(05-01-2017) ប៉ៃលិន៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤០ អាណត្តទី៥ ក្រោមអធិបតីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សមាជិក សមាជីការ គណកម្មាធិការគណបក្សខេត្ត ព្រមទាំងលោកប្រធានបក្សស្រុក ក្រុង ប្រធានបក្សភូមិ បក្សឃុំ ជាច្រើននាក់ទៀត។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានបានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤០ អាណត្តិទី៥ ដោយអង្គសន្និបាតបានគត់សំគាល់ដោយក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមចំពោះបរិយាកាលនយោបាយដ៏ល្អប្រសើនៃសង្គមជាតិ ដែលឆ្លុះបញ្ចាំងអោយឃើញពីការខិតខំប្រឹងប្រែងនៃគ្រប់ស្ថាប័នជាតិ ព្រមទាំងកិច្ចសហប្រតិប័ត្តការដោយស្ថាបនា ក្នុងស្មារតីបង្រួមបង្រួមជាតិ រវាងកម្លាំងនយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គម ពិសេសកិច្ចសហប្រតិប័ត្តការរវាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។ អង្គសន្និបាតគាំទ្រពេញទំហឹងចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត ជូនជាតិ ប្រជាជន។ ខឿនការពារប្រទេសកាន់តែត្រូវបានពង្រឹង សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើអោយប្រជាជនរស់នៅយ៉ាងសុខដមរមនា និងធានានូវភាពអនុគ្រោះសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ និងសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកំពស់ ។ដំណើរការកែទំរង់នានាកាន់តែត្រូវបានជំរុញ យ៉ាងខ្លាំងខ្លាប្រកបដោយឆន្ទៈមុតស្រួច និងទទួលបានផ្លែផ្កា។ កម្ពុជាធានាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងល្អប្រសើ និងសម្រេចបានក្នុងរង្វង់៧% ប្រកបដោយបរិយាបន្ន និងសមធម៌ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន១១,៤% វិស័យសេវាកម្មមានកំណើន៦,៧% និងវិស័យកសិកម្មមានកំណើនល្អជាងឆ្នាំមុន។ វិស័យបរិស្ថាន ការងារ សង្គមកិច្ច អប់រំ សុខា ភិបាល និងវិស័យផ្សេងៗទៀតក៏សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនផងដែរ។ ជីវភាពរបស់ប្រជាជនទូទៅ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ និយោជិត ត្រូវបានលើកកំពស់កាន់តែប្រសើឡើង ភាពក្រីក្ររបស់ប្រជាជន ក៏កាន់តែបានកាត់បន្ថយ។ អង្គសន្និបាទបានកំណត់ទិសដៅសំខាន់ៗ ដើម្បីបន្តអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ អោយសំរេចបានជោគជ័យ ដើម្បីបំរើប្រជាជនក្នុងការជំរុញការអភិវឌ្ឍឃុំ សង្កាត់បន្តទៀត។ នៅក្នុងដំណើរការនេះ គណបក្សប្រជាជនកម្ពុជា គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និតិវិធី និងក្រមសីលធម៌សំរាប់ការបោះឆ្នោត ហើយចូលរួមយ៉ាងសកម្មជាមួយគណកម្មាជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ចគ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការពង្រឹងបរិយាកាសនយោបាយអោយកាន់តែល្អប្រសើប្រកបដោយលក្ខណៈអព្យាក្រឹត និងប្រជាធិបតេយ្យ ដើម្បីធានាអោយការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍ថា ខ្លឹមសារនៃសន្និបាតគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយជូនដល់សមាជិកសមាជិការនៃអង្គប្រជុំនេះ មានសារៈសំខាន់ ហើយក៏ជាមោទនភាពសំរាប់គណបក្សប្រជាជនកម្ពុជាយើងដែលបានដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយមានការរីកចំរើន លើគ្រប់វិស័យ ធ្វើអោយជីវភាពប្រជាជនមានការរីកចំរើនជាលំដាប់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ខ្លឹមសារនៃសន្និបាតនេះបានបង្ហាញពីការខិតខំប្រឹងប្រែងដោយឆន្ទះមោះមុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ ការកំណែទំរង់ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ក៏បានអំពាវនាវផងដែរដល់សមាជិក សមាជិកាគណបក្សទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីបោះឆ្នោតឲ្យបានទាន់ពេលគ្រប់ៗគ្នា ដោយការបិទផ្សាយមានរយៈពេល១០ថ្ងៃ គឺពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់របស់ខ្លួន ឬនិងនៅលើគេហទំព័ររបស់គ.ជ.ប www.voterlist.org.kh ដើម្បីពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនដោយផ្ទៀងផ្ទាត់តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬនិងឯកសារបោះឆ្នោតណាមួយដែលបានយកទៅចុះឈ្មោះបោះឆ្នោតកាលឆ្នាំ២០១៦កន្លងមក ជៀសវាងមានខុសទិន្នន័យ និងបាត់ឈ្មោះបោះឆ្នោតដែលអាចបាត់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាពេលខាងមុខ ។
[youtube id= “WvgiGJC0M34”]