(12-06-2015) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមនិងប្រារព្ធពិធី រាប់បាតព្រះសង្ឃចំនួន ៨៣អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតៈប្រធានព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជាដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ឡី ចាន់ឆាយអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនចំនួន១៤០០នាក់ចូលរួមផងដែរ។
ឯកឧត្តម កើត សុធា បានអានសារលិខតចូលរួមរំលែកទុក្ខដែលមានខ្លឹមសារថាៈក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មន្រ្ដីរាជការ នៃរដ្ឋបាលខេត្តកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់មានសេចក្ដីតក់ស្លុតរន្ធត់ចិត្តយ៉ាងក្រៃលេង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ចំពោះការទទួលមរណៈភាពរប់ស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃច័ន្ទ ៧រោជ ខែជេដ្ឋឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនិងថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០១៥ វេលាម៉ោង ១៥,៤៥នាទីក្នុងជន្មាយុ៨៣ឆ្នាំដោយរោគាពាធ ។
ក្នុងក្ដីអាឡោះអាល័យដ៏សែនសោកសង្រេង ខ្សឹមខ្សួលរំជួលចិត្តឥតឧបមាននេះ យើងខ្ញុំទាំងអស់គ្នា សុំគោរពចូលរួមរំលែកទុក្ខប្រកបដោយក្ដីក្ដុកក្ដួលសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ សម្តេចប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងជាមេគ្រួសារ បិតា ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្រកប ដោយព្រហ្មវិហាធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លាគ្មានអ្វីកាត់ថ្លៃបាន ។
សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម គឺជាវីរយុទ្ធជនដ៏អង់អាចក្លាហានមួយរូប ដែលស្ទើតែមួយជីវិតបានប្រយុទ្ឋតស៊ូមិនស្តាយជីវិត លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីតែបុព្វហេតុរំដោះជាតិមាតុភូមិ រួចផុតពីរបបប្រល័យពូជសាសន៏បញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ បង្កើតបាននូវសុខសន្តិភាពពេញលេញបរិបូណ៏ ហើយបន្តដឹកនាំយ៉ាងសកម្មខ្លាំងក្លាក្នុងកិច្ចដំណើរការស្ដារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចបច្ចប្បន្ននេះ ។
សម្ដេចប្រធានព្រឹទ្ធសភា ក៏ជាវីរជនស្នេហាជាតិដ៏ឆ្នើម ប្រកបដោយគុណធម៌ សម្ដេចបានបំពេញបេសកម្មដ៏ថ្លៃថ្លាបម្រើជាតិ និងប្រជាជនកម្ពុជា ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ ទទួលបានជោគជ័យយ៉ាងក្រៃលែងពីមួយអាណត្តិទៅមួយអាណត្តិ ក្នុងដំណើរការពង្រឹងនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ និងការអភិវឌ្ឍន៍កសាងជាតិមាតុភូមិយ៉ាងពិតប្រកដ ។ ក្នុងឋានៈជាប្រធាន សម្តេចបានដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងបំរើប្រជាជន ទទួលបាននូវការស្រឡាញ់បោះឆ្នោតគាំទ្រពីមហាជន ពីប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបគ្រប់អាណត្តិ គ្រប់និតិកាលទាំងអស់ ។
មរណៈភាពរបស់សម្ដេចប្រធានព្រឹទ្ធសភា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមរបស់ជាតិនៃប្រជាជនព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ យើងខ្ញុំទាំងអស់គ្នា សូមចង់ចាំទុកក្នុងក្រអៅបេះដូងជាប់ជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាមហាពលិកម្មដ៏ធំធេង និងទឹកចិត្តស្នេហាជាតិដ៏ស្មោះស្ម័គ្ររបស់សម្ដេចប្រធានព្រឹទ្ធសភា ជានិច្ចនិរន្តលុះអវសាន្ត ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្ដីរាជការនៃរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមលំឱនកាយ ឧទ្ទិសនូវកុសលផលបុណ្យ អានិសង្ឃទាំងឡាយ ព្រមទាំងវត្ថុសាកសិទ្ធិក្នុងលោក គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃសូមទ្រទ្រង់វិញ្ញាណក្ខន្ធរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ តមកគណៈធិបតីនិងអ្នកចូលរួមទាំងអស់បានអញ្ជើញរាប់បាតព្រះសង្ឃចំនួន៨៣អង្គ ដើម្បីកុសលផលបុណ្យជូនដល់សម្តេចជាស៊ីម បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
[youtube id= “DnhpgRa_Aes”]