(12-12-2016) ប៉ៃលិន៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយ លោកស្រី ស្រ៊ី ឌី អនុប្រធានមន្ទីរទេសចរ លោកចៅសង្កាត់អូតាវ៉ៅ លោកមេភូមិ និងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យសកម្មភាពជួសជុលផ្លូវលំមួយខ្សែ ប្រវែង៤គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកថ្នល់ជាតិលេខ៥៧ ទៅកាន់ទឹកធ្លាក់អូតាវ៉ៅ ក្នុងភូមិខ្លុង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ផ្លូវលំនេះគឺជាផ្លូវដ៏សំខាន់មួយ សំរាប់ភ្លឿវទេសចរជាតិ និងអន្តរជាតិមកទស្សនា លេងកំសាន្តនៅមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងខេត្តប៉ៃលិន , ការដឹកជញ្ជូនកសិផល របស់ប្រជាកសិករ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។ ផ្លូវលំនេះរងការខូចខាតដោយសារទឹកភ្លៀងរដូវវស្សាកាលពីពេលកន្លងទៅ ហើយផ្លូវលំនេះ ក៏មិនមាននៅក្នុងគំរោងថែទាំរបស់មន្ទីរ អង្គភាពជំនាញ គំរោងរបស់សង្កាត់ ឬគំរោងថែទាំជួសជុសរបស់សាលាខេត្តប៉ៃលិននោះដែរ។ បច្ចុប្បន្នផ្លូវលំមួយខ្សែនេះកំពុងធ្វើការជួសជុលកែលំអរឡើងវិញដោយមូលនិធិរបស់សប្បុរសជន ប្រជាពលរដ្ឋក្នុងភូមិ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលបានឧបត្ថម្ភផ្នែកគ្រឿងចក្រ និងកំលាំងពលកម្ម ចំណែកមូលនិធិរបស់សប្បុរស់ជនប្រជាពលរដ្ឋនៅក្នុងភូមិ គឺសំរាប់ផ្គត់ផ្គង់លើប្រេងម៉ាស៊ូតប៉ុណ្ណោះ។
លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើចំពោះស្មារតី ទឹកចិត្តសាមគ្គី សហការគ្នា រវាងប្រជាពលរដ្ឋ មន្រ្តីរាជការ និងសប្បុរស់ជន ដែលបានចូលរួមជួសជុលកំណាត់ផ្លូវលំមួយខ្សែនេះឡើងវិញដើម្បីផលប្រយោជន៍សាធារណៈ។ លោកជំទាវក៏បានណែនាំសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានគំនិតស្មារតីចូលរួមថែរក្សាផ្លូវនេះអោយបានល្អ សំរាប់ប្រើប្រាស់បានយូអង្វែង៕
[youtube id= “h4hlPONFeEw”]