(12-11-2016) ប៉ៃលិន៖ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅមន្ទីរអប់រំយុជននិងកីឡាខេត្តប៉ៃលិន មានរៀបចំកម្មវិធីអបអរសាទរដល់ក្រុមបាល់ទាត់នារីខេត្តប៉ៃលិន ដែលទទួលបានពានរង្វាន់មេដាយមាស (លេខ១ទូទាំងប្រទេស) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួមពីសំណាក់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុជននិងកីឡាខេត្ត និងលោកគ្រូអ្នកគ្រូ គ្រូបង្វឹករបស់កីឡាករ កីឡាការិនី ជាច្រើនអ្នកផងដែរ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាៈក្នុងព្រឹត្តិការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញកន្លងទៅថ្មីៗនេះ មន្ទីរអប់រំយុវជននិងកីឡាខេត្តបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនីចូលរួមសរុបចំនួន ៧៤នាក់ ក្នុងនោះស្រី ២៦នាក់ ហើយមានប្រភេទកីឡាបាល់ទាត់នារី ចំនួន ២០នាក់ ដែលទទួលបានជ័យលាភីមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦នេះ។ ក្រុមបាល់ទាត់បុរសមានកីឡាករចំនួន ២០នាក់ ស្ថិតនៅក្នុងពូល D ដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងប៉ូល។ ក្រុមបាល់ទះបុរសមានចំនួន ១២នាក់ ស្ថិតក្នុងពូល D ។ ដោយឡែកក្រុមអត្តពលកម្មមានកីឡាករ ៤នាក់ ដោយមាន៦ វិញ្ញាសារដូចជា រត់ល្បឿនបុរសនារី លោតកម្ពស់ លោតចំងាយ ចោលដុំដែក និងចោលថាសផងដែរ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសសើរដល់ប្អូនៗដែលជាកីឡាបាល់ទាត់នារីដែលបានខិតខំប្រឹងប្រែងក្នុងការប្រកួតតស៊ូ អត់ធ្មត់ យ៉ាងស្វិតស្វាញប្រឈមបញ្ហាគ្រប់បែបយ៉ាងក្នុងការដណ្តើមយកមេដាយមាស (លេខ១ទូទាំងប្រទេស) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។ នេះជាមោទនភាពជាប្រវត្តិសាស្រ្តសម្រាប់ខេត្តប៉ៃលិន និងជាប្រវត្តិសាស្រ្តសម្រាប់ការប្រកួតកីឡាថ្នាក់ជាតិដែលទើបតែបង្កើតឡើងនៅឆ្នាំទីមួយនេះ សម្រាប់ប្រទេសកម្ពុជារបស់យើង។ ថ្វីត្បិតខេត្តប៉ៃលិនរបស់យើងជាខេត្តតូចមួយក្នុងចំណោមរាជធានីខេត្តជាច្រើន តែវិស័យកីឡាក្នុងខេត្តរបស់យើងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលមានសមត្ថភាពក្នុងការប្រកួតទទួលជោគជ័យជាប្រវត្តិសាស្ត្រលើកដំបូង។ នេះគឺ ដោយសារការខិតខំសហការសាមគ្គីរបស់កីឡាគ្រប់រូបៗ និងការយកចិត្តទុកដាក់ពីលោកគ្រូបង្វឹក គ្រូដឹកនាំ និងថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្តតែម្តង ។ ឯកឧត្តម កើត សុធា បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗកីឡាករ កីឡាការនី ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ប្រឹងប្រែងហាត់ហ្វឹកហ្វឺនបន្ថែមទៀតដើម្បីភាពជោគជ័យក្នុងព្រឹត្តិការប្រកួតថ្នាក់ជាតិនិងថ្នាក់អន្តរជាតិជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនក៏បានឧបត្ថម្ភថវិកាម្នាក់ៗចំនួន៥ម៉ឺនរៀលដល់ក្រុមកីឡាកានី ព្រមទាំងបានរៀបចំអាហាសាមគ្គីផងដែរ។
[youtube id= “iqdJTPJ4834”]