(23-11-2016) ប៉ៃលិន៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមគ្រួពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ(KWDA) បានមកពិនិត្យព្យាបាលសុខភាពមាត់-ធ្មេញ ជូនប្រជាពលរដ្ឋខេត្តប៉ៃលិនដោយមានប្រជាពលរដ្ឋមានបញ្ហាមាត់ធ្មេញមកពីតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តប៉ៃលិនជាច្រើននាក់។ លោក យិន សាំងហេង ប្រធានក្រុមចលនាយុវជនកម្ពុជាប្រចាំសាខាខេត្តប៉ៃលិនបានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក១៥៧) បានចាត់អោយរូបលោក ដឹកនាំក្រុមការងារចុះសហការណ៍ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ(KWDA) មកពិនិត្យនិងព្យាបាលសុខភាពមាត់-ធ្មេញជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយឥតគិតថ្លៃ ដែលមានរយៈពេលចំនួន ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយការព្យាបាលនេះប្រព្រឹត្តទៅនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ (ឃ្លីប)
លោកស្រី ហូ យុនហ៊ី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកព្យាបាលមាត់ធ្មេញជូនប្រជាពលរដ្ឋនៅពេលនេះគឺក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាមាត់ធ្មេញ ហើយខ្វះធនធាននិងមធ្យោបាយក្នុងការព្យាបាល ក្រុមគ្រូពេទ្យរបស់លោកស្រីនឹងជួយព្យាបាលដោយឥតគិតថ្លៃ។ លោកស្រីបន្តថាការងារនេះក្រុមគ្រូពេទ្យលោកស្រីធ្លាប់បានធ្វើជាបន្តបន្ទាប់មកហើយ ហើយនឹងបន្តធ្វើនៅឆ្នាំក្រោយៗទៀតដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អប្រសើរ។
ក្នុងឱកាសនោះដែរឯកឧត្តម អៀង វុធ បានមានប្រសាសន៍កកោតសសើរនិងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ។ ឯកឧត្តមបន្តថាបច្ចុប្បន្ននេះនៅខេត្តប៉ៃលិនមានការខ្វះខាតនៅផ្នែកបច្ចេកទេស វិទ្យាសាស្រ្តមាត់ធ្មេញ និងសម្ភារៈមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) ជួយព្យាបាលដល់ប្រជាពលរដ្ឋគឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ ឯកឧត្តមបានស្នើរឲ្យមន្ទីរសុខាភិបាលសហការនឹងជួយសម្រួលរាល់ការងារពាក់ព័ន្ធទាំងអស់ដល់ក្រុមគ្រូពេទ្យដើម្បីអោយដំណើរការបានល្អប្រសើរ ទន្ទឹមនឹងនេះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន អោយមកទទួលយកនូវសេវាព្យាបាលផ្នែកមាត់ធ្មេញរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ អោយបានច្រើននិងទាន់ពេលវេលាផងដែរ៕
[youtube id= “hqI9Uo5HciE”]