ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខិតខំ​បំពេញ​ភារកិច្ច​បំរើ​ប្រជា​ជន​បាន​ល្អ ​ធ្វើ​ការ​អភិវឌ្ឍន៍​ឃុំ ​មាន​ការ​រីក​ចំរើន​គួ​ឲ្យ​កត់​សំគាល់ ​។​សមិទ្ធ​ផល​ទាំង​អស់​នេះ​ហើយ​ដែល​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​លើក​កំពស់​ ​ជី​ភាព​រសនៅ​ប្រជា​ជន​អោយ​បាន​ធូធារ​ជា​បន្ត​បន្ទាប់​។ ​ឯក​ឧត្តម​បាន​បន្តថា៖​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ និង​មាន​ការ​អភិវិឌ្ឍន៍​រីកចំ រើន​លើ​គ្រប់​វិស័យ​។​ ដូច្នេះ​យើង​ទាំង​អស់​គ្នា ​ត្រូវ​ដឹង​គុណ​មាតា​បីតា​និង ​ ថ្ងៃ​ ៧ មករា​  យើង​ត្រូវ​ថែក្សា​សន្តិ​ភាព​កុំ​បង្ក​រចលា​ចល​សង្គម​  យុវជន​យើង​ត្រូវ​មាន​ជំហរ​រឹង​មាំកុំ​ចាញ់​បោក​ការ​ឃោសនា​របស់​ជន​អគតិ​មួយ​ចំនួន​ដែល​មក​បំពុល​សង្គម​ ​នាំ​ធ្វើ​បាតុ​កម្ម​ឬ​ក៏​បដិវត្ត​ពណ៌​អ្វី​ឡើយ​ នាំ​អោយ​ប្រទេស​ជាតិ​អស្ថេរ​ភាព​គ្មាន​សន្តិ​សុខ ​ ហើយ​អាជ្ញាធរ​រួមគ្នា​ការពារ​សន្តិ​ភាព​ ស្ថេរភាព​សង្គម​ និង​ការពារ​ប្រជា​ជន​អោយ​ពួក​គាត់​រស់​នៅ​ប្រកបរប​រេក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ងាយ​ស្រួល​។​ ​ ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​សមាជិក​សមាជិការ​បក្ស​ត្រូវ​ពង្រឹង​សាមគ្គី ​ឯក​ភាព​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ភូមិ​ ឃុំ ​របស់​ខ្លួន​អោយ​មាន​ការ​រីក​ចំរើន​ឡើង​ ។​ ក្នុង​អង្គ​សន្និបាត​បាន​ឯក​ភាព​គ្នា​ជា​ឯក​ឆន្ទ​ គាំទ្រ​បេក្ខ​ភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​បន្ត​ទៀត​។

​​ក្នុង​ឱកាស​នោះ​ ឯក​ឧត្តម​ អ៊ី​ ឈាន​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២លាន​រៀល​ ទឹក​សុទ្ធ​២០កេះ​ និង​នុំប័ង​ ក្នុង​អង្គ​សន្និ​បាត​ ព្រម​ទាំង​ផ្តល់​ជូន​វត្ថុ​អនុស្សាវ​រីយ៍​ដល់​សមា​ជិក​សមា​ជិការ​ផង​ដែរ​។​

cpp-15-01-2017-001 cpp-15-01-2017-002 cpp-15-01-2017-003 cpp-15-01-2017-004vv

[youtube id= “9wP3xKVXgQw”]