ថ្នាក់ដឹកនាំខេត្តប៉ៃលិនអញ្ជើញចូលរួមក្នុងពិធីបុណ្យ អកអំបុក សំពះព្រះខែនៅវត្តប៉ាហ៊ី និងវត្ត កោងកាង


​(14-11-2016) ប៉ៃលិន៖ ថ្ងៃ​ទី១៤ ​ខែវិច្ឆិកា​ ឆ្នាំ២០១៦ ​ត្រូវ​នឹង​ថ្ងៃ​ពេញ​បូរមី ​១៥កើត​ខែកក្តិក​ ឆ្នាំវក ​ព.ស​ ២៥៦០ ​ ឯក​ឧត្តម ​កើត​ សុធា​ អភិ​បាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ ​គង់​ស្តី ​កើត​សុធា ​លោក​ជំទាវ ​ស៊ុំ ​ហៀង​ ប្រធាន​សភា​ពណិជ្ជ​កម្ម​ខេត្ត ​លោក​ជំទាវ​ ជា​លាភ​ អភិ​បាល​រង​ខេត្ត ​លោក​ជំទាវ ​សោ ​មុន្នី​រត្ន​ អភិបាល​រង​ខេត្ត​ ឯក​ឧត្តម​ អៀង​ វុធ ​អភិបាល​រង​ខេត្ត​ ព្រម​ទាំង​មន្រ្តី​រាជ​ការ​ ប្រជា​ពល​រដ្ឋ​ពុទ្ធ​បរិស័ទ្ធ​យ៉ាង​ច្រើន​កុះករ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យ ​អក​អំបុក​ សំពះ​ព្រះ​ខែ ​នៅ​វត្ត​ពោធិមារាម​ ហៅ​វត្ត​ប៉ាហ៊ី​ និង​វត្ត​រតន​សោភ័ណ​ហៅ​វត្ត​ កោង​កាង ​ស្ថិត​ក្នុង​ភូមិ​ប៉ាហ៊ី ​និង​ក្នុង​ភូមិ​វត្ត ​ក្នុង​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះខែ ​និង​អក​អំបុក​ ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ ដ៏ធំ​មួយ​ដែរ​ ក្នុង​ចំណោម​ពិធី​បុណ្យ​ ប្រពៃណី​ជាតិ​ ដទៃ​ទៀត ​ដែល​ជន​ជាតិ​ខ្មែរ​ បាន​បង្កើត​ឲ្យ​មាន​ឡើង​ ជា​ច្រើន​រឆ្នាំ​មក​ ហើយ​។​ ពិធី​បុណ្យ​អុំ​ទូក ​បណ្តែត​ប្រទីប ​សំពះព្រះ​ខែ​ និង​អក​អំបុក​នេះ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ នៅ​ថ្ងៃ១៤-​១៥​កើត ​និង​ថ្ងៃ១រោច​ ខែកត្ដិក​ជា​រៀង​រាល់​ឆ្នាំ ​ប៉ុន្តែ​មាន​ឆ្នាំ​ខ្លះ ​រាជ​រដ្ឋា​ភិបាល​សំរេច​លុប​ចោល​ ដោយ​សារ​មាន​មូល​ហេតុ​ អ្វី​មួយ​ច្បាស់​លាស់​។​

​ពិធី​បុណ្យ ​សំពះ​ព្រះខែ ​និង​អក​អំបុក​ មាន​ប្រវត្តិ​ជាប់​ទាក់​ទង​ យ៉ាង​ជិត​ ស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​ របស់​ព្រះ​ពុទ្ធ​ ដែល​កាល​វេលា​នោះ ​ព្រះ​បរម​ពោធិ​សត្វ​ ទ្រង់​យាង​យក​កំណើត​ ជា​ទន្សាយ​ពោធិ​សត្វ​។​ កាល​នោះ​ព្រះ​ឥន្ទ​ ទ្រង់​ កាឡា​ខ្លួន​ជា​ព្រាហ្មណ៍ ​ចាស់​ម្នាក់​ មក​សុំ​សាច់​ របស់​ទន្សាយ​ ពោធិ​សត្វ​ធ្វើ​ជា​អាហារ​។ ​ទន្សាយ​ពោធិ​សត្វ​ បាន​ឲ្យ ​ព្រាហ្មណ៍​នោះ ​បង្កាត់​ភ្លើង​ឆេះ ​យ៉ាង​សន្ធោរ​សន្ធៅ​។​ ទន្សាយ​ពោធិ​សត្វ​ ក៏​រលាស់​ខ្លួន​ឡើង​ ​បី​ដង​ ដើម្បី​ឲ្យ​សត្វ​ល្អិត​ ដែល​ជាប់​និង​ រោម​ជ្រុះ​ចេញ​ រួច​ក៏​លោត​ចូល​ក្នុង​ភ្លើង​ភ្លាម​ , ភ្លើង​នោះ​ប្រែ​ជា​ពុំ​ឆេះ​សន្ធោរ​ សន្ធៅ​ដូច​មុន​ឡើយ​។ ​ឃើញ​ដូច្នេះ ​ព្រះ​ឥន្ទ្រ​ព្រាហ្មណ៍​ក៏​ស្ទុះ ​ទៅ​ពរ​យក​ ទន្សាយ​ពោធិ​សត្វ​ ឡើង​ទៅ​ដល់​ មណ្ឌល​ព្រះ​ច័ន្ទ ​ហើយ​ទ្រង់​ក៏​យក​ម្នាង​សិលា ​គូរ​រូប​ទន្សាយ​ពោធិ​សត្វ​  ហើយ​ឥន្ទ្រ​ព្រាហ្មណ៍​ អធិដ្ឋាន​ថា​សូម​ឲ្យ ​រូប​ទន្សាយ​ ពោធិ​សត្វ​ដែល​ យើង​ខ្ញុំ​គូរ​នេះ​នៅ ​ជាប់​រហូត​ដល់​ ទី​បំផុត​កប្ប​។​

