មន្ទីរព័ត៌មានខេត្តប៉ៃលិនប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧


​(23-12-2016) ប៉ៃលិន៖ ថ្ងៃទី២៣ ​ខែធ្នូ ​ឆ្នាំ២០១៦ ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន​បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១៦ ​និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​ឆ្នាំ​២០១៧ ​ក្រោម​អធិបតី​ភាព ​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​និង​ឯក​ឧត្តម ​គង់ ​ដួង ​ទីប្រឹក្សា​ក្រសួង​ព័ត៌​មាន ​ទទួល​បន្ទុក​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​។​

​លោក ​គង់ ​ជឺ ​ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល ​សោត​ទស្សន៍​នៃ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​កំពុង​ដំណើរ​ការ​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ​មាន​ ទូរ​ទស្សន៍​ខេត្ត​ប៉ៃលិន​មួយ​ស្ថានីយ៍,​ វិទ្យុ​FM​90.5 ​MHz​មួយ​ស្ថានីយ៍, ​ វិទ្យុ​អូតង​ប៉ៃលិន​មួយ​ស្ថានីយ៍,​  វិទ្យុ ​ABC​មួយ​ស្ថានីយ៍​, វិទ្យុ​ជំនោរ​ប៉ៃលិន​មួយ​ស្ថានីយ៍,​ ទូរទស្សន៍​ខ្សែ​កាប​ប៉ៃលិន​មួយ​ស្ថានីយ៍ ​និង​ទូរ​ទស្សន៍​ខ្សែ​កាប​ព្រំ​ មួយ​ស្ថានីយ៍​។​ វិទ្យុ ​និង​ទូរ​ទស្សន៍​ខេត្ត​ប៉ៃលិន ​ដែល​ដំណើរ​ការ​គ្រប់​គ្រង​ដោយ​ស្ថាប័ន​រដ្ឋ​ មាន​វិទ្យុ​FM​90.5 MHz ​ខេត្តប៉ៃលិន​ និង​ទូរទស្សន៍​ខេត្ត​ប៉ៃលិន ​។ ​វិទ្យុ​FM​90.5 MHz​ខេត្ត​ប៉ៃលិន ​ដំណើរ​ការ​ផ្សាយ​ពី​ម៉ោង​ ៥ព្រឹក​រហូត​ដល់​ម៉ោង​ ១០​យប់ ​ដែល​មាន​ខ្លឹម​សារ ​និង​កម្ម​វិធី​ផ្សាយ​ដូច​ជា​ ព្រះ​រាជ​សកម្មភាព​ព្រះ​មហាក្សត្រ​ ព្រះ​មហាក្ស​ត្រី ​ និង​ព្រះ​រាជ​ជីវ​ប្រវត្ត​ព្រះ​បរម​រតន​កោដ,​ សកម្ម​ភាព​រដ្ឋ​សភា ,​ សកម្ម​ភាព​ព្រឹទ្ធ​សភា ,​សកម្ម​ភាព​រដ្ឋា​ភិបាល ,​សកម្ម​ភាព​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្ទីរ​/​អង្គ​ភាព​វិស័យ​ក្នុង​ខេត្ត ,​សរុប​រួម​ចំនួន​៤៣៤២​អត្ថ​បទ ​និង​បាន​ចាក់​ផ្សាយ​សរុប​រួម​ចំនួន​២៥៩៩៩​លើក​។​

