(12-01-2017) ប៉ៃលិន៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិនបានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់រដ្ឋបាលខេត្តប៉ៃលិនដែលពិធីនេះប្រព្រឹត្រិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុង សាមី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង /ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងតំណាងអង្គការ សហគមន៍នានាជាច្រើននាក់ទៀត។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិនបានអានរបាយការណ៏ពីសកម្មភាពការងារដែលរដ្ឋបាលខេត្តសម្រេចបានកន្លងទៅរួមមានៈ ការងាររដ្ឋបាល លិខិតស្នាមនិងឯកសារប្រជាពលរដ្ឋ ការគ្រប់គ្រងប្រជាពលរដ្ឋ ការងារអត្រនុកូលដ្ឋាន ការងារគណៈអភិបាល រួមទាំងការអនុវត្តតួនាទីជាតំណាងក្រសួងស្ថាប័ន ការ ងារក្រុមប្រឹក្សានិងគណៈកម្មាធិការនានា ការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍន៍សមត្ថភាព ការគាំទ្រនិងការអភិវឌ្ឍន៍មូលដ្ឋាន ការងារសង្គមកិច្ច ការគ្រប់គ្រងអភិវឌ្ឍន៍និងសំណង់ កិច្ចការច្បាប់និងសុវត្តិភាពសាធារណៈ ស្ថិតិចេញចូលឆ្លងកាត់និងកិច្ចសហប្រតិបត្តិការ ការងារគ្រោះមហន្តរាយ ការអនុវត្តចំណូលចំណាយ ការគ្រប់ គ្រងទ្រព្យសម្បត្តិ ការងារលទ្ធកម្ម និងការងាររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។ទន្ទឹមនេះអង្គសន្និបាតក៏បានស្តាប់របាយការណ៍ការងាររីកចំរើននិងបញ្ហាប្រឈមរបស់អង្គភាពមន្ទីរស្ថាប័ន នានា និងអង្គភាពកងកំលាំងប្រដាប់អាវុធនៅជុំវិញខេត្តផងដែរ។
អង្គសន្និបាតក៏បានពិភាក្សាផ្លាស់ប្តូយោបល់និងធ្វើបទអន្តរាគមន៏ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការដោះស្រាយទំនាសដីធ្លា ការការពារធនធានធម្មជាតិ ការប្រមូលពន្ធ បញ្ហាប្រឈមការផ្តល់សេវាសាធារណៈ បញ្ហាការលុបបំបាត់ភាពអសកម្មមន្រ្តីរាជការ និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការ៥ឆ្នាំរបស់រដ្ឋបាលខេត្ត។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថាៈ អង្គសន្និបាតរយៈពេល១ថ្ងៃនេះបានអនុវត្តយ៉ាងហ្មឹងម៉ាត់តាមលិខិតបទដ្ធានគតិយុត្តិនានាជាធរមាន ជាកត្តាចាំបាច់ដើម្បីពង្រឹងយន្តការដឹកនាំអោយប្រកបដោយប្រសិទ្ធិភាព។ឯកឧត្តមបន្តថា៖ការធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់មន្រ្តីគឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានដើម្បីអនុវត្តអោយបានតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងកំណែទម្រង់នានាពិសេសការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានទៅរករដ្ឋបាលឯកភាពយ៉ាងពិតប្រាកដ ការសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ការមិនរំលោភអំណាច ការចូលរួមសហការ គឺជាកក្តាចាំបាច់ដែលឈានទៅរកការសម្រេចទិសដៅការងារ។អង្គសន្និបាតក៏បានដាក់ចេញនូវទិសដៅអាទិភាពរបស់រដ្ឋបាលខេត្តប៉ៃលិនសម្រាប់បន្តអនុវត្តឆ្នាំ២០១៧មានដូចជា៖១/បន្តពង្រឹងការងារបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកខេត្តដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ទី២/ពង្រឹងគណៈកម្មាការសន្តិសុខអចិន្រៃ្តយ៏អោយបានច្បាស់លាស់។ទី៣/ត្រូវអនុវត្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់រាជរដ្ឋាភិបាល