(05-11-2016) ប៉ៃលិន៖ រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០៤ស្ថិតក្នុងភូមិសាស្ត្រ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាលនិងនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធការពារព្រំដែន ចំណុះឱ្យយោធភូមិភាគទី០៥ ចំនួន៤០៩១អាវ។
នៅក្នុងឪកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍នាំនូវបណ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះកម្លាំងប្រដាប់អាវុធ ហើយសម្តេចតែងតែគិតគូខ្ពស់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធយើង កំពុងឈជើងការពារបូរណភាពទឹកដីជាប់ជាប្រចាំ។ ឯកឧត្តមនាយឧត្តមសេនីយ៍ មានប្រសាសន៍លើកឡើងថា៖ ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ យើងត្រូវរក្សាឱ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ត្រូវចេះសាមគ្គីគ្នា ហើយប្រសិនបើមានបញ្ហាអសកម្មណាមួយ កើតឡើងនៅក្នុងអង្គភាព យើងត្រូវប្រជុំដោះស្រាយគ្នា ធ្វើការទិទានគ្នាត្រង់ទៅត្រង់មក ជៀសវាងយកមកបង្ហោះក្នុងទំនាក់ទំនងបណ្តាញសង្គម ។ទន្ទឹមនេះកងកម្លាំងទាំងអស់ត្រូវខិតខំពង្រឹងកិច្ចការពារនិងរក្សាសន្តិសុខសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃឱ្យបានល្អ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បានមានប្រសាសន៍ជំរុញដល់ បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រពន្ធកូន ក្រុមគ្រួសារដែលគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាង។
គួរបញ្ចាក់ថា៖ អាវរងារ ចំនួន ៤០៩១ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិកាចម្រុះកងយោធពលខេមរភូមិន្ទ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធជាច្រើនអង្គភាពចំណុះយោធភូមិភាគ៥ មានដូចជាតំបន់ប្រត្តបត្តិការសឹករងប៉ៃលិន បាត់ដំបង កងការពារព្រំដែន ប៉ូលីសការពារព្រំដែន និងកងរាជអាវុធហត្ថ ដែលមកពីស្រុកសំពៅលូន ,ស្រុកភ្នំព្រឹក ,ស្រុកកំរៀង ,ស្រុកសំឡូត និងស្រុករតនមណ្ឌល នៃខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តប៉ៃលិនផងដែរ។
[youtube id= “hv1VQgLGo7Q”]