(06-12-2016) ប៉ៃលិន៖ ក្នុងកិច្ចប្រជុំសាម័ញ្ញលើកទី៣១ អាណត្តទី២របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន, ក្រុមប្រឹក្សាខេត្តបានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែបន្តកើតមាននៅក្នុងភូមិ ឃុំ សង្កាត់នានា ក្នុងខេត្តប៉ៃលិន ទោះបីមានការបង្រ្កាបពីសមត្ថកិច្ចក៏ដោយ។ ដូច្នេះគណអភិបាល ពិសេសសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់អោយបានកាន់តែខ្លាំងក្លាថែមទៀតក្នុងការបង្រ្កាបទប់ស្កាត់បញ្ហាគ្រឿងញៀននេះអោយមាន ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការចរាចរជួញដូរ ប្រើប្រាស់គ្រឿងញៀននេះអោយបានជាអតិបរមា។ ការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀននេះ ពិតជាបានផ្តល់ផលលំបាកយ៉ាងធ្ងន់ធ្ងរណាស់ដល់សង្គមជាតិរបស់យើង។ បច្ចុប្បន្ននេះមានគ្រួសារជាច្រើនទទួលរងគ្រោះ ដោយសារមានកូនចៅសេពគ្រឿងញៀន ហើយលួចលុយកាក់ ទ្រព្យសម្បត្តិ របស់ឪពុកម្តាយ និងអ្នកដទៃយកទៅលក់គ្មានសល់ ដើម្បីទិញគ្រឿងញៀន បង្កើតភាពវិនាសកម្មក្នុងគ្រួសារ និងសង្គមជាតិរបស់យើង។
បន្ទាប់ពីឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិនបានអនុញ្ញាតិអោយសមត្ថកិច្ចជំនាញស្រាយបំភ្លឺលើបញ្ហាគ្រឿងញៀននេះ, លោកវរសេនីយ៍ឯក អ៊ួន ហ៊ាង ស្នងការរងនគរបាលខេត្តប៉ៃលិនបានបញ្ញាក់ថា បញ្ហាបង្រ្កាបទប់ស្កាត់គ្រឿងញៀននេះ មានការលំបាកស្មុគ្រស្មាញទាមទានូវភស្តុតាង និងសាក្សីច្បាស់លាស់។ បើមានការភ្លាំងភ្លាត់ដោយប្រការណាមួយនោះ នគបាលបង្រ្កាបគ្រឿងញៀនខ្លួនឯងអាចមានទោសក៏ថាបានដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតាមរយៈសំណើរបស់ក្រុមប្រឹក្សាខេត្តនេះ លោកនឹងរៀបចំការប្រជុំជាមួយគណស្នងការខេត្ត រិះរកមធ្យោបាយបង្រ្កាបទប់ស្កាត់ការចរាចរណ៍ជួញដូរគ្រឿងញៀននេះអោយបានជាអតិបរមា។
ក្នុងកិច្ចប្រជុំសាម័ញ្ញលើកទី៣១របស់ក្រុមប្រឹក្សាខេត្តនេះដែរ ក្រុមប្រឹក្សាខេត្តក៏បានលើកឡើងនូវចំងល់ និងបញ្ហាប្រឈមនានាមួយចំនួនទៀត អោយគណអភិបាល ក៏ដូចជាមន្ទីរ អង្គភាពជំនាញជំវិញខេត្តបកស្រាយបំភ្លឺ និងយកទៅអនុវត្តក្នុងខែបន្ទាប់ទៀតដូចជា៖ ករណីបាក់ថ្មភ្នំសង្កត់ស្លាប់ប្រជាពលរដ្ឋ២នាក់ក្នុងសង្កាត់អូតាវ៉ៅ , បញ្ហាប្រមូលពន្ធអាកររបស់សាខាពន្ធដាខេត្តនៅមានបញ្ហាប្រឈមច្រើន, ការកាយដីភ្នំនៅក្រោយសណ្ឋាគារមង្កុដពេជ្រ ក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់, ការរៀបចំកសាងទីចាត់ការច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន, និងបញ្ហាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូជាដើម៕
[youtube id=”WfSA5_KKo_0″]