ក្រុមការងារគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ដល់អាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តប៉ៃលិន


​(20-09-2016) ប៉ៃលិន៖ នៅ​សាលា​ខេត្ត​ប៉ៃលិន​ល្ងាច​ថ្ងៃ​ទី២០ ​ខែកញ្ញា ​ឆ្នាំ២០១៦​ ក្រុម​ការងារ​គណៈ​គម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ប្រជុំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​ពិនិត្យ​ការងារ​ឆមាស​ទី១​ឆ្នាំ​២០១៦​ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​បណ្ឌិត ​ញឹម​ វណ្ណដា ​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​អនុ​ប្រធាន​ប្រចាំការ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម​កើត ​សុធា ​អភិបាល​ខេត្ត ​ព្រម​ទាំង​អាជ្ញាធរ​ ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​ ជា​ច្រើន​នាក់​ផង​ដែរ​។​

​បន្ទាប់​ពី​ឯក​ឧត្តម ​និត ​អ៊ែល ​ទីប្រឹក្សា​ច្បាប់​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​អាន​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​រួច​មក​ ឯក​ឧត្តម​កើត​ សុធា​ អភិបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​របាយ​ការណ៏​ពី​សកម្ម​ភាព​ការងារ​ក្នុង​ឆមាសទី១​បាន​អោយ​ដឹង​ថា​៖​ក្នុង​ដើម​ឆ្នាំ​២០១៦​ ចាប់​ពី​ខែ​កុម្ភៈ​រហូត​ដល់​ខែ​មិថុនា​ប្រជា​ពល​រដ្ឋ​ស្ទើរ​តែ​ទូទាំង​ខេត្ត​ប៉ៃលិន​បាន​ជួប​គ្រោះ​រាំង​ស្ងួត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​គ្មាន​ទឹក​ធ្វើ​កសិកម្ម​ឫ​ដាំណាំ​រួម​ផ្សំ ​ហើយ​រហូត​ដល់​ខែ​មេសា​ប្រជា​ជន​ចំនួន​៦៧៣៦គ្រួសារ​ស្ទើរ​តែ​គ្មាន​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៀត​ផង​។​ឯក​ឧត្តម​បន្តថាៈ​នៅ​ចុង​ខែ​មិនា​ដើម​ខែ​មេសារ​និង​ខែ​ឧសភា​មាន​ការ​រង​គ្រោះ​ដោយ​ខ្យល់​កន្រ្តាក់​លើ​សង្កាត់​ចំនួន​២​គឺ​សង្កាត់​អូតាវ៉ៅ ​និង​សង្កាត់​ទួល​ល្វា​ក្នុង​ក្រុង​ប៉ៃលិន​ និ​ងឃុំ​ចំនួន​២​គឺ​ឃុំស្ទឹង​ត្រង់​និង​ឃុំ​អូរអណ្តូង​ក្នុង​ស្រុក​សាលា​ក្រៅ ​ក្នុង​នោះ​រលំ​ផ្ទះ​អស់​០៨ខ្នង ​របើក​ដំបូល​ធ្ងន់​ធ្ងរ​ចំនួន​១៨ខ្នង​និង​ផ្ទះ​របើក​ដំបូល​ចំនួន​២៣៦​ខ្នង ​សរុប​រួម​២៦២ខ្នង​។​ក្រៅ​ពី​នោះ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​រន្ទះ​បាញ់​ចំនួន​៤លើក​ ស្លាប់​មនុស្ស​២នាក់​របួស​១នាក់ ​និង​ងាប់​គោ​អស់​៤ក្បាល​។​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៤លើក​ ស្មើ​និង​៤គ្រួសារ​ ជាន់​មីន​ចំនួន​០៤លើក​របួស​ចំនួន​០៤លើក​ក្នុង​នោះ​ស្រី​២លើក ​ហើយ​ដោយ​ភាព​រាំង​ស្ថួត​អូស​បន្លាយ​យូរ​ពេក​ទើប​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​៥៩៦គ្រួសារ​ខ្វះ​ខាត​ស្បៀង​អាហារ​ ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​កា​រនៅ​ប្រទេស​ថៃ​ធ្វើ​អោយ​តួ​លេខ​ប្រជា​ពល​រដ្ឋ​ចំណាក​ស្រុក​កើន​ឡើង​ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​៤២១៣​នាក់​ក្នុង​នោះ​ស្រី​១៩៧៣​នាក់​។​

​ឯក​ឧត្តម​បណ្ឌិត​ ញឹម​ វណ្ណដា ​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​អនុ​ប្រធាន​ប្រចាំ​ការ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃ​គណៈ​ កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​មាន​ប្រសាសន៏​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​ទាំង​អស់​ដែល​ចូល​រួម​ទប់​ស្កាត់​និង​ដោះ​ស្រាយ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ ជា​ពិសេស​បាន​ចូល​រួម​ចំណែក​អនុវត្ត​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ជួប​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ​បាន​ទាន់​ពេល​វេលា។​ឯក​ឧត្តម​ក៏​ណែនាំ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​អោយ​ល្អ​ទៅ​តាម​តួនាទី​ភារៈ​កិច្ច​ដែល​បាន​ដាក់​ជូន ​និង​ជា​ពិសេស​ត្រូវ​ចេះ​រាយការណ៏​ពី​សកម្ម​ភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​អោយ​ថ្នាក់​លើ​បាន​ជ្រាប​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​ទាំង​អស់​ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​អោយ​ល្អ​ដើម្បី​ដើម្បី​ក្តាប់​នូវ​សភាព​ការ​ក្នុង​ការចាត់​វិធាន​ការ​ដោះ​ស្រាយ​អោយ​បាន​ទាន់​ពេល​វេលា​ ក្នុង​ន័យ​បំរើ​ការពារ​បងប្អូន​ប្រជា​ពល​រដ្ឋ​អោយ​មាន​សុខ​សុវត្តិ​ភាព​។​

cpp-20-09-2016-001 cpp-20-09-2016-002 cpp-20-09-2016-003 cpp-20-09-2016-004vv

[youtube id= “Wa5Kb5u6Wqw”]