(05-12-2016) ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយសមាគមន៍អ្នកនាំចេញកសិផល ដើម្បីរៀបចំសន្និបាទសហគមន៍ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់សមាគមន៍អ្នកនាំចេញ ត្រូវរិះរកមធ្យោបាយ ធ្វើយ៉ាងណា ទទួលទិញកសិផលពីប្រជាកសិករឱ្យបានច្រើន ព្រមទាំងធានាឱ្យបានទាំងបរិមាណ និងតម្លៃ ស្របពេលដែលប្រជាកសិករកំពុងចាប់ផ្តើមប្រមូលផល ដំណាំពោត និងដំឡូងមី ហើយពួកគាត់កំពុងមានការព្រួយបារម្ភណ៍អំពីតម្លៃកសិកផលដែលថោក។លោកជំទាវបានបន្តថា៖ សមាគមន៍អ្នកនាំចេញកសិកផល ត្រូវរួបរួមគ្នា និងលើកយកបញ្ហាប្រឈមនានា ដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញកសិកផល ជាពិសេសធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិផល ដែលទទួលទិញពីកសិករ ហើយត្រូវខិតខំរកដៃគូសហការទាំងក្នុង និងក្រៅប្រទេស ដើម្បីកំនត់ឱ្យបានអំពីតម្រូវការជាក់លាក់។
លោក ឡោ ស៊ុនជាង តំណាងសមាគមន៍អ្នកនាំចេញកសិកផល បានឱ្យដឹងថា៖ ដោយសារទីផ្សារកសិផលនៅខេត្តប៉ៃលិន គឺពឹងផ្អែកទាំងស្រុងលើការនាំចេញទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម ដូច្នេះតម្រូវការ ទាំងបរិមាណ និងតម្លៃ គឺស្ថិតនៅលើគេទាំងអស់ ហើយបច្ចុប្បន្នសហគមន៍កំពុងខិតខំចរចារដោយផ្ទាល់ជាមួយក្រុមហ៊ុនដៃគូសហការទាំងនោះ ឱ្យបានជាក់លាក់ និងស្មើភាពគ្នា ដើម្បីផលចំនេញទាំងសងខាង ជាពិសេសគឺបានផ្តល់ផលចំនេញដោយផ្ទាល់ដល់កសិករ តាមរយៈការលក់កសិផលរបស់ពួកគាត់។ក្នុងឱកាសនោះដែរលោកក៍បានសំនូមពរដល់អាជ្ញាធរ សមត្ថកិច្ចជំនាញពក់ព័ន្ធ និងរាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាជួយសម្របសម្រួលខាងឯកសារផ្លូវច្បាប់នានា និងបង្កលក្ខណៈងាយស្រួលនៅតាមច្រកទ្វារព្រំដែនដែលត្រូវនាំចេញកសិកផលទៅក្រៅប្រទេស។
គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន មានសមាគមន៍អ្នកនាំចេញកសិកផល ចំនួន ០២ គឺ០១នៅក្នុងក្រុងប៉ៃលិន និងមួយទៀតនៅក្នុងស្រុកសាលាក្រៅ ដោយមានសមាជិកដែលជាស្តង់ទិញកសិផល (សៃឡូ) ចំនួន ៥៦ ដែលរយៈពេល ០៥ខែ ដើមឆ្នាំ២០១៦ សមាគមន៍បាននាំចេញ ដំឡូងមីស្រស់ ចំនួន ៤២០៨៣តោន និងដំឡូងស្ងួត ចំនួន ១៦៨៤៣២តោន ទៅកាន់ប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។
[youtube id= “23w8URqiTCw”]