សាខាកាំកុងត្រូល ខេត្តប៉ៃលិន ចុះពិនិត្យស្តង់អង្ករមួយកន្លែង ខណៈប្រជាពលរដ្ឋសង្ស័យថា មានអង្ករជាតិជ័រប្លាស្ទិក


​(29-10-2016) ប៉ៃលិន៖ កាល​ពី​វេលា​ម៉ោង​ ៥៖៣០​នាទី​ល្ងាច ​ថ្ងៃទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០១៦ ​មន្ត្រី​ជំនាញ​សាខា​កាំ​កុង​ត្រូល​ខេត្ត​ប៉ៃលិន​ សហ​ការ​ជា​មួយ​មន្រ្តី​នៃ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ រួម​ទាំង​កង​កម្លាំង​មាន​សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​ផង​ បាន​ចុះ​ត្រួត​ពិនិត្យ​ស្តង់​លក់​អង្ករ​មួយ​កន្លែង​ ស្ថិត​នៅ​ខាង​ជើង​ផ្សារ​សាមគ្គី ​ហៅ​ផ្សា​ប៉ាហ៊ី ​ក្នុង​ភូមិ​ប៉ាហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​  បន្ទាប់​ពី​មាន​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​ឈ្មោះ ​ទិត្យ ​អុល ​ភេទ​ប្រុស ​អាយុ​៥២ឆ្នាំ ​ប្រពន្ធ​ ឈ្មោះ ​ចាន់​ ចំរើន​ អាយុ​ ៥០ឆ្នាំ ​រស់​នៅ​ភូមិ​ទួល​ខៀវ ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ ផ្អើល​ឆោរ​ឡោ​ដោយ​សង្ស័យ​ថា​ អង្ករ​ដែល​ខ្លួន​បាន​ទិញ​ពី​ស្តង់​មួយ​កន្លែង​នៅ​ខាង​ជើង​ផ្សារ​ប៉ាហ៊ី ​យក​ទៅ​ដាំ​បាយ​ហូប ​ជា​អង្ករ​ជ័រ​ប្លា​ស្ទិក​។ ​ពួក​គាត់​បាន​បញ្ជាក់​ថា ​នៅ​ពេល​ដែល​គាត់​បាន​យក​អង្ករ​នេះ​ទៅ​លីង ​ធ្វើ​ជា​អង្ករ​លីង​សំរាប់​ដាក់​ជា​មួយ​ផ្អក​ត្រី​ប្រៃ​នោះ​ ស្រាប់​តែ​ឆេះ​ខ្លោច​ឡើង​ព៌ណ​ខ្មៅ​កក​ជា​ដុំ​ៗ​  ​ពេល​ពិនិត្យ​ទៅ​ឃើញ​សង្ស័យថា​ ជា​អង្ករ​មាន​ជ័រ​ប្លា​ស្ទិក​ហើយ​ក៏​ផ្អើល​តែ​ម្តង។​  ក្រោយ​ពេល​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពល​រដ្ឋ​ និង​ពី​ក្រុម​ការងារ​ចុះ​ជួយ​មូល​ដ្ឋាន ​ឯក​ឧត្តម​កើត​សុធា​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ក៏​បាន​ណែនាំ​អោយ​សមត្ថ​កិច្ច​ជំនាញ​ចម្រុះ​ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ​ភ្លាមៗ ​ ដើម្បី​ស្វែង​រក​ការ​ពិត ​និង​ចាត់​វិធាន​ការ​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​។​