​ដោយ​អនុ​ភាព​ទាន​ នៃ​ព្រះ​ពោធិ​សត្វ​ផង ​ និង​សេចក្ដី​ អធិ​ដ្ឋាន​របស់​ឥន្ទ្រ​ព្រាហ្មណ៍​ផង​ រូប​ទន្សាយ​ ក៏​ឃើញ​ ប្រាកដ​ ក្នុង​មណ្ឌល​ព្រះ​ច័ន្ទ​ ជា​ដរាប​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​  ក្នុង​ជំនឿ​នេះ​ហើយ​ បាន​ជា​នៅ​វេលា​រាត្រី ​ពេញ​បូរមី​ថ្ងៃ១៥​កើត​ខែកក្តិក​ រៀង​រាល់​ឆ្នាំ​ខ្មែរ​ យើង ​យក​នំ​ចំ​ណី​ មាន​អំបុក​ចេក​ ជា​ដើម​មក​បូជា​ព្រះ​ច័ន្ទ​ ហៅ​ថា​ពិធី​បុណ្យ​សំពះ​ ព្រះ​ខែ ​អក​អំបុក​ ។ ​នៅ​ក្នុង​ពិធី​សំពះ​ព្រះខែ​នេះ ​គឺ​មាន​សម្រក់​ទៀន​ លើ​ស្លឹក​ចេក​ស្រស់ ​ដើម្បី​ផ្សង​មើល ​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ ​បន្ទាប់​ផង​ដែរ​។​

​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ ​និង​ អក​អំបុក​មាន​អត្ថន័យ​ និង​ខ្លឹម​សារ​ថា​៖​ ទី១ ​ធ្វើ​សក្ការៈ​បូជា​ចំពោះ​ទន្សាយ​ ព្រះ​ពោធិ​សត្វ​ ដែល​រូប​ព្រះ​ឆាយា​លក្ខណ៍​ របស់​ព្រះ​អង្គ​ផ្ដិត​ ជាប់​នឹង ​ព្រះខែ ​ដើម្បី​បំភ្លឺ ​សត្វ​លោក​រៀង​មក​។​ ទី២​ ដើម្បី​ឧទ្ទិស​ថ្វាយ​ ព្រះ​ពោធិ​សត្វ ​នូវ​ផល្លា​នុផល​ ដែល​ជា​ចំណី​របស់​ព្រះ​អង្គ​ ក្នុង​វេលា​យប់​ ពេញ​បូរមី​ នៃ​ខែកក្ដិក​ជា ​ពេល​ព្រះ​ខែ ​លេច​រូប​រាង​ច្បាស់​។​ ទី៣ ​ដើម្បី​អប​អរ​សាទរ​ នូវ​ទិន្ន​ផល​ដែល​ បាន​មក​ពី​ការ​បង្ក​បង្កើន​ផល​ របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ​និង ​ទី៤​ ការ​ជ្រើស​រើស​យក​ថ្ងៃ​ទី១៥​កើត​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សំពះ​ព្រះខែ​ និង​អក​អំបុក​ នៅ​ម៉ោង​១២យប់ ​នោះ ​ពីព្រោះ ​យប់​ថ្ងៃនេះ​ គឺ​ព្រះ​ច័ន្ទ​មាន​មណ្ឌល​មូល​ពេញ​លេញ​ ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់​ និង​លោក​ខែ ​នៅ​ជិត​ភព​ផែនដី ​ដែល​មនុស្ស​ សត្វ​រស់​នៅ ​ដែល​ងាយ​ស្រួល​ ក្នុង​ការ​និយាយ​ទាក់​ទង​គ្នា ​មើល​ឃើញ​គ្នា ​និង​ស្តាប់​គ្នា​បាន​៕​

cpp-14-11-2016-001 cpp-14-11-2016-002 cpp-14-11-2016-003 cpp-14-11-2016-004 cpp-14-11-2016-005 cpp-14-11-2016-006 cpp-14-11-2016-007 cpp-14-11-2016-008 cpp-14-11-2016-009 cpp-14-11-2016-010 cpp-14-11-2016-011 cpp-14-11-2016-012vv

[youtube id= “t9rWmdXsonY”]