ភាគីប្រទេសថៃអនុញ្ញាតអោយមានការនាំចូលស្វាយកែវរមៀតពីប្រទេសកម្ពុជាវិញ បន្ទាប់ពីមានការជួបប្រជុំគ្នារវាងអាជ្ញាធរខេត្តប៉ៃលិន និងអាជ្ញាធរខេត្តចាន់ថៈបុរីប្រទេសថៃ


(16-09-2016) ប៉ៃលិន៖ ​បន្ទាប់​គយ​ប្រទេស​ថៃ​ហាម​ឃាត់​មិន​អោយ​ពាណិជ្ជករ​នាំ​ស្វាយ​កែវ​រមៀត​របស់​ខ្មែរ​ចូល​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​នា​ពេល​កន្លង​ទៅ ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​ដឹកនាំ​ដោយ​ឯក​ឧត្តម ​អៀង ​វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ជំទាវ ​ស៊ុំ ​ហៀង​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ លោក​សុខ ​សាធីម ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​លោក ​សាយ ​សុផាត ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត ​លោក ​សុខ​ សាវុធ ​ប្រធាន​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​ដែន​ខេត្ត​ប៉ៃលិន ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​  បាន​ជួប​ប្រជុំ​ចរចា​ជា​មួយ​អភិបាល​ខេត្ត​ចាន់ថៈ​បុរី ​និង​មន្រ្តី​ពាក់​ព័ន្ធ​របស់​ប្រទេស​ថៃ ​ដើម្បី​សំរួល​ការ​នាំ​ចេញ​ស្វាយ​កែវ​រមៀត ​មៀន​ប៉ៃលិន ​និង​កសិផល​មួយ​ចំនួន​ទៀត​របស់​ខេត្ត​ប៉ៃលិន​ចូល​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​អោយ​បាន​ប្រក្រតី​ឡើង​វិញ​។​

​លោក​ជំទាវស៊ុំ ​ហៀង​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ សព្វ​ថ្ងៃនេះ​យើង​បាន​នាំ​ផ្លែ​ឈើ​របស់​ថៃ ​ មាន​ ផ្លែ​មង្ឃុត ​ស្វាយ ​និង​ប្លង់​កង់​ចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​ តែ​ដោយ​ឡែក​ខាង​ភាគី​កម្ពុជា​វិញ​នាំ​ចេញ​ទៅ​ខាង​ថៃ​មាន​តែ​ស្វាយ​កែវ​រមៀត​ប៉ុណ្ណោះ​។​ ក្នុង​ពេល​ដែល​ភាគី​គយ​ថៃ​បាន​ដាក់​របាំង​បច្ចេក​ទេស ​ហាម​មិន​អោយ​នាំ​ស្វាយ​កែវ​រមៀត​របស់​ខ្មែរ ​ចូល​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​នេះ​ ទាំង​ពាណិជ្ជករ​ខ្មែរ​​ ក៏​ដូច​ជា​ពាណិជ្ជករ​ថៃ​មាន​ការ​មិន​សប្បាយ​ចិត្ត​ដូច​ៗ​គ្នា​។​   (​ឃ្លីប​)​

​ជា​លទ្ធ​ផល​ក្រោយ​ពី​កិច្ច​ប្រជុំ​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​មួយ​រសៀល ​នៅ​ចំណុច​ផ្សារ​បាន​ផា​កាត​ ស្រុក​ពោណាំ​រ៉ន​ប្រទេស​ថៃ,​ ភាគី​ថៃ​បាន​អនុញ្ញាត​អោយ​នាំចូល​ផ្លែ​ស្វាយ​ កែវ​រមៀត ​មៀន​ប៉ៃលិន ​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​ដូច​ធម្មតា​ឡើង​វិញ ​សំរាប់​ទឹក​ដី​ខេត្ត​ចាន់​ថៈ​បុរី​ ហើយ​អភិបាល​ខេត្ត​ចាន់​ថៈ​បុរី ​ក៏​បាន​សន្យា​នឹង​ពិភាក្សា​ជា​មួយ​ថ្នាក់​លើ​របស់​ខ្លួន​សំរួល​ការ​នាំ​ផ្លែ​ស្វាយ​កែវ​រមៀត​នេះ​ ទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀត​ និង​ទីក្រុង​បាង​កក​ផង​ដែរ​។​

​(​ឃ្លីប​ឯក​ឧត្តម​អៀង​ វុធ​)​

​ក្នុង​ឱកាស​នោះ​ដែរ​ លោក​សុខ ​សាធីម ​ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ លោក ​សាយ ​សុផាត ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ក៏​បាន​ពន្យល់​ណែនាំ​អោយ ​ពាណិជ្ជករ​ និង​កសិករ​ខ្មែរ​ត្រូវ​ខិត​ខំ​សំរិត​សំរាំង​គុណ​ភាព​កសិផល​របស់​ខ្លួន​អោយ​បាន​ល្អ ​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​កំណត់ ​។ ​ម្យ៉ាង​ទៀត​ក៏​ត្រូវ​មាន​ការ​ចង​ក្រង​គ្នា​ជា​សមាគមន៍​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជជែក​តវ៉ា​ជា​មួយ​ភាគី​ប្រទេស​ថៃ​ក្នុង​ករណី​មិន​ប្រ​ក្រតី​ឬ ​ការ​គាប​សង្កត់​អ្វី​មួយ​ មក​លើ​ភាគី​ពាណិជ្ជករ​ខ្មែរ​យើង​។​

cpp-16-09-2016-001 cpp-16-09-2016-002 cpp-16-09-2016-003 cpp-16-09-2016-004vv

[youtube id= “oJQTo_8489I”]