(06-12-2016) ប៉ៃលិន៖ ពលរដ្ឋក្រីក្រ មកពីស្រុកសាលាក្រៅ និងក្រុងប៉ៃលិនចំនួន ៣១០គ្រួសារ បានទទូលអំណោយមនុស្សធម៌ ពីក្រសួងកិច្ចការនារី តាមរយៈមន្ទីរកិច្ចការនារីខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបរិវេណមន្ទីរកិច្ចការនារីខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្ត។
លោកស្រី ឡុង សុឃាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន មានប្រសាសន៍ឱ្យដឹងថា៖ អំណោយដែលចែកជូនបងប្អួនប្រជាពលរដ្ឋនាពេលនេះ បានមកពីការឧបត្ថម្ភរបស់ក្រសួងកិច្ចការនារី ដែលដឹកនាំដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមរយៈមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ។លោកស្រីបានបន្តថា៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ គឺមកពីស្រុកសាលាក្រៅចំនួន ១៥០គ្រួសារ និងពីក្រុងប៉ៃលិនចំនួន ១៦០គ្រួសារ ហើយក្នុងមួយគ្រួសារៗទទួលបាន អង្ក ២៥គឺឡូ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន ឱ្យដឹងថា៖ អាជ្ញធរខេត្ត ក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគួរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ និងនាំយកអំណោយជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋណា ដែលក្រីក្រមានជីវភាពខ្វះខាតជាបន្តបន្ទាប់ និងមិនត្រូវបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយមិនបានដឹងនោះទេ។ ឯកឧត្តមបានបន្តថា៖ ការនាំយកអំណោយ ចែកជូនបងប្អូន នៅពេលនេះ គឺអាជ្ញាធរធ្វើឡើង មិនមានពាក់ព័ន្ធទៅនឹង និន្នាការនយោបាយ អ្វីឡើយ គឺជាការមើលឃើញជាក់ស្តែង ពីសុខទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ។ ជាក់ស្តែងពេលនេះ អាជ្ញាធរខេត្ត ដោយមានការឧបត្ថម្ភរបស់ក្រសួងកិច្ចការនារី បាននាំយកអង្ករជាស្បៀងអាហារ ចែកជូនបងប្អូនភ្លាមៗ ទោះបីអំណោយជាអង្កទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែអាចដោះស្រាយបានមួយរយះដែរ ដើម្បីផ្តល់ឱកាសបងប្អូនមានពេលវេលា បង្កបង្កើនផលដាំដំណាំផ្សេងៗលក់ដូរចិញ្ចឹមជីវិតបន្តទៀត។ ឯកឧត្តមក៍បានផ្តាំផ្ញើដល់បងប្អូនដែលខ្វះខាតស្បៀង ត្រូវខិតខំបង្កបង្កើនផលដាំដំណាំគ្រប់ប្រភេទដើម្បីដោះស្រាយជីវភាពរបស់បងប្អូនឲ្យកាន់តែប្រសើឡើង ។
[youtube id= “HyvIhSOibUg”]