ខេត្តប៉ៃលិនធ្វើពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជំនះ ៧មករា ១៩៧៩ ៧មករា ២០១៧


(07-01-2017) ប៉ៃលិន៖ ​ថ្ងៃទី៧ ​ខែមករា​ ឆ្នាំ២០១៧ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​ធ្វើ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨ ​នៃ​ទិវា​ជ័យ​ជំនះ​ ៧​មករា ​១៩៧៩​- ​៧​មករា​២០១៧​ នៅ​មន្ទីរ​គណ​បក្ស​ខេត្ត​  ​ក្រោម​អធិប​តី​ ឯកឧត្តម​ អ៊ី ​ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ កើត​ សុធា​ ប្រធាន​គណ​បក្ស​ខេត្ត​ ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​អនុ​ប្រធាន​គណ​បក្ស​ខេត្ត​ ឯក​ឧត្តម​ លោក​ជំទាវ ​ សមាជិក ​សមា​ជិការ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ​លោក​ប្រធាន​បក្ស​ស្រុក-​ក្រុង​ បក្ស​ឃុំ-​ សង្កាត់ ​ និង ​បក្ស​ភូមិ​ជា​ច្រើន​នាក់​ទៀត​។​

​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​អាន​សារ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដែល​មាន​ខ្លឹម​សារ​ថា​៖​ ថ្ងៃ​៧ ​មករា​ ១៩៧៩ ​គឺ​ជា​ថ្ងៃ​ជ័យ​ជំនះ​ជា​ប្រវត្ត​សាស្រ្ត​របស់​ប្រជា​ជន​កម្ពុជា​ដែល​បាន​វាយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​បញ្ចប់​សម័យ​កាល​ដ៏ខ្មៅ​ងងឹង​បំផុត​របស់​កម្ពុជា ​ហើយ​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី​ គឺ​ឯក​រាជ្យ ​សេរីភាព​ ប្រជា​ធិប​តេយ្យ ​និង​វឌ្ឍន​ភាព​សង្គម​។​ ថ្ងៃ​នេះ ​ជា​ទិវា​ដ៏​នក្ខត្ត​ឬក្ស ​ដែល​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​ចូល​រួម​ដោយ​ក្តី​សោម​នស្ស​រីករាយ​ក្រៃ​លែង ​បាន​ប្រារព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨ ​នៃ​ទិវា​ជ័យ​ជំនះ​ដ៏​រុងរឿង​នេះ​  ​ជា​មួយ​មោទ​នភាព​ដ៏ថ្លៃ​ថ្លា​ចំពោះ​សមិទ្ធិ​ផល​ធំៗ​ជា​ប្រវត្ត​សាស្រ្ត​យ៉ាង​ច្រើន ​ ដែល​ប្រជា​ជន​យើង​សំរេច​បាន​ក្នុង​រយៈ​ពេល​៣៨ឆ្នាំ​កន្លង​មក  ​រួម​ទាំង​សមិទ្ធិ​ផល​លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០១៦ ​ ដែល​ទើប​តែ​ឆ្លង​ផុត​ទៅ​ថ្មីៗ​នេះ​។​ យើង​ប្រារព្វ​ពិធី​ដ៏​ឱឡារឹក​នេះ​ឡើង​ ក្នុង​ស្មារតី​ចង​ចាំ​ជា​និច្ច​នូវ​គុណូ​បការៈដ៏​ឧត្តុង្គ​ឧត្តម​ របស់​វីរៈកម្មា​ភិបាល​ យុទ្ធ​ជន​ យុទ្ធ​នារី​ នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ និង ​វីរៈ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀណាម​ ដែល​បាន​ធ្វើ​ការ​លះ​បង់​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ ​ដើម្បី​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ និង​ការពារ​ការ​រស់ឡើង​វិញ​របស់​កម្ពុជា​។​ សូម​សំដែង​ការ​ដឹង​គុណ​ចំពោះ​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​ និង​ប្រជា​ជន​ស្មេហា​សន្តិភាព​ និង​យុត្តិ​ធម៌​លើ​ពិភព​លោក​ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ក្នុង​បុព្វ​ហេតុ​ដ៏​ឧត្តុង​ឧត្តម​នេះ​។​ ព្រម​ជា​មួយ​គ្នា​នេះ  ​យើង​ទាំង​អស់​គ្នា​សូម​លំអោន​កាយ ​សង្រួម​ចិត្ត​ គោរព​វិញ្ញាក្ខ័ន្ធ​ជន​រួម​ជាតិ​ ជាង​៣លាន​នាក់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​ អាធម្ម​ និង​អយុត្តិ​ធម៌​បំផុត ​ក្រោម​របប​ប្រល័យ​ពូជ​សាសន៍ ​ហើយ​ឧទ្ទិស​បួង​សួង​សូម​អោយ​វិញ្ញាណ​ក្ខ័ន្ធ​របស់​លោក​ទាំង​នោះ​ ទៅ​កាន់​សុគតិ​ភព​ជា​រៀង​ដរាប​ទៅ​។​
​        ​ ឯក​ឧត្តម​ អ៊ី​ ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃ​៧​មករា ​គឺ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​របស់​ប្រទេស​កម្ពុជា ​ហើយ​ក៏​ជា​ថ្ងៃ​កំណើត​ទី​២ របស់​យើង។ ​មហា​ជ័យ​ជំនះ​ជា​ប្រវត្តិ​សាស្ត្រ​ថ្ងៃទី​៧ ​ខែមករា​ ឆ្នាំ​១៩៧៩ ​ដែល​បាន​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ ពត,​ សង្គ្រោះ​ជាតិ ​មាតុ​ភូមិ ​និង​ប្រជា​ជន​កម្ពុជា​ ឱ្យ​មាន​ជីវិត​រស់រាន​ឡើង​វិញ ​បាន​ទាន់​ពេល​វេលា ​ធ្វើ​អោយ​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​មាន​អ្វីៗ​នៅថ្ងៃ​នេះ​ និង​មាន​អនា​គត​ប្រកប​ដោយ​ក្តី​សង្ឃឹម​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាន៍បន្តថា ​កន្លង​មក​មាន​ជន​អគតិ ​ឬ​ក្រុម​ជ្រុល​និយម​មួយ​ចំនួន​ គេ​ចាត់​ទុក​ថា​ ថ្ងៃ​៧​មករា ​គឺ​ជា​ថ្ងៃ​ដែល​បរទេស​ឈ្លាន​ពាន​ ក្នុង​ខណៈ​ដែល​រូប​គេ​ ក៏​បាន​កើត​ឡើង​ពីថ្ងៃ​៧​មករា​នេះ​ដែរ​នោះ ​ក៏​គេ​នៅ​តែ​មិន​ទទួល​ស្គាល់​ថ្ងៃ​៧​មករា​។ ដូច​ច្នេះ​បាន​សេចក្តី​ថា ​គេ​នៅ​ស្រលាញ់​របប​ប្រល័យ​ពូជ​សាស្ត្រ ​និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា ​មាន​វិនាសកម្ម​បន្ត​ទៀត​ ចឹង​អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧​មករា ​គឺ​ប្រឆាំង​ខ្លួន​ឯង​ ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជា​ពល​រដ្ឋ​យើង​រ៉ាប់​លាន​នាក់​។​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ចង​ចាំ​និង​ដឹង​គុណ​ ថ្ងៃ​៧មករា​ ដែល​ជា​ថ្ងៃ​កំណើត​ទី២​របស់​ខ្លួន ​និង​ដឹង​គុណ​ដល់​ថ្នាក់​ដឹកនាំ ​យុទ្ធ​ជន ​យុទ្ធនារី​ដែល​បាន​បូជា​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ មាតុ​ភូមិ​របស់​យើង​៕​

cpp-07-01-2017-001 cpp-07-01-2017-002 cpp-07-01-2017-003 cpp-07-01-2017-004 cpp-07-01-2017-005 cpp-07-01-2017-006vv

[youtube id= “tMkZl9FMOac”]