បង្ការនិងទប់ស្កាត់អោយបានជាប្រចាំ។ទី៤/អនុវត្តយុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អោយមានប្រសិទ្ធិភាព។ទី៥/ត្រូវបន្តបង្ក្រាបបទល្មើសព្រៃឈើ ការទន្រ្ទានចូលក្នុងដែនអភិរក្ស បទល្មើសឆ្លងដែន អំពើរត់គេចពន្ធ។ទី៦/បន្តលើកកំពស់វិស័យកសិកម្មអោយបានខ្លាំងក្លាទៅតាមបច្ចេកទេស។ទី៧/ស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម អោយបានប្រសើរជាងឆ្នាំ២០១៦។ទី៨/ធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លី តំបន់សំបុកចាប នៅភូមិផ្សាព្រំ។ទី៩/បន្តកំណត់ព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនអោយបានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៧នេះ។ទី១០/បន្តពង្រីកបណ្តាញចែកចាយទឹកស្អាត ពង្រីកបណ្តាញអគ្គីសនីដល់ទីជនបទ។ទី១១/ជម្រុញការអនុវត្តលក្ខខណ្ឌការងាររបស់មន្រ្តីក្នុងគោលបំណងលើកម្ពស់ការផ្តល់សេវាសាធារណៈ។ទី១២/កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលស្ថិតនៅក្នុងផែនការវិនិយោគរបស់ខេត្ត។ទី១៣/កសាងច្រំាងស្ទឹង ផ្លូវអមសង្ខាងស្ទឹង និងរៀបចំសួនច្បារត្រង់តំបន់ស្ពានសន្តិភាពនៃស្ទឹងប៉ៃលិន។ទី១៤/កសាងបន្តអាគារដ្ឋបាលសាលាខេត្ត។ទី១៥/ថែរក្សានិងដាំដើមឈើបន្ថែមសម្រាប់លំអតាមដងផ្លូវ ជាដើម-ល-។
ឯកឧត្តម អ៊ុង សាមី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ សំដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចរយៈពេលកន្លងមកនេះរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តប៉ៃលិន ក្នុងការអនុវត្តនូវបេសកម្មបំពេញការងារជាតួនាទី ភារកិច្ចរបស់ខ្លួនអោយ សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនជូនជាតិ និងប្រជាពលរដ្ឋក្នុងខេត្តបានល្អប្រសើរ។ ឯកឧត្តមបន្តថា តាមរយះសន្និបាតរយៈពេលមួយថ្ងៃកន្លងមកនេះពិតជាមានអត្ថន័យ និងបានផ្តល់នូវចូលរួមមតិយោបល់ល្អៗពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកនៃអង្គសន្និបាតដើម្បីកែលំអរការងារសំរាប់អនុវត្តឆ្នាំ២០១៧ឲ្យប្រសើឡើង។ ឯកឧត្តមសង្ឃឹមថា មតិយោបលល្អៗទាំងនោះនិងជួយកែលម្អនូវបញ្ហាប្រឈមមួយចំនួនអោយបានកាន់តែគ្រប់ជ្រុងជ្រោយអំពីសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ទន្ទឹមនឹងនេះឯកឧត្តមបានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមបន្តទទួលខុសត្រូវខ្ពស់ថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ និងជាពិសេសបន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន អោយមានប្រសិទ្ធិភាព៕
ក្នុងឱកាសនោះដែរគណៈធិបតីក៏បានបំពាក់មេដាយការងារជូនដល់មន្ត្រីរាជការដែលមានស្នាដៃក្នុងបំពេញភារកិច្ចបានល្អ ក្នុងនោះមេដាយមាសចំនួន១០ មេដាយប្រាក់ចំនួន៩ និងមេដាយសំរិទ្ធិចំនួន៣៦ផងដែរ។
[youtube id= “wbUyxh16NJ8”]