(14-01-2017) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន គណៈកម្មាធិការគណបក្សសង្កាត់បរយ៉ាខា បានធ្វើសន្និបាតបូកសរុបសមិទ្ធិផលការងារ ៥ឆ្នាំ និងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា ព្រមទាំងសមាជិកសមាជិកាដែលបានចូលរួម ចំនួន ២៥៤នាក់ ។
បន្ទាប់ពីលោក លឹម សំបូរ ប្រធានក្រុមប្រឹក្សាសង្កាត់បរយ៉ាខា និងជាប្រធានគណៈកម្មាធិការគណបក្សសង្កាត់ បានឡើងថ្លែងបើកអង្គសន្និបាតរួចមក លោក ប៊ុន គឹមសេង សមាជិកក្រុមប្រឹក្សាសង្កាត់ បានអានរបាយការណ៍ស្តីពីសមិទ្ធិផលការងារ ០៥ឆ្នាំ របស់គណៈកម្មាធិការគណបក្សសង្កាត់បរយ៉ាខា និងលើកទិសដៅការងារ ០៥ឆ្នាំបន្ត ២០១៧-២០២២ ដោយក្នុងរយៈពេល០៥ឆ្នាំ នៃអាណត្តិរបស់ខ្លួន កន្លងមកក្រុមប្រឹក្សាសង្កាត់បរយ៉ាខា បានបំពេញតួនាទីសហការដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនដោយខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំដ៏ឆ្នើម ដែលបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសគឺការអភិវឌ្ឍន៍សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះការងារទទួលខុសត្រូវជាក់ស្តែងជាប្រចាំ និងដោយផ្ទាល់ បានផ្តល់បទពិសោធន៍ជាច្រើន ដែលជាមូលដ្ឋាន ដ៏វិសេសវិសាល បង្កើនសមត្ថភាពដល់ក្រុមប្រឹក្សាសង្កាត់ឲ្យបំពេញភារកិច្ច បម្រើប្រជាជន ដោយផុសចេញជាសមិទ្ធិផល គួរជាទីពេញចិត្តហើយក៏ជាដើមទុនមួយដ៏មានប្រសិទ្ធិភាពសម្រាប់ការងារកសាង អភិវឌ្ឍន៍សង្កាត់ក្នុងអាណត្តិទី៤ ជាបន្តទៀត។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខាបានមានប្រសាសន៍ថា៖ ផ្លូវ ទឹក ភ្លើង នេះជាកត្តាសំខាន់ណាស់សំរាប់បងប្អូនប្រជាពលរដ្ឋយើងព្រោះវាជាតម្រូវការដ៏ចាំបាច់ដែលបងប្អូនយើងប្រើប្រាស់ជាប្រចាំថ្ងៃ ដូច្នេះត្រូវជំរុញឲ្យសមាជិកសមាជិកាប្រធានបក្សភូមិក្នុងសង្កាត់នីមួយៗត្រូវចុះតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ និងជួយជ្រុមជ្រែងប្រជាពលរដ្ឋដើម្បីដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា៖ ដើម្បីឲ្យគណបក្សយើងមានជ័យជំនះនៅពេលខាងមុខយើងទាំងអស់គ្នាត្រូវ៖ ទី១/ យើងទាំងអស់គ្នាត្រូវរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ។ ទី២/ ត្រូវបង្កើតកម្មវិធីនយោបាយនៅតាមភូមិឃុំសង្កាត់ ។ទី៣/ ត្រូវបង្ហាញនូវសមិទ្ធិផលសង្គមដែលយើងមានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលជាសមិទ្ធិផលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចពញ្ញាចក្រីហេង សំរិន និងសមិទ្ធិផលជាច្រើនរាប់មិនអស់ដើម្បីឃោសនាឲ្យប្រជាពលរដ្ឋយើងបានដឹង។ ទី៤/ បេក្ខជនឃុំសង្កាត់ត្រូវមានប្រជាប្រិយភាពជាមួយបងប្អូនប្រជាពលរដ្ឋនិងមានការជួយជ្រុមជ្រែងពីថ្នាក់លើ។ ទី៥/ ពង្រឹងទីតាំងស្នាក់ការបក្សជាពិសេសមេបក្សភូមិត្រូវមានក្រុមការងារចុះមូលដ្ឋាននិងចេះរាយការណ៍ជូនថ្នាក់លើ។ និងទី៦/ ចាត់ភ្នាក់ងារសង្កេតការណ៍តាមការរិយាល័យបោះឆ្នោតនីមួយៗ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ព្រមទាំងក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនដល់លោក កែវ កើន មេបក្សភូមិអូរច្រាលិច ដែលកំពុងមានជម្ងឺ ព្រមទាំងរៀបចំហូបបាយសាមគ្គីរួមគ្នាផងដែរ ដើម្បីបង្កើនភាពស្និតស្នាល និងសាមគ្គីភាពឯកភាពផ្ទៃក្នុង ធ្វើយ៉ាងណាដណ្តើមយកប្រៀបឈ្នះនាពេលខាងមុខ។
[youtube id =”lLlJPMGuTxM”]