ក្រុមប្រឹក្សាខេត្តប៉ៃលិនស្នើអោយគណអភិបាលបន្តជជែកជាមួយផ្នែកធនាគា និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងខេត្ត កុំអោយមានការរឹបអូស ដី ឬ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋកូនបំណុល


(03-11-2016) ប៉ៃលិន៖ ​ក្នុង​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី៣០​ អាណត្ត​ទី២​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៣​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ ក្រោម​អធិប​តីភាព ​ឯក​ឧត្តម​ ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ដោយ​មាន​ ឯក​ឧត្តម ​លោក​ជំទាវ​ អភិ​បាល​រង​ខេត្ត ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​រាជការ ​សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​លោក​មេ​ឃុំ ​ចៅ​សង្កាត់ ​និង​តំណាង​អង្គ​ការ​សង្គម​ស៊ីវិល​បាន​ចូល​រួម​ផង​នោះ​, ក្រុម​ប្រឹក្សា​ខេត្ត​បាន​ស្នើ​អោយ​គណ​អភិបាល​បន្ត​ជជែក​គ្នា​អោយ​បាន​ជាក់​លាក់​ជា​មួយ​ផ្នែក​ធនាគា​ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ខេត្ត​ប៉ៃលិន ​កុំ​អោយ​មាន​ការ​រឹបអូស​ ដី​ ឬ​ផ្ទះ​សំបែង​របស់​ប្រជា​ពល​រដ្ឋ​កូន​បំណុល​  តែ​ទុក​ឱកាស​អោយ​ពួក​គាត់​បន្ត​ទៀត ​ដើម្បី​រក​ប្រាក់​មក​សង​ធនា​គារ ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ​វិញ​។ ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​លើក​ឡើង​ថា​ ដោយ​សារ​កត្តា​អាការ​ធាតុ​ គួប​ផ្សំ​នឹង​កត្តា​តម្លៃ​កសិ​ផល​នៅ​លើ​ទីផ្សារ​ និង​កត្តា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​យើង​បាន​ខាត​បង់​ជា​ច្រើន​លើ​មុខ​របរ​ធ្វើ​ស្រែ ​ចំការ ​និង​មិន​មាន​លទ្ធ​ភាព​បង្វឹល​ថវិកា​មក​សង​ធនា​គារ ​ឬ​មីក្រូ​ហិរញ្ញ​វត្ថុ​វិញ​បាន​។ ​ក្រុម​ប្រឹក្សា​បាន​លើក​ឡើង​បន្តថា ​កន្លង​មក​អាជ្ញាធរ​ខេត្ត​ក៏​មាន​ការ​ផ្សព្វ​ផ្សាយ,​ ហើយ​ទាំង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ​និង ​ធនាគារ​ផ្ទាល់​នោះ,​ ក៏​បាន​ដឹង​ហើយ​ពី​ការ​ចុះ​ហត្ថ​លេខា​យោគ​យល់​គ្នា​មួយ​ រវាង​ធនាគារ​ជាតិ ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ ជា​មួយ​ផ្នែក​ធនាគារ ​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​មិន​តម្រូវ​អោយ​មាន​ការ​រឹប​អូស​យក​ដី​ ផ្ទះ​សំបែង​របស់​ប្រជា​ពល​រដ្ឋ​កូន​បំណុល​ តែ​ត្រូវ​ទុក​ពេល​អោយ​ប្រជា​ពល​រដ្ឋ​កូន​បំណុល​រក​ថវិកា​មក​សង​វិញ​។ ​ប៉ុន្តែ​កន្លង​មក​ ផ្នែក​ធនាគារ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ ហាក់​មិន​គោរព​តាម​ការ​ខ្លឹម​សារ​នៃ​ឯក​សារ​យោគ​យល់​គ្នា​ដែល​បាន​ចុះ​ហត្ថ​លេខា​នោះ​ឡើយ​។​ ជាក់​ស្តែង​កន្លង​មក​នេះ ​នៅ​ក្នុង​ភូមិ​អូតា​ប្រាង ​សង្កាត់​អូតា​វ៉ៅ ​ក៏​មាន​ករណី​បង្ខិត​បង្ខំ​អោយ​ប្រជា​ពល​រដ្ឋ​កូន​បំណុល​លក់​ផ្ទះ​ លក់ដី​យក​លុយ​មក​សង​ធនាគារ​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​ម្ចាស់​បំណុល​វិញ​ផង​ដែរ​។​

​ក្នុង​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី៣០​នេះ​ដែរ​ ក្រុម​ប្រឹក្សា​ខេត្ត​ក៏​បាន​ស្នើ​អោយ​គណ​អភិបាល​ពិនិត្យ​មើល​មន្រ្តី​នគរ​បាល​ ដែល​គេ​និយាយ​ថា ​បាន​យក​លុយ​ច្រើន​ហួស​ប្រមាណ ​ពី​ការ​ធ្វើ​អត្រា​នុកូល​ដ្ឋាន​និង​ សៀវ​ភៅ​គ្រួសារ ​ហើយ​ក៏​មាន​មន្រ្តី​នៃ​មន្ទីរ​រៀប​ចំដែន​ដី​នគររូប​នីយ​កម្ម​សំណង់ ​និង​សុរិយោដី ​ដែល​បាន​យក​លុយ​ច្រើន​លើស​ពី​តម្លៃ​សេវា​កម្ម​បាន​កំណត់ ​ក្នុង​ការ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​កាន់​កាប់​ដីធ្លី ​។​ ក្រុម​ប្រឹក្សា​ខេត្ត​ក៏​បាន​ស្នើ​ផង​ដែរ​សូម​អោយ​មន្ទីរ​ធន​ធាន​ទឹក​យក​ចិត្ត​ទុក​ដាក់​អោយ​បាន​ខ្លាំង​ក្លា​ក្នុង​ការ​កសាង​ទំនប់​ស្ទាក់​ទឹក ​សំរាប់​ស្តុក​ទឹក​ទុក​ប្រើ​ប្រាស់​នៅ​រដូវ​រាំង​ស្ងួត ​ចំណែក​មន្ទីរ​ពាណិជ្ជ​កម្ម ​និង​មន្ទីរ​កសិ​កម្ម​ត្រូវ​ប្រឹង​ប្រែង​អោយ​បាន​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ទំនាក់​ទំនង​ទីផ្សារ​លក់​កសិ​ផល​របស់​ប្រជា​ពល​រដ្ឋ​អោយ​បាន​តម្លៃ​ខ្ពស់​។​

​ឯក​ឧត្តម ​អៀង​ វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​តំណាង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​នឹង​យក​សំណើរ​របស់​ក្រុម​ប្រឹក្សា​ទៅ​អនុវត្ត​អោយ​បាន​ល្អ​ប្រសើរ​ ហើយ​ក៏​បាន​ណែនាំ​អោយ​មន្ទីរ​ អង្គ​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សំណើរ ​ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​ខេត្ត​នា​ពេល​នេះ​ ត្រូវ​ធ្វើ​ការ​បំភ្លឺ​ជា​លាយ​លាក់​អក្សរ ​ហើយ​បញ្ជូន​មក​សាលា​ខេត្ត​អោយ​បាន​យ៉ាង​យូ​ថ្ងៃទី២០​ ខែវិច្ឆិកា ​ឆ្នាំ២០១៦​នេះ​៕​

cpp-03-11-2016-001 cpp-03-11-2016-002 cpp-03-11-2016-003 cpp-03-11-2016-004 cpp-03-11-2016-005 cpp-03-11-2016-006vv

[youtube id= “BbIsCKT2VZA”]