(21-10-2016) ប៉ៃលិន៖ សណ្ឋាគារមាសសោភា ដែលមានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវការនៅល្ងាចថ្ងៃទី២១តុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងមានការអញ្ជើញចូលរួមពីសំណាកអស់លោកលោកស្រីមន្រ្តីរាជការស្ថាប័នជុំវិញខេត្តផងដែរ។
លោកគឹម ពៅ ម្ចាស់សណ្ឋាគារបានអោយដឹងថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ ជាពិសេសខេត្តប៉ៃលិនកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យផងនោះ ទើបរូបលោកនិងក្រុមគ្រួសារបានសម្រេចចិត្តកសាងសណ្ឋាគារមាសសោភាថ្មីស្រឡាងនេះឡើងដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តនៅខេត្តប៉ៃលិនអោយមានកន្លែងស្នាក់នៅសមរម្យផងដែរ។លោកបន្តថាៈសណ្ឋាគារមាសសោភា មានទីតាំង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានបន្ទប់ចំនួន៤៩ បន្ទប់ ក្នុងនោះមានបន្ទប់គ្រែមួយ គ្រែពី និងបន្ទប់ វីអាយភី( V I P ) ប្រកបដោយផាសុខភាព ព្រមទាំងមានទីកន្លែងចតរថយន្តខាងមុខ និងខាងក្រោយធំទូលាយ និងមានសុវត្តិភាពផងដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានប្រសាសន៍ថាៈក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើប្រទេសជាតិមានសុខសន្តិភាពនិងបានកសាងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះសេវាកម្មបំរើអោយវិស័យទេសចរណ៍នានាក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផងដែរ។ជាក់ស្តែងនៅខេត្តប៉ៃលិនយើងបច្ចុប្បន្នមានរម្មណីដ្ឋានបែបធម្មជាតិជាច្រើនកន្លែងធ្វើអោយមានកំណើនភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅខេត្តប៉ៃលិនកើនឡើង ហើយការកសាងសមិទ្ធិផលថ្មីមួយនេះដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានភាពរីកចំរើនឡើងទាក់ទាញបានភ្ញៀវទេសចរណ៍មកលេងខេត្តប៉ៃលិនកាន់តែច្រើនឡើង។ទន្ទឹមនិងនេះសណ្ឋាគារគឺបានផ្តល់ការងារដល់កូនចៅប្រជាពលរដ្ឋខេត្តប៉ៃលិនអោយមានការងារធ្វើបង្កើនប្រាក់ចំណូលក្នុងគ្រួសាររួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបានសំណូមពរដល់ផ្នែកសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន អាហារដ្ឋាន ហើយប្រែក្លាយសេវាកម្មទាំងអស់នោះជាទីកន្លែងមួយស្អាតជានិច្ច ស្របតាមពាក្យស្លោក ទីក្រុងស្អាត រម្មណីដ្ឋានស្អាត សេវាល្អ។
[youtube id= “6iJiqz42WBI”]