រដ្ឋបាលខេត្តប៉ៃលិននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ៧០ គ្រួសារ នៅឃុំស្ទឹងត្រង់


​(05-12-2016) ប៉ៃលិន៖ ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ​២០១៦ ​លោក​ជំទាវ ​សោ ​មុន្នី​រ័ត្ន ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​រួម​ដំណើរ​ដោយ​លោក​ស្រី​ឧត្តម​សេនីយ៍ ​សាន់ ​សាវឿន ​ស្នង​ការ​រង​នគរ​បាល​ខេត្ត ​លោក​ស្រី ​មាស ​សំនៀង​ អភិបាល​រង​ស្រុក​សាលា​ក្រៅ​ លោក​ស្រី​គង់ ​សុភ័ក្រ ​និង​មន្រ្តី​រាជការ​មួយ​ចំនួន​ទៀត​ បាន​នាំ​យក​អង្ករ ​និង​ទឹក​សុទ្ធ​ ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន​៧០​គ្រួសារ​ មក​ពី១២​ភូមិ ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​    ​ប្រជា​ពល​រដ្ឋ​ដែល​បាន​មក​ទទួល​អំណោយ​នា​ពេល​នោះ​ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ អង្ករ​២៥​ គីឡូ​ក្រាម ​និង​ទឹក​សុទ្ធ​មួយ​ចំនួន​ទៀត​។​

​លោក​ជំទាវ ​សោ ​មុន្នី​រ័ត្ន ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​ដោយ​ទទួល​បាន​កា​ណែនាំ​ពី​ឯក​ឧត្តម​កើត ​សុធា ​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន,​ លោក​ជំទាវ ​និង​ក្រុម​ការងារ​មួយ​ចំនួន​ទៀត​ បាន​រូស​រាន់​នាំយក​អំណោយ​ជា​ស្បៀង​នេះ ​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​របស់​យើង​ ដែល​កំពុង​មាន​ការ​លំបាក​ក្នុង​ជីវ​ភាព​ប្រចាំ​ថ្ងៃ។​ ទោះ​បី​អំណោយ​ទាំង​នេះ​មាន​ចំនួន​តិច​តួច​ តែ​ជា​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ សប្បុ​រស់​ជន​ ​ក្នុង​ការ​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​ក្តី​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​យើង​ ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​។ ​លោក​ជំទាវ​បាន​បន្តថា ​ជា​ការ​ពិត​ប្រជា​ពល​រដ្ឋ​យើង​ជា​ច្រើន​កំពុង​មាន​ការ​លំបាក​ក្នុង​ជីវភាព​ រហូត​ដល់​អ្នក​ខ្លះ​បាន​សំរេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក ​ភូមិ ​ទៅ​ប្រកប​ការងារ​នៅ​ប្រទេស​ដទៃ​ដែល​អ្នក​ខ្លះ​ទទួល​បាន​ការងារ​សម​ប្រកប ​រក​ប្រាក់​បាន​មក​ផ្គត់​ផ្គង់​គ្រួសារ​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ ចាញ់​បោក​មេ​ខ្យល់​ធ្លាក់​ខ្លួន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​លើ​កំលាំង​ពល​កម្ម​។​ ទាំង​នេះ​បាន​ធ្វើ​អោយ​ស្ថាន​ភាព​ក្រុម​គ្រួសារ​រិត​តែ​លំបាក​បន្ថែម​ទៀត​។​ លោក​ជំទាវ​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​យើង​កុំ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ ខុស​ច្បាប់ ​ដែល​នាំ​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​។​  លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ ​ត្រូវ​ថែទាំ​សុខ​ភាព​អោយ​បាន​ល្អ​ ត្រូវ​រស់​នៅ​ស្អាត​ ផឹង​ស្អាត​ បរិភោគ​ស្អាត​ និង​ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខ​ភាព​នៅ​ពេល​មាន​ជំងឺ​មក​យាយី​ដល់​ខ្លួន​ប្រាណ​របស់​យើង​។​ ម្យ៉ាង​ទៀត​ប្រជា​ពល​រដ្ឋ​យើង​ក៏​ត្រូវ​សហការ​ចូល​រួម​ជា​មួយ​អាជ្ញាធរ ​មន្រ្តី​ជំនាញ ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​ ដោយ​មិន​ត្រូវ​លេង​ល្បែង​ស៊ីសង ​, បង្ក​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ​, មិន​ត្រូវ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ​និង​បើក​បរ​ត្រូវ​គោរព​ច្បាប់​ចរា​ចរណ៍​ទាំង​អស់​គ្នា​ជៀស​វាង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​។​

cpp-05-12-2016-015 cpp-05-12-2016-016 cpp-05-12-2016-017 cpp-05-12-2016-018vv

[youtube id= “CVIf2pgcJF0”]