(26-12-2016) ប៉ៃលិន៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកស្រី ប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន លោកស្រីឧត្តម សេនីយ៍សាន់ សាវឿនស្នងការរងនគរបាលខេត្ត លោកស្រីសាត ណាក់ អភិបាលរងក្រុងប៉ៃលិន បានអញ្ជើញនាំយកអំណោយជាអង្ករ និងទឹកសុទ្ធទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ រស់នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម និងទឹកសុទ្ធមួយយួរ។
មានប្រសាសន៍សំណេះសំណាល ណែនាំដល់ប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន លោកស្រី ប៊ុន គឹមហេង និង លោកស្រីឧត្តម សេនីយ៍សាន់ សាវឿន បានណែនាំអោយប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុកដោយប្រថុយប្រថាន តែត្រូវចំណាកស្រុកដោយមានច្បាប់អនុញ្ញាតិ ត្រឹមត្រូវ ព្រោះការចំណាកស្រុកខុសច្បាប់តាមរយៈការអូសទាញរបស់មេខ្យល់ អាចនាំអោយជួបគ្រោះថ្នាក់ពីការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកំលាំងពលកម្ម និងកេងប្រវ័ញ្ចផ្លូវភេទ ។ លោកជំទាវបានមានប្រសាសន៍ថា សព្វថ្វៃនេះមានប្រជាពលរដ្ឋយើងមួយចំនួនបានធ្វើចំណាកស្រុកទៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ និងចិនជាដើម។ ពលរដ្ឋទាំងនោះ មួយចំនួនបានជួបនូវគ្រោះអាក្រក់ ដោយអ្នកខ្លះត្រូវគេបញ្ជួនទៅចុះទូកក្នុង សមុទ្ររាប់ឆ្នាំមិនបានមកដីគោកវិញ, ត្រូវគេវាយធ្វើបាប, គេសំលាប់ , អ្នកខ្លះធ្វើការជាច្រើខែ ត្រូវបានចៅកែបោកមិនអោយប្រាក់ខែ, អ្នកខ្លះត្រូវសមត្ថកិច្ចចាប់ដាក់គុក, អ្នកខ្លះត្រូវគេអោយទៅធ្វើការងារដែលមិនសមរម្យ, អ្នកខ្លះត្រូវគេបោកអោយទៅរៀបការជាមួយប្រុសជនជាតិផ្សេង តែតាមពិតគេអោយទៅបំរើផ្លូវភេទសំរាប់ ប្រុសៗក្នុងគ្រួសារគេទាំងមូល , អ្នកខ្លះត្រូវគេជួញដូរពីកន្លែងមួយទៅកន្លែងមួយដូចសត្វធាតុ។ ដូច្នេះពលរដ្ឋយើងចាំបាច់ណាស់ ត្រូវមានឯកសារត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរ សមត្ថកិច្ចជំនាញ និងធ្វើចំណាក់ស្រុកដោយមានច្បាប់អនុញ្ញាតិ។ លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នថែទាំង សុខភាពអោយបានល្អ ត្រូវមានបង្គន់អនាម័យ, ត្រូវហូបស្អាត, ផឹកស្អាត, ត្រូវដេកក្នុងមុង។ ម្យ៉ាងទៀត ត្រូវអប់រំណែនាំកូនចៅអោយនៅឆ្ងាយពីគ្រឿងញៀន, កុំអោយពួកគេជិះម៉ូតូលឿនពេក និងមិនត្រូវអោយពួកគេបង្កអំពើហឹង្សា ក្មេងទំនើងក្នុងស្រុកភូមិនោះឡើយ។ ឱពុកម្តាយទាំងអស់ក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅ កុំអោយពួកគេដើរលេងឆ្ងាយបាត់ពីផ្ទះ ព្រោះឥឡូវមានជនល្មើស ចាប់ក្មេងបានមកដល់ស្រុកភូមិយើងហើយ៕
[youtube id= “BJBz1shkqBM”]