(13-10-2016) ប៉ៃលិន៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគល់ និងប្រគេន វិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ដល់សមណសិស្ស សិស្ស និងដូនជី ក្នុងខេត្តប៉ៃលិនសរុបចំនួន៧១ អង្គ/នាក់ សំរាប់ឆ្នាំសិក្សា ២០១៥-២០១៦។ ពិធីប្រគល់ និងប្រគេន វិញ្ញាបនប័ត្រនេះ បានធ្វើឡើងនៅ វត្តរតនសោភ័ណ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត លោកអភិបាលរងក្រុងប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីរ ព្រះគ្រូធម្មកថាធិរាជ សាន់លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ព្រះចៅអធិការវត្តប៉ាហ៊ី ព្រះចៅអធិការវត្តអូប្រឹស វត្តព្រំ សារវ៉ាន់ ព្រមទាំងសីលវ័ន សីលវតី សិស្សានុសិស្សជាច្រើន អង្គ/នាក់ទៀត។
ព្រះគ្រូក្តៀង សាតរ៉ាត់ ព្រះចៅអធិការវត្តរតនសោភ័ណ និងជានាយកវិទ្យាល័យពុទ្ធិកសិក្សាហ៊ុនសែនប៉ៃលិន បានមានសង្ឃដីការថា ក្នុងឆ្នាំសិក្សា ២០១៥- ២០១៦ សមណសិស្សដែលបានប្រលងធម្មវិន័យថ្នាក់ត្រី ទោ និងថ្នាក់ឯក សរុបមានចំនួន១១៦អង្គ/នាក់ ក្នុងនោះមានថ្នាក់ត្រីចំនួន ៧៧អង្គ/នាក់។ ថ្នាក់ទោមានចំនួន២៩ អង្គ/នាក់ និងថ្នាក់ឯក ចំនួន១០ អង្គ/នាក់ ។ ជាលទ្ធផល ថ្នាក់ត្រីបានប្រលងជាប់ជាស្ថាពរចំនួន ៤២ អង្គ/នាក់ , ថ្នាក់ទោចំនួន២២ អង្គ/នាក់, និងថ្នាក់ឯកចំនួន ៧ អង្គ/នាក់។ សរុបរួមចំនួន៧១ អង្គ/នាក់។ ព្រះអង្គបានបន្តថា មុខវិជ្ជាដែលត្រូវសិស្សាមាន ពុទ្ធវិន័យ ពុទ្ធប្រវត្ត ប្រជុំកងធម៌ និងសាសនសុភាសិត។
លោក សំ សាវឿន ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តប៉ៃលិនបានមានប្រសាសន៍ថា ខេត្តប៉ៃលិនមានវត្តចំនួន២៩វត្ត, អាស្រមចំនួន២ ,និងមណ្ឌលវិប្បសនាចំនួន១ សរុបចំនួន ៣២ វត្ត/អាស្រម ។ មាន ព្រះសង្ឃទាំងពីគណៈចំនួន ៣៦១អង្គ ក្នុងនោះមានសមណេចំនួន២៦០ អង្គ ។ មានសាលាពុទ្ធកវិទ្យាល័យ១សាលា មាន៣ថ្នាក់ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ មានគ្រូបង្រៀនចំនួន១១អង្គ/នាក់ និងសមណសិស្សសរុប ៨៤អង្គ/នាក់។ ពុទ្ធិកបឋមសិក្សា មាន៩សាលា, ក្នុងឆ្នាំសិក្សា២០១៦-២០១៧ មានគ្រូបង្រៀនចំនួន១០អង្គ/នាក់ និងសមណសិស្សសរុប ៥៥អង្គ/នាក់។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា ជាថ្នាលបណ្តុះបណ្តាលធនធានព្រះសង្ឃ សីលវ័ន សីលវតី អោយមានចំណេះដឹង និងជួយលើកកំពស់ វិស័យអប់រំ អោយមានការរីកចំរើនផងដែរ។ ព្រះពុទ្ធសាសនា ជាយន្តការដ៏សំខាន់ ក្នុងការបង្កើននូវមហាសាមគ្គីភាព ប្រមូលផ្តុំនូវគំនិត បញ្ញាញាណ និងវិធានការសមស្រប សំរាប់ការកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហឹង្សាទាំងឡាយក្នុងសង្គម ឈោងចាប់នូវសន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍន៍។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ប្រព័ន្ធអប់រំនៅក្នុងប្រទេសជាតិរបស់យើង មានទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលផ្នែកទាំងពីនេះត្រូវតែដើរទន្ទឹមគ្នា មិនអាចអោយមានគំលាតពីគ្នាបានទេ ដើម្បីអោយមានសមត្ថភាព ចំណេះដឹងដូចគ្នា រវាងគ្រហស្ថ និងព្រះសង្ឃ នៅពេលអនុវត្តការងារជាក់ស្តែងនៅក្នុងសង្គម។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើនកំពុងមានការលំបាកលើបញ្ហាជីវភាព ដោយកត្តាធម្មជាតិ និងកត្តាផ្សេងៗទៀត ដែលត្រូវការជំនួយពីថ្នាក់ដឹកនាំខេត្ត សប្បុរស់ជន និងព្រះសង្ឃផងដែរក្នុងការបរិច្ចាកនូវធនធានខ្លះៗ ដើម្បីយកមកជួយសំរួលដល់ជីវភាពប្រជាពលរដ្ឋយើងដែលកំពុងជួបការលំបាកទាំងនេះ។ ជាការពិតកន្លងមកព្រះសង្ឃមានសកម្មភាពច្រើនក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្រីក្ររបស់យើង ដូច្នេះក៏សូមអោយព្រះសង្ឃបន្តជួយដល់ប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀតតាមលទ្ធភាព និងធនធាន។ ឯកឧត្តម កើត សុធា ក៏បានសំនូមពរសូមអោយវត្តអារាមគ្រប់វត្ត ត្រូវមានការដាំដើមឈើក្នុងបរិវេណវត្តអោយបានច្រើន បង្កើតបរិស្ថានធម្មជាតិនៅក្នុងវត្តអារាមរបស់យើងអោយមានភាពស្រស់បំព្រង ត្រជាក់ត្រជុំសំរាប់ពុទ្ធបរិស័ទ ។ម្យ៉ាងទៀត ព្រះសង្ឃគ្រប់អង្គ ដែលគ្រប់ព្រះជន្មសំរាប់ការបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗអង្គ ដើម្បីចូលរួមបោះឆ្នោតក្រុប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០១៧ ខាងមុខនេះ៕
[youtube id= “RtRo7XytcpM”]