​ក្រោយ​ការ​ត្រួត​ពិនិត្យ ​និង​ធ្វើ​ពិសោធន៍​តាម​បច្ចេក​ទេស​យ៉ាង​ល្អិត​ល្អន់​របស់​សមត្ថ​កិច្ច​ជំនាញ​ចំរុះ​រួច​មក​មន្រ្តី​កាំកុង​ត្រូល​សាខា​ខេត្ត​ប៉ៃលិន​ បាន​ឱ្យ​ដឹង​ថា ​មូល​ហេតុ ​ដែល​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​ខាង​លើ ​លីង​អង្ករ​រហូត​ដល់​ខ្លោច​ខ្លាំង​ជ្រុល​ពេក ​ទើប​បាន​កើត​ក្លាយ​ទៅ​ជា​ដុំៗ​ ហើយ​ស្មាន​ថា​ជា​ដុំ​ជ័រ​កៅស៊ូ​តែ​ម្តង​ទៅ ​។​ មន្រ្តី​ជំនាញ​បាន​បញ្ជាក់​ថា ​យើង​រក​ពុំ​ឃើញ​មាន​លក្ខណៈ​ត្រង់​ណា​ដែល​បង្ហាញ​ថា ​អង្ករ​នោះ​មាន​ជាតិ​ជ័រ​កៅស៊ូ​ប្លា​ស្ទិក​នោះ​ទេ​ ។​ អង្ករ​ ជា​ច្រើន​ប្រភេទ​ដែល​បាន​យក​មក​សាក​ល្បង​លីង​សារ​ជាថ្មី​ រហូត​ដល់​ខ្លោច​ជ្រុល ​ គឺ​មាន​សភាព​ដូចគ្នា​ទាំង​អស់​ ពុំ​មាន​លក្ខណៈ​ឆេះ​រលាយ​ជា​ជ័រ​ស្អិត​ ឫ​មាន​ក្លិន​ឈ្ងៀម​របៀប​ជា​ជ័រ​ឆេះ​ភ្លើង​នោះ​ទេ ​។​ មិន​តែ​ប៉ុណ្ណោះ​អង្ករ​ដែល​បាន​សង្ស័យ​ថា​ជា​អង្ករ​ប្លា​ស្ទិក​ក៏​បាន​សាក​ល្បង​ដាក់​ត្រាំ​ជា​មួយ​ប្រេង​កាត​ផង​ដែរ ​  ព្រោះ​ថា ​ជាតិ​ជ័រ​កៅស៊ូ ​បើ​ត្រាំ​ជា​មួយ​ប្រេង​កាត​វា​នឹង​រីក​ធំ​ខុស​ពី​ធម្មតា​ ។ ​ប៉ុន្តែ​ក្រោយ​ការ​ដាក់​ត្រាំ​ជាមួយ​ប្រេង​កាត​ហើយ​ ក៏​នៅ​តែ​ពុំមាន​អ្វី​ប្រែប្រួល​ដែរ​ ​។​ ដូច្នេះ​ការ​ពិត​ជាក់​ស្តែង​ត្រូវ​បាន​រក​ឃើញ​ថា ​ អង្ករ​ដែល​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​ឈ្មោះ ​ទិត្យ​ អុល​ ភេទ​ប្រុស​ អាយុ​៥២ឆ្នាំ ​ប្រពន្ធ​ ឈ្មោះ ​ចាន់​ ចំរើន ​អាយុ​ ៥០ឆ្នាំ ​រស់​នៅ​ភូមិ​ទួល​ខៀវ ​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​សង្ស័យ​ថា​ជា​អង្ករ​ជ័រ​ប្លា​ស្ទិក​នោះ ​ គឺ​ជា​អង្ករ​ធម្មតា​សុទ្ឋ​សាធ ​ ពុំ​មែន​ជា​អង្ករ​មាន​លាយ​ជាតិ​ជ័រ​ប្លា​ស្ទិក​ដូច​ព័ត៌មាន​ចចាម​អារ៉ាម​នោះ​ឡើយ​ ។​

​ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់ ​ កុំ​មាន​ការ​ភ្ញាក់​ផ្អើល ​និង​សូម​កុំ​ជឿ​តាម​  ការ​និយាយ​ចចាម​អារ៉ាម​ តៗ ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ​ថា​មាន​អង្ករ​ជ័រ​ប្លា​ស្ទិក​នោះ​គឺ​ពុំ​មែន​ជា​ការ​ពិត​នោះ​ឡើយ​ ។​

cpp-29-10-2016-001 cpp-29-10-2016-002 cpp-29-10-2016-003 cpp-29-10-2016-004vv

[youtube id= “Zn1TFBacsbY”]