​ទូរ​ទស្សន៍​ខេត្ត​ប៉ៃលិន​ដំណើរ​ការ​ផ្សាយ​ពី​ម៉ោង​៥ព្រឹក​រហូត​ដល់​ម៉ោង ​១០យប់​ មាន​ខ្លឹម​សារ​ និង​កម្ម​វិធី​ដូចជា ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន ,​ ព័ត៌​មាន​ជាតិ ​និង​អន្តរ​ជាតិ ,​ ដំណឹង​ផ្សេងៗ ,​ ការ​ចាក់​ផ្សាយ​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​, ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ហ៊ុន ​សែន ​, ការ​ចាក់​ផ្សាយ​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋា​ភិបាល ,​ ការ​ចាក់​ផ្សាយ​ស្ពត់​ និង​ចំរៀង​របស់ ​គ ​ជ ​ប ​អំពាវ​នាវ​អោយ​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ , ការ​ចាក់​ផ្សាយ​ភាព​យន្ត​ ចំរៀង​កំសាន្ត,​  កម្ម​វិធី​សន្តិ​ភាព​ផ្លូវ​ចិត្ត​ប្រតិប័ត្ត​តាម​មាគា​ព្រះពុទ្ធ​សាសនា ​ផ្សារ​ភ្ជាប់​នឹង​សង្គម ​, នាទីប្លែកៗ ,​ ឯក​សាសត្វ​ និង​កម្ម​វិធី​សិក្សា​ភាសា​ជប៉ុន ​សរុប​បាន​ចំនួន​៤៣១២ ​អត្ថបទ ​និង​ផ្សាយ​បាន​ចំនួន​២១៧១៧​លើក​។​ មន្រ្តី​នរាជការ​នៃ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន​បាន​ចុះ​យក​ព័ត៌​មាន​សកម្ម​ភាព​នានា​ក្នុង​ខេត្ត​ ធ្វើ​ការ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ខេត្ត​ប៉ៃលិន, ​វិទ្យុ​FM90.5 ​MHz, ​ វិទ្យុ​អូតង​ប៉ៃលិន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ​ទូរ​ទស្សន៍​អប្សរា ​ទូរ​ទស្សន៍​ហង្ស​មាស​ ទូរ​ទស្សន៍​បាន​យ័ន ​និង​ទូរ​ទស្សន៍​នានា​មួយ​ចំនួន​ទៀត​ មាន​សកម្ម​ភាព​ដូចជា៖​ សកម្ម​ភាព​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ចំនួន ​៦៥​លើក,​ សកម្ម​ភាព​គណ​អភិបាល​ខេត្ត​ចំនួន​៣៦៧​លើក,​ សកម្ម​ភាព​មន្ទីរ ​ស្ថាប័ន​នានា​ចំនួន​២២២​លើក ,​ សកម្ម​ភាព​មនុស្ស​ធម៌​៦៥លើក,​ សកម្ម​ភាព​សង្គម ​និង​សេដ្ឋ​កិច្ច​៣៥លើក​ និង​ រាយ​ការណ៍​តាម​ទូរស័ព្ទ​ ១៣៥​លើក​។​

