(19-10-2016) ប៉ៃលិន៖ បន្ទាប់ពីឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងសុន្ទរកថាស្វាគមន៏ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេសតេជោបានសម្តែងភាពរីករាយ ដោយឃើញខេត្តប៉ៃលិនដែលជាអតីតតំបន់សង្រ្គាម មានការអភិវឌ្ឍ រីកចំរើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយស្នាមញញឹមក្នុងជីវភាពសមរម្យ។ សម្តេចបានមានប្រសាសន៍ថា «ឥឡូវនេះជីវភាពរបស់ប្រជាជនយើង ប្រែក្លាយពីសង្រ្គាមមកកាន់សន្តិភាព ប្រែក្លាយពីការប្រយុទ្ធ ទៅជាការអភិវឌ្ឍន៍ដែលមកដល់ពេលនេះជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនដែលខ្ញុំបានឆ្លងកាត់ រួមមានស្រុកម៉ាឡៃ ស្រុកភ្នំព្រឹក សំពៅលូន កំរៀង និងនៅខេត្តប៉ៃលិននេះ ជីវភាពរបស់ប្រជាពលរដ្ឋ ហាក់ដូចជាមានភាពរីកលូតសាល់ និងរីករាយខ្លាំងណាស់ជាមួយសមិទ្ធផលដែលគាត់មាន»។ សម្តេចក៏បានសម្តែងក្តីត្រេកអរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងខេត្តប៉ៃលិន កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងការថែរក្សាសន្តិភាពដែលគិតមកដល់ពេលនេះមានរយះពេល២០ឆ្នាំ ហើយរយះពេល២០ឆ្នាំនេះបានផ្តល់ឱកាសយ៉ាងធំធេងក្នុងការអភិវឌ្ឍន៏ កែប្រែជីវភាពគ្រួសារ ក៏ដូចជាការជួយជំរុញដល់កំណើតសេដ្ឋកិច្ចជាតិ។ កម្ពុជាជាប្រទេសដែលបានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្ស ចាប់តាំងពីឆ្នាំ១៩៧០ ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ របបខ្មែរក្រហមប៉ុលពត ដែលបានផ្តួលរំលំរបស់លន់នល់ ហើយដឹកនាំប្រទេសបណ្តាលឱ្យមានមនុស្សរាប់លាននាក់បាត់បង់ជីវិត។ ក្រោយមកនៅឆ្នាំ១៩៧០ រណសិរ្យរំដោះជាតិកម្ពុជា ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ បានវាយផ្តួលរំលំប៉ុលពត ប៉ុន្តែសង្រ្គាមនេះមិនបានបញ្ចប់ភ្លាមៗនោះទេ ហើយអូសបន្លាយជាច្រើនឆ្នាំទៀត។សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសដល់អ្នកជំនាន់មុន ដែលបង្កើតសង្រ្គាមនេះ ហើយបន្សល់ទុកដល់អ្នកជំនាន់ក្រោយជាអ្នកដោះស្រាយ។ សម្តេចតេជោមានប្រសាសន៏ថា៖ «យើងជាអ្នកជំនាន់ក្រោយ ត្រូវស្រាយនូវចំណងដែលអ្នកជំនាន់ដើមបានចុះ ចំណុចនេះខ្ញុំព្រះករុណាខ្ញុំបានប្រកាសនៅប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ និងទីកន្លែងដទៃទៀត ដូចជាសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់ដែលធ្វើសមាហរណកម្មដទៃទៀត»។សម្តេចបានបន្ថែមថា «ហ៊ុន សែន និងមេដឹកនាំផ្តាច់ខ្លួនទាំងឡាយ មិនមែនជាអ្នកទទួលខុសត្រូវទៅលើការបង្កើតសង្គ្រាមនេះទេ ប៉ុន្តែសង្គ្រាមនេះ ត្រូវបានកកើតឡើងដោយអ្នកជំនាន់មុន ប៉ុន្តែអ្នកជំនាន់ក្រោយទទួលបន្ទុកដោះស្រាយ»។ជាមួយនឹងមោទនៈភាពដែលសម្រេចបានក្នុងរយះកន្លងមក សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវសំនូមពរមួយចំនួនដល់រដ្ឋបាលខេត្តប៉ៃលិន ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយការងារជាបន្តទៀតក្នុងនោះរួមមាន៖ ១.ត្រូវចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ការចរាចរប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ឲ្យមានប្រសិទ្ធិភាព។ ២.ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែស៊ីជម្រៅជាងមុន កាន់តែធំជាងមុន កាន់តែឆ្ងាយជាងមុន និងមានប្រសិទ្ធិភាពជាងមុន។ ៣.យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះរួមមានទាំងសេវាតម្រូវការ និងសេវាសំណូមពរ។ ៤.លុបបំបាត់ភាពអសកម្ម ក្នុងចំណោមមន្រ្តីរាជការ និងការថ្នាំងថ្នាក់របស់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ៥.កំលាំងគ្រប់ផ្នែកត្រូវគាំទ្រដល់ការប្រមូលពន្ធគយ និងពន្ធដារ ដើម្បីបង្កើនប្រាក់ចំណូលជាតិ និងការចែងបែកប្រាក់ចំណូលប្រកបដោយសមធម៌។ ខិតខំប្រឹងប្រែងលុបបំបាត់វប្បធម៌រកស៊ីមិនបង់ពន្ធ គេចពន្ធដែលជាហេតុនាំទៅដល់បាត់បង់ប្រាក់ចំណូលជាតិ។ ៦.ត្រូវចូលរួមក្នុងការការពារថែរក្សាធនធានធម្មជាតិ ការពារព្រៃឈើ ទប់ស្កាត់ការទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធឯកជន ៧.ត្រូវជំរុញការអភិវឌ្ឍន៏វិស័យទេសចរណ៌ ៨.ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីដែលកើតមានឡើង ដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ៩.ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ និងការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ទី១០.ត្រូវខិតខំសហការល្អជាមួយភាគីថៃនៅតាមជួរបន្ទាត់ព្រំដែន និងសម្រួលដល់ការរកស៊ីរបស់ប្រជាពលរដ្ឋទាំងសងខាងអោយមានភាពសុខដុមជាមួយគ្នា។
អត្ថបទ៖ លោក គង់ ជឺ
[youtube id= “UGMd4kDflvY”]