(04-01-2017) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបានបើកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២របស់ខ្លួនដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតី ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្តព្រមជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងសាធារណជន និងសង្គមស៊ីវិលចំនួន ៥៦នាក់ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣១ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ ពិនិត្យនិងអនុម័តរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ហាផ្សេងៗ។
អង្គប្រជុំពេញមួយព្រឹករបស់ក្រុមប្រឹក្សាខេត្តទាំងមូលមកបានអនុម័តលើរបាយការណ៍មួយចំនួននៃកិច្ចរបៀបវារៈ ប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងបានចូលរួមមតិយោបល់និងលើកបញ្ហាមួយចំនួនដូចជា៖ ទី១/ ខ្វះរបបប្រជុំប្រចាំខែរបស់ទីចាត់ការនីមួយៗដូច្នេះស្នើឲ្យមានរបបប្រជុំអោយបានទៀងទាត់ងាយស្រួលក្នុងការបូកសរុបការងារ ។ ទី២/ បញ្ហាមន្ទីរមួយចំនួនពុំបានផ្ញើររបាយការណ៍ប្រចាំខែឲ្យបានទៀងទាត់។ ទី៣/ បញ្ហាសំរាម ស្នើមន្ទីរបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍និងមានវិធានការនៅភូមិបឹងព្រលឹតព្រោះប្រជាពលរដ្ឋនៅក្បែរនោះបានត្អូញត្អែរថាទីនោះសំបូររុយណាស់ពេលហូបបាយម្តងៗទាល់តែចងមុង។ទី៤/ បញ្ហាសហគ្រាសមួយចំនួននៅតែមានការគេចវេសមិនបង់ពន្ធ ដូច្នេះស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយជំរុញការងារនេះ បញ្ហាភូមិឃុំមានសុវត្ថិភាពត្រូវពង្រឹងឡើងវិញ ព្រោះប៉ុន្មានថ្ងៃនេះឃើញមានក្មេងស្ទាវជិះម៉ូតូទាំងហ្វូងពេញផ្លូវ ខ្លះបង្ហោះមុខរថយន្ត ខ្លះបន្លឺសំលេងខុសបច្ចេកទេសនាំអោយរំខានដល់ទីសាធារណៈ ។ទី៥/ សូមជួយសម្រូលផ្លូវនៅភូមិអូរប្រើសព្រោះមានការលំបាកក្នុងការដឹកកសិផលចេញ។ទី៦/ សូមមន្ទីរសាធារណៈការ និងដឹកជញ្ជូល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសុំយោបល់ពីគណៈអភិបាលខេត្តដើម្បីចាត់វិធានការទប់ស្កាត់ករណីរថយន្ត តទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងខូចផ្លូវសាធារណៈ។ទី៧/ បញ្ហាគ្រឿងញៀនដែលនាំអោយប៉ះពាល់យ៉ាងខ្លាំងដល់សិស្សានុសិស្សនិងកូនចៅបងប្អូនប្រជាពលរដ្ឋ សូមគណៈអភិបាលខេត្តស្នើទៅតុលាការដាក់ទោសទណ្ឌដល់អ្នកជួញដូរ អ្នកចែកចាយ គ្រឿងញៀនឲ្យបានធ្ងន់។ទី៨/ សូមស្នើគណៈអភិបាលខេត្តសើររើឡើងវិញចំពោះដីទីតាំងសំរាប់សាងសង់អគារស្នាក់ការច្រកព្រំ ដែលក្លាយទៅជាដីឯកជន។ ទី៩/ ស្នើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ផ្តល់សេវាបំរើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាន៍ថា៖ សូមឲ្យមានការចូលរួមនូវសំណើរ សំណូមពរកង្វល់មួយចំនួនដើម្បីយកទៅកែតម្រូវនិងបំពេញបន្ថែមសូមឲ្យតាមមន្ទីរអង្គភាពជួយមើលក្នុងរបាយការណ៍របស់ខ្លួនអោយបានច្បាស់លាស់កុំឲ្យមានបញ្ហាបន្តទៀត និងមានមតិយោបល់ចូលរួមលើសំណូមពរសំណើររបស់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តដែលបានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងរបាយការណ៍នេះ។ ទី១/ បញ្ហាសំរាម សូមអោយជំនាញចុះពិនិត្យមើលហើយសុំអោយអាជ្ញាធរដែនដីសហការគ្នាអោយបានល្អ និងសូមអោយបងប្អូនប្រជាពលរដ្ឋមានការចូលរួមជាមួយអាជ្ញាធរដើម្បីរកមូលហេតុឲ្យឃើញនិងរកដំណោះស្រាយអោយចំបញ្ហាពិសេសតាមសៃឡូជាដើម ដូច្នេះជំនាញត្រូវខិតខំប្រឹងប្រែង ។ទី២/ បញ្ហាគំរោងវិនិយោគសំរាប់ឆ្នាំ២០១៧ គ្រប់មន្ទីរអង្គភាពត្រូវធ្វើឲ្យបានច្បាស់លាស់។ ទី៣/ បញ្ហាដីធ្លី ។ ឯកឧត្តមបន្តថា៖ បញ្ហាគ្រឿងញៀនរាជរដ្ឋាភិបាលដែលដឹកនាំផ្ទាល់ដោយសម្តេចក្រឡាហោម ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនរយៈពេលប្រាំមួយខែនៅដើមឆ្នាំ២០១៧នេះគឺចាប់ពីថ្ងៃទី០១ ខែ០១ ឆ្នាំ២០១៧រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ សូមឲ្យមានការចូលរួមទាំងអស់គ្នានិងមានវិធានការលំអិតដើម្បីឃោសនាផង ស្តារនិងព្យាបាលនិតិសប្បទាផងនិងទាក់ទងនៃការបង្រ្កាប ការប្រើប្រាស់ និងការជួញដូរផង ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវរាយការរាល់ថ្ងៃនៃការបង្រ្កាបគ្រឿងញៀននេះ ។ ឯកឧត្តមបានបន្តទៀតថា៖ សូមអំពាវនាវដល់សាច់ញ្ញាតិបងប្អូនកូនចៅប្រជាពលរដ្ឋទាំងអស់កុំអោយប្រើប្រាស់គ្រឿងញៀន ហើយបណ្តាញផ្សព្វផ្សាយសូមអោយមានការផ្សព្វផ្សាយទូលាយ និតិវិធីដែលត្រូវយកទៅអនុវត្តគឺផ្សព្វផ្សាយនៅក្នុងវេទិកានានា នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយនៅតាមសាធារណៈ តាមមូលដ្ឋាន តាមសាលារៀនតាមវត្តអារាមដែលយើងអាចផ្សាយទៅបានអោយមានការចូលរួមនិងរួមគ្នាអនុវត្តអោយមានប្រសិទ្ធិភាព។ អនុវត្តយុទ្ទនាការទប់ស្កាត់និងបង្រ្កាបការកាប់បំផ្លាញធម្មជាតិនិងបរិស្ថានព្រៃឈើ ទាក់ទងនៃការកាប់ព្រៃយកដី ការកាប់ឈើជួញដូរឈើពីស្រុកថៃយើងមានវិធានការណែនាំដំរង់ទិសដល់បងប្អូនប្រជាពលរដ្ឋ ។ឯកឧត្តមក៏បានសំណូមពរអោយតាមបណ្តាមន្ទីរអង្គភាពដែលពាក់ព័ន្ធត្រូវខិតខំជួយដោះស្រាយរាល់នូវបញ្ហាប្រឈមដែលកើតមានឡើងរបស់បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័សនិងទាន់ពេលវេលា។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍កោតសសើរដល់ថ្នាក់អភិបាលនៃអភិបាលខេត្តដែលបានចូលរួមដោះស្រាយនូវរាល់បញ្ហាមួយចំនួនដែលបានលើកឡើងនៅក្នុងអង្គប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២នេះ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានបូកសរុបរបាយការណ៏យ៉ាងយកចិត្តទុកដាក់សហការនិងសាមគ្គីគ្នាបានល្អ។ ឯកឧត្តមបានបន្តថា៖ បញ្ហាផ្សេងៗមួយចំនួនទៀតទាក់ទងនិងគ្រឿងញៀននិងចរាចណ៍ គណៈបញ្ជាការឯកភាពតែងបានជំរាបអំពីយុទ្ធសាស្រ្តហើយអគ្គស្នងការបានធ្វើការណែនាំដល់ចរាចរណ៍ផ្លូវគោកទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងដោយយោគយល់ដល់ប្រជាកសិករដែលដឹកកសិផលជិតៗក្នុងខេត្តរបស់ខ្លួនតាមទម្រង់នៃមធ្យោបាយដែលគាត់មាន។ ឯកឧត្តមបានបន្តទៀតថា៖ កន្លងមកនេះការអនុវត្តទទួលបានជោគជ័យយកតាមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដែលដាក់ផែនការនេះជូនដល់ចរាចរណ៍ទូទាំងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានផ្តាំផ្ញើសូមអោយមានការចូលរួមទាំងអស់គ្នាផ្តល់នូវអ្វីដែលថ្មីនិងសភាពការថ្មីៗទូទាំងខេត្តដែលជាលក្ខណៈមួយនាំឲ្យមានការរីកចម្រើននិងអភិវឌ្ឍន៍ក្នុងខេត្តសំរាប់ឆ្នាំ២០១៧៕
[youtube id= “0TO0-pOk3Us”]