(30-09-2016) ប៉ៃលិន៖ ថ្ងៃទី៣០កញ្ញាឆ្នាំ២០១៦ ឯកឧត្តមកើត សុធាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៏សំដែងនូវការកោតសរសើរចំពោះគំរូវីរះភាពរបស់យុទ្ធជន នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងនៅតាមជួរបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះសាកសួរសុខទុក្ខកងកំលាំងរបស់តំបន់ប្រតិបត្តិការរងក្រុងប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំណុចអូរធុរ៉េន២ដើម ដែលជាប៉ុសប៉មជួរមុខតាមបន្ទាត់ព្រំដែនដែលមានការចូលរួមពីលោកជំទាវ គង់ ស្តីកើតសុធា លោកជំទាវ ជាលាប លោកជំទាវ សោមុន្នីរ័ត្ន អភិបានរងខេត្ត លោកជំទាវ ស៊ុ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរមួយចំនួនជុំវិញខេត្ត ផងដែរ ។
ឯកឧត្តមកើត សុធាអភិបាលខេត្តប៉ៃលិន ក៏បានពាំនាំយកបណ្តាំផ្ញើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនចំពោះយុទ្ធជន យុទ្ធនារី បងប្អូននៃកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែន និងកំពុងចូលរួមថែរក្សាសន្តិសុខសណ្ឋាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ឯកឧត្តមបន្តថា ទីតាំងដែលកងកំលាំងរបស់យើងកំពុងឈរបច្ចុប្បន្ន គឺជាតំបន់ដែលស្ថិតនៅគៀកនឹងព្រំដែនបំផុតហើយមានលក្ខណៈភូមិសាស្រ្តស្មុកស្មាញស្ថិតនៅតាមជួរព្រៃភ្នំ ជ្រោះជ្រលងដងអូរ មានការលំបាកក្នុងការធ្វើដំណើរប្រស្រ័យទាក់ទងគ្នាទៅវិញទៅមក ប៉ុន្តែក្នុងរយះពេល ចុងក្រោយនេះ ការទំនាក់ទំនងមានភាពងាយស្រួលដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានសម្រេចការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ស្ថាបនាស្ពានឆ្លងស្ទឹង ឆ្លងអូរជាច្រើនកន្លែង ចាប់ពីចំណុភូមិផ្សារព្រំ ស្រុកសាលាក្រៅ រហូតដល់សង្កាត់បយាខាក្រុងប៉ៃលិនដែលមានចំងាយផ្លូវ២០គីឡូម៉ែត្រ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់កងកំលាំងយើងទាំងអស់ដែលបានប្តេជ្ញាចិត្តថែរក្សាការពារនូវសុខសន្តិភាព ដែលជាមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដ៏ឆ្នើមនៃយើង ដែលសម្តេចបានដាក់ជីវិតជាដើមទុនអនុវត្តនូវនយោបាយឈ្នះឈ្នះប្រកបដោយជោគជ័យ ដើម្បីឲ្យប្រទេសជាតិយើងមានឳកាសបានបន្តនូវការកសាងអភិវឌ្ឍន៏ប្រទេសជាតិអោយបានរីកចម្រើនលើគ្រប់វិស័យ ។ឯកឧត្តមបានមានប្រសាសន៏បន្តថា ការប្តេជ្ញាចិត្តរបស់វីរៈកងទ័ពយើង គឺធានាការពាអធិបតេយ្យភាព ស្ថេរភាពនៅតាមជួរបន្ទាត់ព្រំដែន និងធានាការពារសន្តិសុខផ្ទៃក្នុងផងដែរ ពិសេសទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉នបង្ករចលាចលនាំឲ្យសង្គមវឹកវរឬក៏អាចនាំទៅដល់ការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ។ ឯកឧត្តមក៏បានសំណូមពរដល់កងកំលាំងទាំងអស់ត្រូវចូលរួមក្នុងការចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខ។
នាឱកាសនោះឯកឧត្តមកើត សុធា និងលោកជំទាវ គង់ ស្តី ព្រមទាំងប្រតិភូបាននាំយកអំណោយជូនដល់កងកំលាំងដែលកំពុងឈរជើងនៅចំណុចអូរធុរ៉េន២ដើម ចំណុះសឹករងក្រុងប៉ៃលិនចំនួន៤៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្រឹង១ អាវភ្លៀង១ សាប៊ូ១ឃីត ផ្លែឈើ៥គីឡូក្រាម និងថវិកា៤ម៉ឺនរៀល ដោយឡែកសម្រាប់ផ្គត់ផ្គង់ដែលប្រចាំការរួមមាន មី១០កេស ស្រាបៀ៥កេះ ត្រីខកំប៉ុង២យួរ ទឹកក្រូច២យួរ ទឹកត្រី២យួរ ទឹកស៊ីអីវ៣យួរទឹកសុទ្ធ១១យួរ ខ្លាញ់១យួរ ផងដែរ។
ឯកឧត្តមកើតសុធា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងអំណរនូវគុណនិងសម្តែងនូវការកោតសរសើរដោយស្មោះចំពោះលោកជំទាវ ស៊ុំហៀង ប្រធានសភាពាណិជ្ជកម្មខេត្តដែលនឹងផ្តល់អាគារស្នាក់នៅរបស់អង្គភាពឈរជើងនៅធុរ៉េន២ដើមនេះចំនួនមួយខ្នង និងសំភារៈថវិកាដែលបានចូលរួមឧបត្ថម្ភដល់កងទ័ពនាពេលនេះផងដែរ ។
[youtube id= “z4G1CFz7jtA”]