អង្គភាពកំចាត់មីនខេត្តប៉ៃលិនបើកសិក្ខាសាលាអនុម័ត្តដីចំការមីនសំរាប់បញ្ចូលក្នុងផែនការបោសសំអាតឆ្នាំ២០១៧


(28-12-2016) ប៉ៃលិន៖ ​ថ្ងៃទី​២៨ ​ខែធ្នូ​ ឆ្នាំ២០១៦ ​អង្គ​ភាព​កំចាត់​មីន​ខេត្ត​ប៉ៃលិន ​ហៅ​កាត់​ថា​ Mapou​ បាន​បើក​សិក្ខា​សាលា​អនុម័ត្ត​ដី​ចំការ​មីន​សំរាប់​បញ្ចូល​ក្នុង​ផែន​ការ​បោស​សំអាត​ឆ្នាំ​២០១៧​ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​ កើត​ សុធា​ អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​គណ​កម្មា​ធិការ​សកម្ម​ភាព​មីន​ខេត្ត​ប៉ៃលិន​។​ អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​នោះ​មាន​ លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ អង្គ​ភាព​ជំនាញ​ជុំវិញ​ខេត្ត​ និង​តំណាង​ប្រតិ​ប័ត្ត​ករ​ដោះ​មីន​ក្នុង​ខេត្ត​ប៉ៃលិន​មាន​៖ ​អង្គការ ​CMAC ​, អង្គការ​ MAG,​ អង្គការ​MPMEC,​ និង​អង្គ​ការ ​Halo​ Trust​ ​។​

​លោក ​ឈិម ​សម្បត្តិ ​ប្រធាន​អង្គភាព ​Mapou ​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹងថា ​ក្នុង​ឆ្នាំ​២០១៦ ​យើង​បាន​បោស​សំអាត​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​៥៤​ចំការ​ ស្មើ​នឹង​ផ្ទៃដី​ចំនួន​៣.២៥៩​ ម៉ែត្រ​ការ៉េ,​ បោស​សំអាត​បាន​គ្រាប់​ប្រភេទ​ AMP​បាន​ចំនួន ​១១៣៥​ គ្រាប់ ​, ATM​បាន​ចំនួន ​១៧​គ្រាប់​, និង​ប្រភេទ​UXO ​បាន​ចំនួន ​៦៨២​គ្រាប់​, ដោយ​សំរេច​បាន​៥៧%​បើ​ប្រៀប​នឹង​ផែន​ការ​ប្រចាំ​ឆ្នាំ។​លោក​បាន​បន្តថា​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ​មាន​ជន​រង​គ្រោះ​ដោយ​សារ​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៦នាក់ ​ស្មើ​នឹង ​៥​ករណី ​ក្នុង​នោះ​នៅ​ក្នុង​សង្កាត់​បយ៉ាខា​ចំនួន​២នាក់​ឃុំ​សាលា​ក្រៅ​ចំនួន​១នាក់​ឃុំ​ស្ទឹង​ត្រង់​២នាក់​ និង​ឃុំ​ស្ទឹង​កាច់​១នាក់​។​ លោក​បាន​បន្ត​ទៀត​ថា​ សំរាប់​ឆ្នាំ​២០១៧​នេះ ​យើង​មាន​ប្រតិ​ប័ត្ត​ករ​ចំនួន​៣អង្គ​ភាព​ គឺ ​CMAC​ ចំនួន​៤​ចំការ​មីន​ មាន​ទំហំ​ដី​៦៨៧​ហិចតា​ , អង្គ​ការ​MAG ​ចំនួន​២០​ចំការ ​មាន​ទំហំដី​ ១.២៣៣​ហិច​តា ​និង​អង្គការ​Halo ​Trust ​ចំនួន​២៥​ចំការ ​មាន​ទំហំ​ដី​ ៩២៧​ហិក​តា ​។ ​សរុប​ក្នុង​ផែន​ការ​បោស​សំអាត​មីន​ក្នុង​ឆ្នាំ​២០១៧​នេះ ​យើង​មាន​ ៤៩​ចំការ​ មាន​ទំហំដី​ ២.៨៤៨​ហិកតា​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​គណ​កម្មា​ធិការ​សកម្ម​ភាព​មីន​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​យើង​បាន​ដោះ​មីន​ រំដោះ​ដី​កសិ​កម្ម​ជូន​ប្រជា​ពល​រដ្ឋ ​ក៏​ដូច​ជា​ដោះ​មីន​សំរាប់​កសារ​ហេដ្ឋារ​ចនា​សម្ព័ន្ធ ​ធ្វើ​អោយ​អត្រាគ្រោះ​ថ្នាក់​ដោយ​សារ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន ​សំរាប់​ខេត្ត​ប៉ៃលិន​យើង​។​ឯក​ឧត្តម​បាន​បន្តថា​ ស្នាដៃ​ដោះមីន​របស់​ខេត្ត​ប៉ៃលិន​យើង​មាន​ការ​ល្អ​ប្រសើ ​ទទួល​បាន​ការ​កោត​សរសើ​ពី​ថ្នាក់​ជាតិ ​និង​បាន​យក​ខេត្ត​ប៉ៃលិន​ជា​គំរូ ​បង្ហាញ​ដល់​ខេត្ត​ផ្សេងៗ​ទៀត​ផង​។​ ឯក​ឧត្តម​ បាន​មាន​ប្រសាសន៍​បន្តថា ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ​យើង​ត្រូវ​ខិត​ខំ​ជំរុញ​ការ​ដោះ​មីន​នេះ​បន្ថែម​ទៀត ​ធ្វើ​យ៉ាង​ណា​ប្រឹង​ប្រែង​អោយ​អស់​ពី​លទ្ធ​ភាព​ សំរេច​បាន​តាម​ផែនការ​កំណត់​។​ ជំរុញ​សកម្ម​ភាព​ចុះ​ពិនិត្យ​ជាក់​ស្តែង​ដល់​ចំការ​មីន ​ដើម្បី​អោយ​បាន​ដឹង​ពី​ការ​លំបាក​ ការងាយ​ស្រួល​របស់​ប្រតិប័ត្ត​ករ​ក្នុង​ការ​ដោះ​មីន​នៅ​តំបន់​នោះ​។ ​ ត្រូវ​មាន​យន្ត​ការ​ផ្សព្វ​ផ្សាយ​អោយ​បាន​ខ្លាំង​ខ្លា​ថែម​ទៀត​ដល់​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​អោយ​បាន​យល់​ពី​បញ្ហា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រប់​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ។​ ត្រៀម​លក្ខណៈ​សម្បត្តិ​អោយ​បាន​គ្រប់​គ្រាន់​សំរាប់​ទទួល​គណ​ប្រតិភូ​ថ្នាក់​ជាតិ ​មក​ទស្សន​កិច្ច​សិក្សា​បញ្ហា​មីន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​យើង​ និង​ត្រូវ​ជំរុញ​អោយ​មាន​ការ​សហការ​ចូល​រួម​អោយ​បាន​ច្រើន​ពី​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​ ក្នុង​ការងារ​ដោះ​មីន​ និង​ការ​ប្រគល់​-​ទទួល​ដី​ចំការ​មីន​ពី​ប្រតិប័ត្ត​ករ​ដោះ​មីន​របស់​យើង​៕​

cpp-28-12-2016-001 cpp-28-12-2016-002 cpp-28-12-2016-003 cpp-28-12-2016-004 cpp-28-12-2016-005 cpp-28-12-2016-006vv

[youtube id= “8oDCneznjEo”]