(26-09-2016) ប៉ៃលិន៖ រសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជូនរង្វាន់ដល់សិស្សដែលទទួលជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និទ្ទេស«A B C» ទូទាំងខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំង មានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត អនុប្រធាន សមាជិក សមាជិកា សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាលសិស្ស ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានសម្តែងពីមោទនភាពចំពោះយុវជនខេត្តប៉ៃលិន ដែលបានប្រឡងជាប់ទទួលបាននិទ្ទេសល្អ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយពុំនឹកស្មានដល់ ព្រោះឪពុកម្តាយរបស់ក្មួយៗទាំងអស់សុទ្ធសឹងតែជាកងទ័ព ដែលពុំបានទទួលការសិក្សាខ្ពង់ខ្ពស់ឡើយ ហើយឯកឧត្តមក៏បានជំរុញសិស្សជ័យលាភីប្រឡង ជាប់បាក់ឌុបទាំងអស់ទូទាំងខេត្ត ឲ្យបន្តការខិតខំប្រឹងប្រែងសិក្សាបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាព ចូលរួមចំណែកជួយកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយសម្តេច បានប្រឹងប្រែងខ្លាំងក្នុងការរក្សាស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សបញ្ចប់ការសិក្សា។ ឆ្លៀតក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តប៉ៃលិនទាំងមូលផងដែរ ។
ចំពោះសិស្សនិទ្ទេស A ទទួលបានម៉ូតូScoopyថ្មី១គ្រឿង លេបថប១ ថវិកាដល់សិស្សប្រឡងជាប់និទ្ទេស B ចំនួន ៧នាក់ ក្នុងម្នាក់ៗកាបូបសិក្សាចំនួន១ និងថវិកា ២០០,០០០រៀល និងសិស្សនិទ្ទេស C ចំនួន ២៣នាក់ ក្នុងម្នាក់ៗកាបូបសិក្សាចំនួន១ និងថវិកា ១០០,០០០រៀល និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នចំនួន២១នាក់ ទទួលបានប័ណ្ណថ្លែងអំណរគុណពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអាវស៊ឺមីចំនួន១ និងថវិកា ចំពោះសិស្សានុសិស្ស និងយុវជនចំនួន១៨០នាក់ ម្នាក់ៗនូវកាបូបសិក្សាម្នាក់១ ផងដែរ ក្រៅពីនេះលោកបានប្រកាសផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំ២០១៦ ចំនួន២០កន្លែង សម្រាប់សិស្សានុសិស្សដែលខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមផងដែរ ។
[youtube id= “VhZtAa1GdjM”]