​ឯក​ឧត្តម ​គង់ ​ដួង ​ទីប្រឹក្សា​ក្រសួង​ព័ត៌​មាន ​ទទួល​បន្ទុក​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​មន្ទីរ​ព័ត៌​មាន​ខេត្ត ​ជា​យន្តការ​របស់​រដ្ឋ​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ ការងារ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ​សង្គម,​ សកម្ម​ភាព​របស់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ ជា​ដើម​។​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ យើង​មាន​វិទ្យុ ,​ ទូរ​ទស្សន៍ ,​គេហ​ទំព័រ,​ Facebook ​សំរាប់​ការ​ផ្សាយ​ព័ត៌​មាន​សកម្ម​ភាព​របស់​អភិបាល​ខេត្ត​ សកម្ម​ភាព​ក្រុម​ប្រឹក្សា​ខេត្ត​ សកម្ម​ភាព​របស់​មន្ទីរ​វិស័យ​នានា​ក្នុង​ខេត្ត​ និង​សកម្ម​ភាព​ព័ត៌មាន​ផ្សេងៗ​ទៀត​ ដើម្បី ​អោយ​បាន​យល់​ជ្រាប​ដល់​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​។​ ឯក​ឧត្តម​បាន​បន្តថា ​ មន្រ្តី​រាជ​ការ​នៃ​មន្ទីរ​ព័ត៌​មាន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង ​ដោយ​មិន​គិត​ពី​ថ្ងៃ​ឈប់​សំរាក​ក្នុង​គោល​បំណង​ចុះ​យក​ព័ត៌មាន​ពិត​ ត្រឹម​ត្រូវ​ មក​ផ្សព្វ​ផ្សាយ ​រហ័ស​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត ​។​ ឯក​ឧត្តម ​បាន​បន្ត​ទៀត​ថា ​ព័ត៌​មាន​ជា​អាវុធ​មុខ​ពីរ​ អាច​នឹង​ផ្តល់​ផល​អាក្រក់​ដល់​អ្នក​យក​ព័ត៌​មាន​វិញ ​បើ​អ្នក​យក​ព័ត៌​មាន​នោះ​ធ្វើ​តាម​តែ​អារម្មណ៍​ខ្លួន​ឯង​ តាម​ចិត្ត​ខឹង​បុគ្គល​ ឬ​ធ្វើ​ការ​ដោយ​មិន​មាន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់​។​ ដូច្នេះ​សូម​អោយ​អ្នក​ព័ត៌មាន​ទាំង​អស់​ត្រូវ​គិត​អោយ​បាន​ច្បាស់ ​មុន​នឹង​សរសេរ​អត្ថ​បទ​ព័ត៌​មាន​ពី​អ្វី​មួយ​ ត្រូវ​គោរព​តាម​ក្រម​សីល​ធម៌​ វិជ្ជា​ជីវៈ​អ្នក​សារ​ព័ត៌មាន​អោយ​បាន​ត្រឹម​ត្រូវ​។​

​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ និង​កោត​សរសើ​ដល់​ថ្នាក់​ដឹក​នាំ ​មន្រ្តី​រាជ​ការ​នៃ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ ដែល​បាន​ខិត​ខំ​ធ្វើ​ការងារ​ជំនាញ​របស់​ខ្លួន​បាន​ល្អ​ ធ្វើ​អោយ​ វិស័យ​ផ្សព្វ​ផ្សាយ​ក្នុង​ខេត្ត​មាន​ការ​រីក​ចំរើន​។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍ថា​ ការ​ផ្សព្វផ្សាយ​ពិត​ជា​មាន​  សារៈ​សំខាន់​ណាស់ ​ក្នុង​ការ​ដឹកនាំ ​គ្រប់​គ្រង​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន ​។​ ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​នយោ​បាយ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល​ ពី​ការ​អភិវឌ្ឍន៍ ​ពី​សកម្ម​ភាព​ថ្នាក់​ដឹកនាំ ​សកម្ម​ភាព​មន្ទីរ​វិស័យ​នានា​ ការ​អប់​រំ​ណែនាំ ​ឬ​ដំណឹង​ផ្សេងៗ​ជា​ដើម ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។​ លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ​មន្រ្តី​ព័ត៌មាន​ ពិធីករ ​ពិធិ​ការ​នី​វិទ្យុ ​ទូរ​ទស្សន៍ ​ ត្រូវ​រៀបចំ​ព្ញក​ពារ ​ឥរិយាបទ  ​ការ​ស្លៀក​ពាក់​អោយ​បាន​សម​រម្យ​ជា​គំរូ​ល្អ​ដល់​ប្រជា​ពល​រដ្ឋ​ យុវ​ជន​របស់​យើង។​ ម្យ៉ាង​ទៀត​ត្រូវ​ខិតខំ​សិក្សា​ រៀន​សូត្រ​ដក​ស្រង់​បទ​ពិសោធន៍​ល្អ ​ពី​រៀម​ច្បង ​និង ​ខិត​ខំ​កែ ​ លំអរ​ការងារ​របស់​ខ្លួន​អោយ​កាន់​តែ​រីក​ចំរើន​ប្រសើ​ឡើង​៕​

cpp-23-12-2016-001 cpp-23-12-2016-002 cpp-23-12-2016-003 cpp-23-12-2016-004vv

[youtube id= “9e3ByvWuXnA”]