(25-10-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តប៉ៃលិន មន្ទីរផែនការខេត្តសហការជាមួយទីចាត់ការផែនការនិងវិនិយោគខេត្តប្រជុំស្តីពីការត្រួតពិនិត្យចាត់អាទិភាព និងបូកសរុបសំណើរគម្រោង អាទិភាពសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរង ខេត្តប៉ៃលិន ។
លោក ឡួង សេរី ប្រធានការិយាល័យផែនការនិងវិនិយោគបានធ្វើបទបង្ហាញស្តីពីការណែនាំដើម្បីកំណត់និងសំណើគម្រោងអាទិភាពសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៧-២០១៩ ដើម្បីអោយគ្រប់អង្គភាពមន្ទីរស្ថាប័នជំនាញក្នុងខេត្តទាំងអស់បានយល់កាន់តែច្បាស់ក្នុងការធ្វើផែនការអោយទទួលបានជោគជ័យ។
លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានឲ្យដឹងថាៈកិច្ចប្រជុំនាពេលនេះគឺដើម្បីពិនិត្យនិងផ្តល់យោបល់លើការបូកសរុបតារាងវិនិយោគរបស់រដ្ឋបាលខេត្តនិង ដើម្បីពិនិត្យ និងផ្តល់យោបល់លើការចាត់អាទិភាពគម្រោងនានាផងដែរ។ តាមគោលការណ៍លក្ខណវិនិច្ឆ័យរបស់គម្រោងអាទិភាពនីមួយៗមានចំណុចសំខាន់ៗគឺ ស្របតាមចក្ខុវិស័យរបស់ខេត្ត ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់ខេត្ត ស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់ខេត្ត អ្នកទទួលផល លទ្ធភាពនិងពេលវេលាជាដើម។ ហើយគម្រោងទាំងអស់មាន ៣២គម្រោងកំពុងដំណើរការ និង ២០២គម្រោងសន្យាគាំទ្រ ដោយថ្នាក់ខេត្ត។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថាៈកិច្ចប្រជុំនៅពេលនេះមានសារៈសំខាន់ណាស់ដើម្បីផ្សព្វផ្សាយណែនាំកំណត់និងសំណើគម្រោងអាទិភាពសំរាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៧-២០១៩ ក្នុងការរៀបចំតារាងសំណើរគម្រោងវិនិយោគដើម្បី ឆ្លើយតបទៅតាមស្ថានភាពបច្ចុប្បន្ន សក្តានុពល បញ្ហានិងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត និងអង្គភាពមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់។ ឯកឧត្តមបានណែនាំគ្រប់អង្គភាពមន្ទីរស្ថាប័នទាំងអស់នៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សាស្វែងយល់ពីនិតិវិធី និងបទដ្ឋាននានាសំរាប់ធ្វើគំរោងផែនការរបស់ខ្លូនអោយបានល្អ និងប្រកបដោយប្រសិទ្ធិភាព ជាពិសេសត្រូវរៀបចំចាត់តាំងនិងប្រគល់ភារៈកិច្ចជូនដល់ថ្នាក់ដឹកនាំអោយទទួលខុសត្រូវលើការងារនេះអោយបានច្បាស់លាស់ ។ ទន្ទឹមនេះគ្រប់អង្គភាពមន្ទីរស្ថាប័នទាំងអស់ត្រូវរៀបចំផែនការជាអាទិភាពទៅតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៏ភូមិ/ឃុំ/សង្កាត់ ក្រុង ស្រុក អោយមានការរីកចំរើនលើគ្រប់វិស័យ។
[youtube id= “wH1wplPwu60”]