(13-11-2016) ប៉ៃលិន៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមកើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ស្តី កើតសុធា លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត លោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកជំទាវ សោ មុន្នីរត្ន អភិបាលរងខេត្ត លោក ឌឹន គឹមប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញដង្ហែរអង្គកឋិនទានទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា កណ្តាល ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
កឋិនទានគឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ , ជាកាលទានដ៏ពិសេស មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺអាចធ្វើបានតែក្នុងរយៈពេលតែ១ខែគត់ស្មើនឹង ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ ១៥កើតខែកត្តិក។ វត្ថុដែលអាចយកមកធ្វើកឋិនបានមានតែស្បង់ ចីវរ និងក៏សង្ឃាដីតែប៉ុណ្ណោះ ហើយព្រះភិក្ខុសង្ឃ ក៏ក្រាលគ្រងបានតែ១មុខប៉ុណ្ណោះដែរ។ ក្នុងវត្តអារាមនីមួយៗ បើការចាំវស្សាគ្មានភិក្ខុសង្ឃសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចណាស់ក៏ត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានចាំព្រះវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។ បុណ្យកឋិនទានរមែងទទួលបានអានិសង្ស ៥យ៉ាងគឺ៖ ទី១រមែងជាអ្នកមានបញ្ញាដ៏ច្រើន។ ទី២ រមែងបានជាអ្នកមានរូបល្អ ។ទី៣ រមែងជាអ្នកមានពណ៌សម្បុរកាយស្អាតល្អ ។ទី៤ រមែងជាអ្នកមានរូបរាងទ្រងទ្រាយស្អាតល្អ និងទី៥ រមែងបានកើតជាស្តេចចក្រពត្តិក្នុងជាតិណាមួយមិនខាន ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិរបស់យើងកំពុងមានសុខ សន្តិភាព យើងមានឱកាសជួបជុំគ្នាក្នុងទឹកមុខសប្បាយរីករាយ ធ្វើបុណ្យកឋិនទានមហាសាមគ្គីនៅក្នុងវត្តអូរច្រានេះ ដើម្បីទទួលបាននូវមហាកុសលដែលកើតចេញពីសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់ៗរូប សំរាប់ជាតិនេះ និងអនាគតជាតិ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា សាមគ្គីគឺជាកំលាំងដ៏រឹងមាំតែងតែឈ្នះលើមារ សត្រូវ និងបញ្ហាលំបាកទាំងពួង ។ ដូច្នេះសូមអោយប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ភ្ជាប់នូវគំនិតសាមគ្គីនេះអោយបានជាប់ជានិច្ច ដើម្បីសេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយមានការរីកចំរើនទៅមុខ។ ឯកឧត្តម បានមានប្រសាន៍បន្តទៀតថា សព្វថ្ងៃនេះយើងមានការលំបាកលើបញ្ហាទីផ្សារលក់កសិផលរបស់ប្រជាពលរដ្ឋយើង ហើយបញ្ហានេះឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វះស្វែង ទាក់ទង រកទីផ្សារលក់កសិផលរបស់ប្រជាពលរដ្ឋយើង ធ្វើយ៉ាងណាអោយឈ្មួញទទួលទិញកសិផលរបស់ប្រជាកសិករយើងបានតម្លៃខ្ពស់។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ប្រជាកសិករយើងក៏ត្រូវមានការគិតគូអោយបានល្អិតល្អន់ មុននឹងចាប់ផ្តើមដាំដុះដំណាំគ្រប់ប្រភេទ ត្រូវគិតពីបញ្ហាអាកាសធាតុ បញ្ហាទីផ្សារជាដើម មិនត្រូវធ្វើអ្វីៗតាមតែគ្នា នោះទេ ហើយពិសេសត្រូវងាកមកគិតលើការចិញ្ចឹមសត្វផងដែរ ព្រោះការចិញ្ចឹមសត្វដូចជា គោ ជ្រូកជាដើមនេះ ក៏ទទួលបានប្រាក់កម្រៃច្រើនគួសម មិនចាញ់ការធ្វើចំការនោះទេ។
ក្នុងឱកាសនៃការដង្ហែរអង្គកឋិនទានទៅកាន់វត្តសន្តិមារាម ហៅវត្តអូរច្រានេះ ឯកឧត្តម កើត សុធា និងលោកជំទាវ គង់ស្តីកើតសុធា លោកជំទាវស៊ុំ ហៀង និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ក៏បានប្រមូលថវិកាសរុបប្រាក់រៀលចំនួន២៤លានរៀល ប្រាក់ដុល្លាចំនួន១១៦០០$ និងប្រាក់បាត៤០០០បាតផងដែរ សំរាប់តម្កល់កសាងសមិទ្ធផលនានានៅក្នុងវត្ត៕
[youtube id= “JTJSqhSgZcw”]