(01-10-2016) ប៉ៃលិន៖ ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១ ខែតុលាឆ្នាំ២០១៦ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរយើងអោយឈ្មោះថាជាពិធីបុណ្យ ភ្ជុំបិណ្ឌ។ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និង លោកជំទាវ គង់ស្តី កើតសុធា រួមដំណើរដោយលោកជំទាវ ជាលាភ អភិបាលរងខេត្ត លោកជំទាវ ស៊ុម ហៀងប្រធានសភាពាណិជ្ជកម្មខេត្ត ឯកឧត្តម គង់ដួង និង ពុទ្ធបរិស័ទ្ធមួយចំនួនទៀត បាននាំយកទេយ្យទាន មាន អង្ករ មី ផ្លែឈើ ទឹកសុទ្ធ ថវិកា និងសម្ភារៈមួយចំនួនទៀត ទៅវេប្រគេនជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរតនសោភ័ណ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ឯកឧត្តម កើត សុធា អភិបាលខេត្ត និងលោកជំទាវ គង់ស្តី កើតសុធា លោកជំទាវ ស៊ុ ហៀង លោកជំទាវ ជា លាភ ឯកឧត្តម គង់ ដួង រួមនឹងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទ្ធក្នុងខេត្ត តែងតែនាំយកចង្ហាន់ បច្ច័យ គ្រឿងឧបភោគ បរិភោគ ទៅ វេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តអារាមនីមួយៗក្នុងខេត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ព្រះមហាក្សត្រ ព្រះបរមរតនកោដ និង ដួងវិញ្ញាណបុព្វការីជន មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តានដែលបានបែកកាយរំលាយខ័ន្ធ លាចាកលោកនេះទៅកាន់លោកខាងមុខទៅហើយ សំរាប់ការបួងសួងសុំ សេចក្តីសុខ សប្បាយ ចំរុងចំរើន ទាំងនៅក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។ ទង្វើ ដ៏ប្រពៃរបស់ឯកឧត្តម កើត សុធា អភិបាលខេត្ត លោកជំទាវ គង់ស្រី កើតសុធា និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ទាំងអស់ ជាស្មារតីដ៏ល្អក្នុងការចូលរួមថែរក្សា ក៏ដូចជា គំរូល្អ សំរាប់ប្រជាពុទ្ធបរិស័ទ ក្នុងការចូលរួមថែរក្សា អភិរក្សនូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរយើង។
សូមរំលឹកថា ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោច ខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ, ដែលយើងតែងនិយមហៅថា ពិធីបុណ្យកាន់បិណ្ឌ ចំណែកថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា”ពិធីបុណ្យភ្ជុំបិណ្ឌ” ។ តាំងពីដើមឡើយ គេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃ នា រដូវវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ ។ ប៉ុន្តែអាស្រ័យដោយមានការបម្រែបម្រួល និង បំលាស់ប្ដូរស្ថានភាពសង្គម សេដ្ឋកិច្ច របស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។ ពាក្យថា”ភ្ជុំបិណ្ឌ”មានន័យថា ការប្រមូលដុំបាយ ឬ ការពូតដុំបាយ ដែលយើងតែងហៅថា ”បាយបិណ្ឌ” ។ ចាប់តាំងពីថ្ងៃបិណ្ឌ១ រហូតដល់ បិណ្ឌ១៤ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹម ឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះវិហារ ព្រោះគេមានជំនឿថាវិញ្ញាណរបស់បងប្អូន ជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះ ក៏បានក្លាយទៅជាប្រេត ហើយជារៀងរាល់១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់សាលោហិត ឧទ្ទិសទៅឲ្យ ហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃ ប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌ គេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល ពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជននិង មានអ្នកខ្លះទៀត គេជូនប្រាក់កាស នំចំណីដល់ ចាស់ទុំ ជនក្រីក្រ អ្នកសុំទាន ជនពិការ ឬ យាយជីតាជី ដែលនៅសំណាក់ធម៌ ថែរក្សាក្នុងទីវត្តអារាមនោះ ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្ត យ៉ាងហោចណាស់ក៏បានទៅវត្ត ម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូន ជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសា ឲ្យរងទុក្ខវទនា ក្រីក្រលំបាក ព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យ មានជាទាន ម្ហូបអាហារ នៅតាមទីវត្តអារាមនានា បើមិនឃើញទេ នឹងខឹងសម្បាជាមិនខានឡើយ។
[youtube id= “F3-GICe59dk”]