គោយន្តកន្រ្តៃរបស់ប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ជាង៣០០គ្រឿងទទួលបានកាតបិតស្ទិកគ័រ ចំណាំងផ្លាត


(29-08-2016) ប៉ៃលិន៖ ​ថ្ងៃទី២៩ ​ខែសីហា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​ បាន​ដឹកនាំ​មន្រ្តី​ជំនាញ​នៃ​មន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត ​អញ្ជើញ​ចុះ​បិត​ស្ទិក​គ័រ​ចំណាំង​ផ្លាត​ដល់​គោយន្ត​កន្រ្តៃ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន ​ចំនួន​ជាង​៣០០​គ្រឿង​ ដើម្បី​បញ្ជៀស​នូវ​គ្រោះ​ថ្នាក់​ចរចរ​នៅ​ពេល​យប់ ​ខណៈ​ពេល​ដែល​គោយន្ត​កន្រ្តៃ​ទាំង​នេះ​កំពុង​បើកបរ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​។​

​លោក​ឌឹន ​គឹម ​ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា តាម​ការ​ណែនាំ​របស់​ឯក​ឧត្តម ​ស៊ុន ​ចាន់​ថុល ​ទេស​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ ការ​បិត​ស្ទិក​ក័រ​ចំណាំង​ផ្លាត​នេះ ​គឺ​ត្រូវ​ធ្វើ​នៅ​គ្រប់​គោយន្ត​កន្រ្តៃ ​និង​យាន​ជំនិះ​មួយ​ចំនួន​ទៀត​ នូវ​ទូទាំង​ខេត្ត​ប៉ៃលិន​។​ លោក​បាន​បន្ត​ថា ​ការ​បិត​ស្ទិក​គ័រ​ចំណាំង​ផ្លាត​នេះ ​គឺ​ជួយ​អោយ​អ្នក​បើក​បរ​ម៉ូតូ​ ឬ​ឡាន​ផ្សេង​ទៀត​បាន​មើល​ឃើញ​ថា  ​មាន ​គោយន្ត​កន្រ្តៃ​នៅ​ខាង​មុខ ​ងាយ​ស្រួល​ដល់​អ្នក​បើក​ម៉ូតូ ​ឬ​ឡាន​នោះ គេច​ចេញ​បញ្ជៀស​បាន​នូវ​គ្រោះ​ថ្នាក់​ចរាចរ​។​

​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​បច្ចុប្បន្ន​នេះ​ ប្រទេស​ជាតិ​យើង​មាន​សុខ ​សន្តិភាព​ពេញ​លេញ  ​ក្រោម​នយោបាយ​ឈ្នះ ​ឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​យើង​លែង​លំបាក​វេទនា​ លេង​ស្លាប់​ដោយ​សារ​សង្គ្រាម​ទៀត​ហើយ​។ ​ប៉ុន្តែ​ស្រប​ពេល​ដែល​យើង​មាន​សុខ ​សន្តិ​ភាព ​មាន​ការ​អភិវឌ្ឍន៍ ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ស្ពាន ​ថ្នល់​ខ្វាត់​ខ្វែង ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ​យើង​បាន​ប្រឈម​ខ្លាំង​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ ដែល​បាន​បំផ្លាញ​អាយុ​ជីវិត ​និង​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ ​យើង​ជា​រៀង​រាល់​ថ្ងៃ​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ​ការ​បិត​ស្ទិក​ក័រ​ចំណាំង​ផ្លាត​នេះ​ជា​ចំណែក​មួយ​ជួយ​បញ្ជៀស​កុំ​អោយ​មាន​គ្រោះថ្នាក់​ចរាចរ ​ប៉ុន្តែ​ ស្ទិក​ក័រ​ចំណាំង​ផ្លាត​នេះ​វា​មិន​គ្រប់​គ្រាន់​ទេ ​ដើម្បី​ការពារ​កុំ​អោយ​មាន​គ្រោះ​ថ្នាក់​ចរាចរ​ទាំង​ស្រុង​នោះ​លុះ​ត្រា​តែ​មនុស្ស​គ្រប់​រូប​ត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរ​អោយ​បាន​គ្រប់គ្នា, ​បើក​បរ​ត្រូវ​គោរព​សិទ្ធ​អាទិភាព​អ្នក​ដទៃ​ បើក​បរ​កុំ​អោយ​ហួស​ល្បឿន​កំណត់ ​កុំ​បើក​បរ​ក្នុង​ភាព​ស្រវឹង​ស្រា ​ឬ​គ្រឿង​ញៀន ​បើក​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថភាព​។​ ឯក​ឧត្តម​ក៏​បាន​ណែនាំ​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​បោះ​ឆ្នោត​អោយ​បាន​គ្រប់គ្នា​ ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ឃុំ ​សង្កាត់ ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ ដែល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ត្រូវ​ចាប់​ផ្តើម​ពីថ្ងៃទី១ ​ខែកញ្ញា​ឆ្នាំ២០១៦​ នេះ​តទៅ ​រហូត​ដល់​ថ្ងៃទី២៩ ​ខែវិច្ឆិការ​ឆ្នាំ​២០១៦​។​

cpp-29-08-2016-001 cpp-29-08-2016-002 cpp-29-08-2016-003 cpp-29-08-2016-004 cpp-29-08-2016-005 cpp-29-08-2016-006vv

[youtube id= “ib6uwzI8N1w”]