(23-11-2016) ប៉ៃលិន៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦, មានសិស្សានុសិស្ស , ប្រជាពលរដ្ឋ និងមន្រ្តីរាជការខេត្តប៉ៃលិន សរុបចំនួនជិត៤០០នាក់ ទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីផ្សព្វផ្សាយនេះបានធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត ហ៊ុនសែន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ លោកស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង តំណាងមន្ទីរសាធារណៈការ និងដឹកជញ្ជួនផងដែរ។
ការផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅពេញមួយព្រឹកដោយមានវាគ្មិនជំនាញបង្ហាញពី ច្បាប់ចរាចរណ៍ផ្លូវគោកដែលមាន៖ សញ្ញាចរាចរណ៍ , អ្នកបើកបរយាន្តជំនិះ , ការប្រើភ្លើង និងសូរស័ព្ទយាន្តជំនិះ , ថ្មើជើង អ្នកជិៈ ឬសត្វ , ករណីមានគ្រោះថ្នាក់ចរាចរណ៍ ,ការគ្រប់គ្រងយាន្តជំនិះ និងការដឹកជញ្ជូន , សមត្ថកិច្ច និងសិទ្ធអំណាចរបស់នគរបាលចរាចរណ៍ , និង ទោសបញ្ញាត្តិ ព្រមទាំងមានការបកស្រាយនូវសំនួររបស់អ្នកចូលរួមផងដែរ។
លោក ម៉ម សំណាង ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ចខេត្តប៉ៃលិនបានមានប្រសាសន៍ថា ខេត្តប៉ៃលិនស្ថិតនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា, មានចម្ងាយ៣៧១ គីឡូម៉ែត្រពីរាជធានីភ្នំពាញ។ ខេត្តប៉ៃលិនមានផ្ទៃដីចំនួន១.០៦២,៥២ គីឡូម៉ែត្រការ៉េ , មានក្រុងមួយ និងស្រុកមួយ, មាន៨ឃុំសង្កាត់ , មាន៩០ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន១៥.៥៦៦គ្រួសារ និងមានមនុស្សរាយ ៦៦.៩៧៦នាក់។
ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះគឺក្នុងគោលបំណងដាស់ស្មារតីអោយសិស្សានុសិស្ស ប្រជាពលរដ្ឋ មន្រ្តីរាជការ ទាំងអស់ដែលប្រើប្រាស់ផ្លូវថ្នល់សាធរណៈ អោយផ្លាស់ប្តូឥរិយាបទដែលធ្លាប់មានភាពអនាធិបតេយ្យ មកប្រកាន់ឥរិយាបទដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ ,គោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរ បើកបរយានយន្តគ្រប់ប្រភេទ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ចរាចរណ៍ផ្លូវគោកជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលកំពុងមានការយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាបានធ្វើអោយមានរបួសស្នាម និង បាត់បង់អាយុជីវិតប្រជាពលរដ្ឋ សត្វ បរិស្ថាន និងខូចខាតត្រព្យសម្បត្តិជាច្រើនរយលានដុល្លាក្នុងមួយឆ្នាំៗ និងបានបន្សល់ទុកនូវស្រី្តមេម៉ាយ កូនកំព្រា ជនពិការជាច្រើនក្នុងសង្គមជាតិរបស់យើង ។ ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍បន្ថែមទៀត ដើម្បីអោយក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ជម្រុញការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយនៅមានកម្រិតទាបបំផុតចូលរួមអភិវឌ្ឍន៍សង្គមសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។ ឯកឧត្តម ក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកបើកយាន្តជំនិះគ្រប់ប្រភេទ ត្រូវស្វែងយល់ និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការមួយចំនួនដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានដូចជា៖ ត្រូវមានស្លាកសម្គាល់យានយន្ត, ត្រូវមានប័ណ្ណបើកបរ, អ្នកបើកត្រូវមានស្មារតីប្រុងប្រយ័ត្ន, ត្រូវពាក់មួក និងខ្សែក្រវ៉ាត់ការពារសុវត្ថិភាពជាដាច់ខាត , មិនត្រូវបើកបរហួសល្បឿន និងផ្ទុកមនុស្ស ឬទំនិញលើសចំណុះ , និងបើកបរហាមពិសារគ្រឿងស្រវឹងជាដើម៕
[youtube id= “lph_yy3v-j0”]